Connect with us

ព័ត៌មានជាតិ

ក្រសួង​២ ច្រានចោល​ការផ្សាយ​រប​ស់​សារព័ត៌មាន Asia Times

បានផុស

នៅ

ក្រសួង​ប្រៃសណីយ៍ និង​ក្រសួងសុខាភិបាល បានចេញ​សេចក្តីថ្លែងការណ៍​មួយ ប្រកាស​ច្រានចោល​ទាំង ស្រុង របស់​សារព័ត៌មាន​អាស៊ាន​ថា​ម​ស៍ (Asia Times) និង​បាន​ចាត់ទុកថា ជា​ព័ត៌មាន​ប្រឌិត បំផ្លើស​គ្មាន​ការពិត​។​

​បើតាម​ក្រសួង​ប្រៃសណីយ៍ និង​ក្រសួង សុខាភិបាល កាលពី​ថ្ងៃទី​១០ ខែមិថុនា សារព័ត៌មាន​អាស៊ាន​ថា​ម​ស៍ (Asia Times) នៅ​ទីក្រុង​ហុងកុង បាន​ផ្សព្វផ្សាយ​ព័ត៌មាន​បំផ្លើស​អំពី ប្រព័ន្ធ QR Code “​ទប់ស្កាត់​កូ​វីដ Stop Covid” ក្រោម​ចំណងជើង​ថា “​ចិន​គាបសង្កត់​កម្ពុជា ដើម្បី​ទទួលបាន​ទិន្នន័យ ក្នុង​ប្រព័ន្ធ​ទប់ស្កាត់​កូ​វីដ (China squeezes Cambodia for its Covid app data)” ដោយ​លើកឡើងថា រាជរដ្ឋាភិបាល បាន​ប្រើប្រាស់​ប្រព័ន្ធ​នេះ ដើម្បី​ទាញយក​ទិន្នន័យ​និង​តាមដាន​ប្រជាពលរដ្ឋ និង​បាន​ប្រឌិត​ថា ឯកអគ្គរដ្ឋទូត​ចិន​បាន​ជួប​មន្ត្រី​កម្ពុជា ដើម្បី​ស្នើសុំ​ទិន្នន័យ​ឯកជន​របស់​ប្រជាពលរដ្ឋ តាម រយៈ​ប្រព័ន្ធ QR Code ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទង​ការ​លើកឡើង​នេះ ក្រសួង​ប្រៃសណីយ៍ និង​ក្រសួងសុខាភិបាល ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​នេះ ដោយ​ចាត់ទុកជា​ព័ត៌មាន​បំភ្លៃ បំផ្លើស ដែល​បំពុលសង្គម និង​មតិ​សាធារណៈ ព្រមទាំង​ញុះញង់​ក្នុង​គោលបំណង​រារាំង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ អនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្រសួង​ទាំងពីរ​បាន​ពន្យល់​ថា ​ទី​១. ប្រព័ន្ធ QRCode“​ទប់ស្កាត់​កូ​វីដ Stop Coiel” ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​បន្ទាប់ពី​មាន “​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​” ដើម្បី​ចូលរួមចំណែក​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ។ ប្រព័ន្ធ​នេះ មិនមែន​ត្រូវបាន​ប្រើប្រាស់​តែ​នៅ​កម្ពុជា​នោះទេ គឺមាន​ប្រើប្រាស់​នៅក្នុង​ប្រទេស​ជាច្រើន ក្នុង​តំបន់ និង​ពិភពលោក ក្នុងពេល​ជំងឺ​នេះ​កំពុង​រីក​រាលដាល​។ ប្រព័ន្ធ QR Code នេះ កត់ត្រា​លេខ​ទូរ​សព្ទ​តែមួយគត់ ដោយ​មិន​ប្រមូល​ទិន្នន័យ​ឯកជន​ផ្ទាល់ខ្លួន ឬ​គន្លង​ធ្វើដំណើរ​របស់​អ្នកប្រើប្រាស់​នោះទេ​។ ការដាក់ឱ្យ ប្រើប្រាស់​ប្រព័ន្ធ QR Code នេះ មាន​គោលបំណង​ការពារ​សុខភាព​ប្រជាពលរដ្ឋ នៅពេល​មាន​ជំងឺ​រីក​រាលដាល ជាស​កល ដូច​មានចែង​ក្នុង​មាត្រា​៧២ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​១២ នៃ​កតិកា សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ (ICESCR) ព្រមទាំង​ច្បាប់​និង​លិខិតបទដ្ឋាន គតិយុត្ត​ជា​ធរមាន​។ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍ​និង គ្រប់គ្រង​ប្រព័ន្ធ QR Code នេះ ដោយ​ខ្លួនឯង ស្របតាម​ស្តង់ដារ​បច្ចេកទេស​អន្តរជាតិ ។ ជាក់ស្តែង ក្រសួង ស្ថាប័នរដ្ឋ ស្ថានទូត ក្រុមហ៊ុន អង្គការ​ជាតិ​និង​អន្តរជាតិ និង​ម្ចាស់​ទីតាំង​នានា បាន​លើកទឹកចិត្ត​ដល់ ប្រជាពលរដ្ឋ និង​បុគ្គលិក​របស់ខ្លួន ឱ្យប្រើ​ប្រាស់​ប្រព័ន្ធ​នេះ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន សុខុមាលភាព​សាធារណៈ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​ទី​២. សារព័ត៌មាន Asia Times បាន​ប្រឌិត​ថា ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​បាន ជួប​ជាមួយ​មន្ត្រី​កម្ពុជា ដើម្បី​ស្នើសុំ​ទិន្នន័យ​ឯកជន​របស់​ប្រជាពលរដ្ឋ តាមរយៈ​ប្រព័ន្ធ QR Code ថ្មី​នេះ​។ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ក្រសួង​សុខាភិ​បាល សូម​បដិសេធ​ថា រហូតមកដល់​ពេលនេះ ក្រសួង​ទាំងពីរ​មិន​ធ្លាប់​ជួប ឬ​ទទួល​សំណើ​សុំ​យក​ទិន្នន័យ​ក្នុង​ប្រព័ន្ធ QR Code ពី​សំណាក់​ឯកឧត្តម ឯកអគ្គរដ្ឋទូត​ចិន​នោះទេ​។ នេះ​គឺជា​ការ​មួលបង្កាច់ ប្រឌិត​រឿង និង​បំផ្លើសការពិត​ទាំងស្រុង​។​

​បើតាម​ក្រសួង​ប្រៃសណីយ៍ និង​ក្រសួងសុខាភិបាល ការផ្សព្វផ្សាយ​អត្ថបទ​ព័ត៌មាន​ប្រឌិត​នេះ មាន​គោលបំណង​ប្រែក្លាយ​ការខិតខំ​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំង នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ របស់​រាជរដ្ឋាភិបាល ឱ្យទៅជា​បញ្ហានយោបាយ ដើម្បី​តែ​ផលប្រយោជន៍​របស់​ក្រុម​ខ្លួន ដោយ​ពុំ​គិត​អំពី​អាយុជីវិត និង​ស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ មកលើ​ប្រជាពលរដ្ឋ​កម្ពុជា និង​ពលរដ្ឋ​បរទេស ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា​។​

​ជាមួយគ្នា​នោះ ក្រសួង​ទាំងពីរ បានប្រកាស​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន ប្រឌិត​នេះ និង​បាន​ថ្កោលទោស​ដល់​ជន​មួយចំនួន​ដែល​ប្រឌិត​ព័ត៌មាន​មិន​ពិត ហើយ​បាន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ កុំ​ចែកចាយ​ព័ត៌មាន​មិន​ពិត​នេះ និង​សូម​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ព្រមទាំង​ចូលរួម​អនុវត្ត​វិធានការ​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​គ្រប់គ្នា ដើម្បី​កម្ពុជា​ឆាប់​បានបញ្ចប់​នូវ “​ព្រឹត្តិការណ៍ សហគមន៍ ២០​កុម្ភៈ​”៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម