ព័ត៌មានជាតិ
មុនវត្តមានកូវីដ១៩ចូលមកដល់ ! ទំហំពាណិជ្ជកម្មកម្ពុជា និងចិន សម្រេចបានប្រមាណជាង៨ពាន់លានដុល្លារ
នៅក្នុងពិធីបើកវេទិកាកម្រិតខ្ពស់ នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ ស្តីពី “ដំណើរឆ្ពោះទៅកាន់ដំណាក់កាលនៃការវិវឌ្ឍន៍ថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន” នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន កំពុងស្ថិតក្នុងដំណាក់កាលដ៏ល្អបំផុត ហើយបានក្លាយទៅជាគំរូ នៃការរួមរស់ប្រកបដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ហើយឯកឧត្តមជឿជាក់ថា ប្រទេសចិនក៏បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តារសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ទាំងក្នុងអំឡុងពេល និងក្រោយកូវីដ-១៩ ផងដែរ។

បើតាមឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន នៅឆ្នាំ២០២១នេះ កម្ពុជា និងចិន មានចំណងទំនាក់ទំនងការទូតជាមួយគ្នារយៈពេល៦៣ឆ្នាំហើយ ដែលទំនាក់ទំនងនេះ តែងរក្សាបាននូវភាពជិតស្និទ្ធនឹងគ្នា ហើយបានពួតដៃគ្នាយ៉ាងណែនជម្នះនូវការលំបាកទាំងឡាយ ទាំងក្របខណ្ឌទ្វេភាគី តំបន់ និងលើឆាកអន្តរជាតិ។ ឯកឧត្តមបន្តថា ប្រទេសកម្ពុជា និងចិន ជាប្រទេសពីរ ដែលមានប្រវត្តិទំនាក់ទំនងជាប្រពៃណី និងជាមេត្រីភាពតាំងពីយូរលង់ណាស់មកហើយ។ ទំនាក់ទំនងនេះបានស្ដែងឡើងក្នុងរូបភាពជាបងប្អូនល្អ និងជាដៃគូល្អ។ សព្វថ្ងៃប្រទេសចិន ជាប្រទេសដែលបានផ្តល់ជំនួយច្រើនជាងគេដល់កម្ពុជា។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន លើកឡើងទៀតថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ តែងឈរលើមូលដ្ឋាន នៃការគោរពអធិបតេយ្យ និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ កម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលជំហរគោរពគោលនយាបាយចិនតែមួយ និងគាំទ្រគោលនយោបាយគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) និងការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដើម្បីឈានទៅតភ្ជាប់បណ្ដាប្រទេសក្នុងតំបន់អាស៊ីទាំងមូល។

ទាក់ទងវិស័យពាណិជ្ជកម្ម និងវិនិយោគ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បញ្ជាក់ថា គិតមកដល់ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន សម្រេចបានប្រមាណជាង៨ពាន់លានដុល្លារ ហើយនៅក្នុងឆ្នាំ២០២០ កម្ពុជា និងចិនបានសម្រេចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរថែមទៀត ហើយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺជាការចាប់ផ្តើម នៃយុគសម័យថ្មី នៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន អះអាងថា មិនថាស្ថិតនៅក្នុងកាលៈទេសៈបែបណាទេ ប្រទេសចិនតែងផ្តល់ការជ្រោមជ្រែង និងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍដោយសមស្របទៅនឹងស្ថានភាពរបស់ប្រទេសខ្លួន ជាពិសេស ផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជាក្នុងការរក្សាស្ថិរភាព និងពន្លឿនការអភិវឌ្ឍន៍។ ព្រមជាមួយគ្នានេះ សហគ្រាសចិនក៏បានរួមចំណែកយ៉ាងសកម្មក្នុងការកសាងស្ពាន និងផ្លូវថ្នល់នៅប្រទេសកម្ពុជា ដែលជាការរួមវិភាគទានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន នៃប្រទេសកម្ពុជាផងដែរ។
ក្នុងវេទិកានោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ក៏បានលើកឡើងពីការចូលរួមរបស់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា ដោយបានថ្លែងថា នៅក្នុងស្ថានភាពលំបាក ដែលកម្ពុជាកំពុងតស៊ូប្រយុទ្ធជាមួយនឹងជំងឺរាតត្បាតកូវីដ-១៩នេះ ចិនបានជួយដល់កម្ពុជាយ៉ាងក្លៀវក្លា ទាំងជំនួយផ្នែកបច្ចេកទេស ទាំងផ្នែកសម្ភារៈ និងទាំងវ៉ាក់សាំង និងបានសម្របសម្រួល និងផ្ដល់អាទិភាពដល់កម្ពុជាក្នុងការបញ្ជាទិញវ៉ាក់សាំងថែមទៀតផង។

សូមបញ្ជាក់ថា នៅក្នុងវេទិកាកម្រិតខ្ពស់ នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ ស្តីពី “ដំណើរឆ្ពោះទៅកាន់ដំណាក់កាលនៃការវិវឌ្ឍន៍ថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិននោះ ត្រូវបានរៀបចំឡើយដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា, លេខាធិការដ្ឋានជាតិ នៃធនាគារខួរក្បាល នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និងការិយាល័យកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន ហើយវេទិកានេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការស្វែងយល់គ្នាទៅវិញទៅមក ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និងចិន ក៏ដូចជាចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាលរបស់ប្រទេសទាំងពីរក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ឲ្យកាន់តែជិតស្និទ្ធ ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរឲ្យកាន់តែល្អ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី