ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរាបិទការឡើងចុះទស្សនាតាមផ្នែកខាងលិចនៃប្រាសាទភិមានអាកាសជាបណ្តោះអាសន្ន
អាជ្ញាធរជាតិអប្សរាបានប្រកាសបិទការឡើងចុះទស្សនាតាមផ្នែកខាងលិចនៃប្រាសាទភិមានអាកាស ដែលស្ថិតនៅក្នុងបរិវណអតីតព្រះរាជវាំងក្រុងអង្គរធំ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០២១នេះតទៅ ដោយសារប្រាសាទមានសភាពទ្រុឌទ្រោមខ្លាំង។
យោងតាមសេចក្តីជូនដំណឹងអាជ្ញាធរជាតិអប្សរាដែលទើបទទួលបាននៅថ្ងៃនេះបានឱ្យដឹងថា ការបិទការឡើងចុះទស្សនាតាមផ្នែកខាងលិចនៃប្រាសាទភិមានអាកាស ដោយសារបច្ចុប្បន្នប្រាសាទនេះកំពុងមានសភាពទ្រុឌទ្រោមប្រឈមហានិភ័យខ្ពស់ដោយសារកត្តាអាយុកាល និងធម្មជាតិ។

អាជ្ញាធរជាតិអប្សរាបានបន្តថា ដោយសង្កេតឃើញពីបញ្ហាចំពោះមុខនេះ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បាននឹងកំពុងសិក្សាលើចំណុចប្រឈមនានា ដើម្បីលើកគម្រោងសម្រាប់ការងារជួសជុលបន្ទាន់។
អាជ្ញាធរជាតិអប្សរាបានបន្តទៀតថា « ក្នុងន័យដើម្បីសម្រួលការងារនេះ ក៏ដូចជាដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទូទៅ អាជ្ញាធរជាតិអប្សរានឹងបិទការឡើងចុះទស្សនាប្រាសាទភិមានអាកាស តាមច្រកផ្នែកខាងលិចជាបណ្តោះអាសន្នគិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១តទៅ រហូតដល់ការដ្ឋានត្រូវបានជួសជុលរួចរាល់»។

បើយោងតាមប្រភពពីសហភាពសហព័ន្ធយុវជនកម្ពុជា ផ្នែកវិស័យបេតិកភណ្ឌបានបញ្ជាក់ឱ្យដឹងថា៖ តាមសិលាចារឹកប្រាសាទភិមានអាកាស មានឈ្មោះថា ហេមស្រឹង្គគិរី ត្រូវបានស្ថាបនាដំបូងនៅដើមសតវត្សទី១០ ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ ដោយកម្រតាញស្រីសត្យាស្រ័យរវាងឆ្នាំ៩១០
ហើយបន្តកសាងក្នុងរាជ្យក្រោយៗទៀត។
ប្រាសាទភិមានអាកាស ស្ថិតនៅក្នុងភូមិនគរក្រៅ ឃុំគោកចក ស្រុកនគរធំខេត្តសៀមរាប។ប្រាសាទនេះ ជាព្រះបរមរាជវាំងរបស់ព្រះរាជាច្រើនជំនាន់ រួមមានព្រះបាទរាជេន្ទ្រវរ្ម័នទី២ ពាក់កណ្ដាលស.វ.ទី១០, ព្រះបាទជ័យវរ្ម័នទី៥ ចុងសតវត្សទី១០ និងព្រះបាទសូរ្យវរ្ម័នទី១ ដើមសតវត្សទី១១ ជាដើម។ ទ្រង់បានយកប្រាសាទហេមស្រិង្គគិរី ធ្វើជាប្រាសាទសម្រាប់រាជ្យ និងសម្រាប់ការគោរពបូជាដល់អាទិទេព។
តាមកំណត់ត្រារបស់អ្នកការទូតចិន ជីវ តាក្វាន់ ហេមស្រឹង្គគិរីផែដោយមាសភ្លឺចាំងចិញ្ចែងចិញ្ចាចអស្ចារ្យក្រៃលែង និងមានរឿងដំណាលមួយថា រាល់រាត្រីព្រះរាជា ត្រូវយាងចូលទៅក្នុងប្រាង្គមាសនោះ ដើម្បីជួបនឹងនាគក្បាលប្រាំបួន ដែលកាឡាខ្លួនជាស្រីស្អាតម្នាក់មុននឹងយាងចូលក្រឡាបន្ទំជាមួយអគ្គមហេសី បើព្រះរាជាអវត្តមាន ឬនាងនាគពុំបង្ហាញខ្លួន គេជឿថា នឹងមានគ្រោះអាក្រក់កើតឡើង។

ប្រាសាទភិមានអាកាស កសាងពីថ្មភក់ មានទម្រង់ជាប្រាសាទភ្នំ នៅលើគ្រឹះថ្មបាយក្រៀមបីជាន់។ គ្រឹះថ្មបាយក្រៀមទាំងពីរជាន់ មានរាងបួនជ្រុងទ្រវែង ហើយមួយជាន់ៗ មានកម្ពស់៤ម៉ែត្រ និងមានជណ្ដើរគ្រប់ទិសទាំងបួន។
ជាន់ក្រោមបង្អស់ មានទទឹងជើង-ត្បូង ប្រវែង២៨ម៉ែត្រ និងបណ្ដោយកើត-លិចប្រវែង៣៥ម៉ែត្រ។ នៅអមសងខាងជណ្ដើរឡើង ត្រង់មុំជ្រើងគ្រឹះទាំងបីជាន់មានចម្លាក់រូបសិង្ហ និងរូបដំរី៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


