ដឹងមូលហេតុ ដែល​បណ្ដាលឲ្យពុល​ទឹកអណ្ដូងនៅ​កំពង់ឆ្នាំង ធ្វើឲ្យ​មនុស្សស្លាប់២នាក់ ចូលសង្គ្រោះបន្ទាន់១៣នាក់ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ដឹងមូលហេតុ ដែល​បណ្ដាលឲ្យពុល​ទឹកអណ្ដូងនៅ​កំពង់ឆ្នាំង ធ្វើឲ្យ​មនុស្សស្លាប់២នាក់ ចូលសង្គ្រោះបន្ទាន់១៣នាក់

Published

on

កំពង់ឆ្នាំង ៖ ដឹងមូលហេតុពិត ដែលបណ្ដាលឲ្យ​ពុល​ទឹក​អណ្ដូងនៅកំពង់ឆ្នាំង ធ្វើឲ្យស្លាប់មនុស្ស២នាក់ និង ចូលសង្គ្រោះបន្ទាន់១៣នាក់ហើយ គឺដោយសារទឹកអណ្ដូង មានសារធាតុគីមី ដែលកសិករ​ដាំ​ឪឡឹក​ក្បែរ​នោះ បាន​យក​ធុង​ថ្នាំ​លាយ និង​លាង​ធុង​ថ្នាំ​។

បើ​តាម​របាយការណ៍​របស់ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ស្តីពី​ករណី​សង្ស័យ​ពុល​ទឹក​ដែល​មាន​សារធាតុ​គីមី​ពុល​នៅ​ភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ជន​រងគ្រោះ​ដែល​ពុល​ថ្នាំ​គីមីបាញ់​នៅ​ចំការ​ឪឡឹក​ មាន​ចំនួន​សរុប​១៣​នាក់ ក្នុងនោះ​ស្រី​៨​នាក់ ប្រុស​៥​នាក់ ដែល​មាន​អាយុ​ពី ៤​ឆ្នាំ ដល់ ៥៣​ឆ្នាំ ហើយ មាន​អ្នក​ស្លាប់​ចំនួន២​នាក់ ស្រី​ទាំងពីរ​នាក់ និង អ្នក​សម្រាក​នៅ​សង្គ្រោះបន្ទាន់​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ចំនួន ១០​នាក់ និង​មាន​បុរសម្នាក់ មាន​សភាព​ធ្ងន់ធ្ងរ​។

លោកជំទាវ ឱ វណ្ណឌីន បានសរសេរនៅ​ក្នុងបណ្ដាលសង្គមតេឡេក្រាមទៀតថា តាម​ការសាកសួរ អ្នកភូមិ​ជី​ប្រ៉​ង ទាំងចាស់ និង​ក្មេង​បាន​ទៅ​ច្រូតស្រូវ​នៅ​ព្រៃ​អូរ​គគីរ ឃុំ​ជៀប ចាប់ពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ រហូតដល់​ថ្ងៃ​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ពេលព្រឹក​ថ្ងៃទី​២៤ ប្រហែល​ម៉ោង​១១​ថ្ងៃត្រង់ ខណៈពេល​ពួក​គាត់​អស់​ទឹក​ញាំ ក៏បាន​ទៅ​ដងទឹក​អណ្តូង​ដែល​គេ​ជីក​នៅ​តាម​វាលស្រែ​យក​ទឹក​សម្រាប់​ប្រើប្រាស់ និង​យក​មក​ចែក​គ្នា​បរិភោគ​ពេលបាយ​ថ្ងៃត្រង់ (​សូម​បញ្ជាក់​ថា​ ពេលព្រឹក​នោះ មាន​គេ​ឃើញ​កសិករ​ដាំ​ឪឡឹក​ក្បែរ​នោះ បាន​យក​ធុង​ថ្នាំ​លាយ និង​លាង​ធុង​ថ្នាំ​នៅ​ទីនោះ។

ក្រោយពី​ពិសារ​ទឹក​នោះ​បន្តិច​មក មាន​ស្ត្រី​ម្នាក់​ចេញ​សញ្ញា​ក្អួតចង្អោរ តែ​មិនមាន​អ្នក​ចាប់អារម្មណ៍​ថា​ពុល​ថ្នាំ ស្មានថា​ខ្យល់ចាប់ និង​ជា​បន្តបន្ទាប់​មាន​អ្នក​អស់កម្លាំង ឈឺក្បាល ទន់​ដៃជើង ពិបាក​ដកដង្ហើម និង​មាន​រហូតដល់​ស្លាប់​២​នាក់ ហើយ​អ្នក​ធ្ងន់​ម្នាក់​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង និង​តាមដាន​ជា​បន្ត ១០​នាក់​ផ្សេងទៀត​នៅ​ថ្ងៃ​នោះ​ភ្លាមៗ​។

ប​ច្ចុ​ប្បន្ន ស្ថានភាព​អ្នក​ពុល​ទាំង​១០​នាក់ មាន​សភា​ព​បាន​ធូរស្រាល​បាន​ចេញ​ត្រឡប់​ទៅផ្ទះ​សម្បែង​រៀងៗ​ខ្លួន​នៅ​ថ្ងៃទី​២៧ នេះ​ តែ​ស្ត្រី​ម្នាក់​អាយុ​៥៣​ឆ្នាំ​ក៏បាន​ធូរ​ស្បើយ​ពី​ការ​ពុល​នេះ​ហើយ តែ​ត្រូវ​នៅ​បន្ត​ព្យាបាល​ដោយសារ​គាត់​មាន​ជំងឺ​សួត ដែល​ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​ឃើញ៕
កែសម្រួល​ដោយ ៖ នាគព័ន្ធ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម