Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ៖​ ពន្លឿនការអនុវត្តកម្មវិធី​កិច្ចសហប្រតិបត្តិការ​ និងសាមគ្គី​ ដើម្បីធានាការ​​ងើបឡើង​នៃសេដ្ឋកិច្ច​ ក្រោយបញ្ចប់វិបត្តិកូវីដ១៩​

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ទោះបីជាយើងរំពឹងថា វិបត្តិជំងឺកូវីដ-១៩​អាច នឹងធូរស្រាលនាពេលខាងមុខ ដោយសារសន្ទុះ និងការពង្រីកវិសាលភាព នៃការចាក់វ៉ាក់សាំងតាមប្រទេសនីមួយៗ ពិភពលោកនៅតែប្រឈម និងហានិភ័យនៃការមកដល់នូវរលកថ្មីៗនៃជំងឺបំប្លែងថ្មី Delta។

សម្ដេចតេជោ ហ៊ុន សែនថ្លែងបញ្ជាក់ថា វីរុសដែលតា នឹងបន្តការរំខានដល់សកម្មភាព សង្គម និងសេដ្ឋកិច្ចរាប់ចាប់ពីសុខភាពសាធារណៈ រំហូរទេសចរ រហូតដល់ការរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបរិការណ៍នេះយើងចាំបាច់ត្រូវពន្លឿនការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការរបស់យើង និងលើកកម្ពស់សាមគ្គីភាពប្រកបដោយភាពហ្មត់ចត់ក្រោមយន្តការពហុភាគីនិយមដើម្បីធានាបាននូវការងើបឡើងវិញយ៉ាងរឹងមាំនៃការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចក្រោយ ពេលវិបត្តិនេះបានបញ្ចប់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ក្រោមមូលបទ “មហាអនុតំបន់មេគង្គ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់ និងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី ” តាមរយៈប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ដែលកម្ពុជាធ្វើជាប្រធាននៃកិច្ចប្រជុំ និងដោយមាននាយករដ្ឋមន្រ្តីនៃប្រទេសចំនួន ៥ ទៀតចូលរួមមានចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គជាពិសេសការសម្រេចបានលទ្ធផលជាវិជ្ជមានលើគ្រប់វិស័យ បានរួមចំណែកដល់ការតភ្ជាប់តំបន់ ការលើកកម្ពស់ភាពប្រកួតប្រជែង និងការកសាងសហគមន៍ តាមរយៈការអនុវត្តបានពេញលេញនូវក្របខ័ណ្ឌយុទ្ធសាស្ត្រមហា អនុតំបន់មេគង្គ ឆ្នាំ២០២២ ផែនការសកម្មភាពហាណូយ និងក្របខ័ណ្ឌវិនិយោគតំបន់ ចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី៦ នៅឆ្នាំ២០១៨ មកដល់ពេលនេះ។

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា តទៅមុខ កិច្ចសហប្រតិបត្តិការរបស់យើងពិតជាមានភាពចាំ​បាច់ជាយុទ្ធសាស្ត្រក្នុងការបន្តធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ បន្ថែមទៀតដើម្បីប្រែក្លាយការគំរាមកំហែងពីវិបត្តិទៅជាកាលា នុវត្តភាពសម្រាប់ការអភិវឌ្ឍតំបន់របស់យើង។

សម្ដេចថ្លែងថា “ក្របខ័ណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គឆ្នាំ២០៣០” ជាមួយនឹងការដាក់ចេញនូវសេចក្តីថ្លែងការណ៍បេសកកម្មថ្មី “កម្មវិធី សហប្រតិបត្តិការអនុតំបន់ ដែល ផ្តោតសារៈសំខាន់លើកម្លាំងស្នូលនៃសហគមន៍,ការតភ្ជាប់និងភាពប្រកួតប្រជែងទន្ទឹមគ្នានឹងការប្រកាន់យកនូវគោលការណ៍គន្លឹះនៃចីរ ភាពនិងភាពធន់នៃបរិស្ថាន ដែលមានសមាហរណកម្មទាំងក្នុង និងក្រៅ និងបរិយាបន្ន ដើម្បីកសាង​សហគមន៍​មហាអនុតំបន់មេគង្គដែលមានអនាគតរួមគ្នា” នឹងក្លាយជា សសរស្តម្ភដ៍រឹងមាំមួយសម្រាប់មហាអនុតំបន់មេគង្គ ឆ្លើយតបបានគ្រប់គ្រាន់ទៅនឹងបញ្ហាប្រឈម បច្ចុប្បន្នជាពិសេសជួយពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងសង្គមក្នុងបរិការណ៍ ដែលតំបន់និងសកលលោកកំពុងប្រែប្រួលយ៉ាងឆាប់រហ័សបែបនេះ។

សម្ដេចតេជោ ហ៊ុន សែនបន្តទៀតថា ក្នុងកម្រិតតំបន់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមេគង្គ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺទទួលបាន​ការកាត់បន្ថយផលប៉ះពាល់ដល់កិច្ចដំណើរការនៃសេដ្ឋកិច្ច និងធានាលំនឹង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សម្រាប់កម្ពុជា រាជរដ្ឋាភិបាលក៏បានបន្តខិតខំគ្រប់គ្រងសភាពការណ៍ជំងឺកូវីដ១៩ ដោយផ្តោតលើកិច្ចការអាទិភាពមួយចំនួនដូចជាការចាក់វ៉ាក់សាំងឱ្យប្រជាជននិងការអនុវត្តវិធាន ការសុខាភិបាល រដ្ឋបាល និងច្បាប់នានា ដើម្បីកាត់បន្ថយការឆ្លងនៅក្នុងសហគមន៍។

ទោះជាយ៉ាងនេះ ក្តីរលកថ្មីនៃជំងឺកូវីដ-១៩នៅតែបង្កផលប៉ះពាល់ដ៏ស្រួចស្រាល់ មកលើសេដ្ឋកិច្ចកម្ពុជាជាអាទីនៅក្នុងវិស័យវាយនភណ្ឌ ទេសចរណ៍ និងវិស័យសេវាខ្លះទៀតដែលជាកត្តានាំឱ្យការងើបឡើងនៃសេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២១នេះនៅតែ ប្រឈមនឹងភាពមិនប្រាកដប្រជា។

ក្នុងបរិការណ៍នេះសម្តេចយល់ថា កិច្ចខិតខំរួមរបស់យើងពិតជាមានសារៈសំខាន់ណាស់សម្រាប់ការស្តារ និងជំរុញសកម្មភាពសេដ្ឋកិច្ចរបស់យើង ឱ្យ មានកំណើនជាថ្មីជា ពិសេសតាមរយៈការដាក់ចេញនូវ “ការឆ្លើយតបនឹងជំងឺកូវីដ១៩ និងផែនការស្តារឡើងវិញឆ្នាំ២០២១-២០២៣” នាពេលនេះ ដើម្បីចាត់វិធានការទាន់ពេលវេលានិងប្រ កបដោយការ ទទួលខុសត្រូវរួមគ្នាខ្ពស់ ក្នុងការធានានូវប្រតិបត្តិការដោយរលូននៃខ្សែច្រវាក់ផ្គត់ផ្គង់ពាណិជ្ជកម្ម វិនិយោត ទេសចរណ៍ និងការការពារសុខភាពសាធារណៈ ក្នុងតំបន់។

សម្ដេចតេជោ បន្តថា ចំពោះកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩នាពេលបច្ចុប្បន្នខ្ញុំសូមឆ្លៀតឱកាសនេះវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សាធារណរដ្ឋប្រជាមានិតចិនក្នុងការផ្គត់ផ្គង់វ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូរឹង-១៩ ដល់ប្រទេសក្នុងតំបន់។

ក្នុងបរិការណ៍នេះសម្តេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណរដ្ឋប្រជាមានិតចិនដែលបានផ្តល់ជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ជូនដល់ប្រជាជន កម្ពុជា។ ទន្ទឹមនេះខ្ញុំសូមថ្លែងអំណរគុណផងដែរដល់សហគមន៍អន្តរជាតិដែលបាន ចែករំលែកនិងផ្តល់វ៉ាក់សាំង តាមរយៈកម្មវិធីកូក់(COVAX) របស់អង្គការសុខភាពពិភពលោក និងជំនួយទ្វេភាគីជូនដល់កម្ពុជា។

នេះបង្ហាញឱ្យឃើញពីមិត្តភាពនិងសាមគ្គីភាព ក្នុងស្ថានភាពអាសន្នមួយ ដូច ដែលខ្ញុំធ្លាប់បានលើកឡើងថា “ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក” ដែលនឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរឆ្ពោះទៅរកប្រក្រតីភាពឡើងវិញនិងការ ស្តារសេដ្ឋកិច្ចក្រោយ វិបត្តិជំងឺកូវីដ-១៩។

បើតាមប្រមុខដឹកនាំរាជរដ្ឋាភិបាល ពិតណាស់ថាក្នុងបរិការណ៍ដ៏លំបាកនេះភារកិច្ចចំពោះមុខរបស់យើងជាបន្តទៀត មិនមែនត្រឹមតែផ្តោតលើការកំណត់ទិសដៅយុទ្ធសាស្ត្រនិងការរៀបចំផែនការអនុវត្ត ដើម្បីធានាការស្តារ ឡើងវិញនូវវិបុលភាពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវគិតគូរផងដែរនូវការស្វះស្វែងកៀរគរប្រភព ហិរញ្ញប្បទានបន្ថែម ជាពិសេសការបន្សាការផ្ដុំផ្សំ និងបំពេញឱ្យគ្នាទៅវិញទៅមកជាមួយនឹងហិរញ្ញប្បទានក្រោមកិច្ចសហប្រតិបត្តិការក្នុងតំបន់មេគង្គដទៃទៀតដើម្បីប្រែក្លាយតម្រោងទាំងឡាយរបស់យើងឱ្យទៅ ជាលទ្ធផល ជាក់ស្តែង។

ទន្ទឹមនឹងនេះការចាប់ដៃគួរវាងវិស័យសាធារណៈនិងវិស័យឯកជន គឺជាយន្តការ គន្លឹះមិនអាចខ្វះបាន ដែលនឹងជួយសម្រួលដោះស្រាយការលំបាកផ្នែក ហិរញ្ញ ប្បទានរបស់យើង។

ក្រៅពីនេះ ពាក់ព័ន្ធនឹងការតភ្ជាប់តំបន់ ដែលជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ សម្ដេចបញ្ជាក់លើសារៈសំខាន់នៃការតភ្ជាប់ឌីជីថលសម្រាប់ការប៉ះ ប៉ូវផលិតភាពដែលបាត់បង់ដោយ​សារវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ដូចនេះកម្ពុជាសូមលើកទឹកចិត្តឱ្យកិច្ច សហប្រតិបត្តិការមហាអនុតំបន់មេគង្គផ្តោតចម្បងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការធ្វើសមាហរណកម្មសេដ្ឋកិច្ចឌីជីថល និងការធ្វើបច្ចុប្បន្នភាពលើកម្លាំងពល កម្មជំនាញស្របតាមយុគសម័យឧស្សាហកម្ម៤.០ ក្នុងដំណាក់កាលនៃការស្តារសម្បទាសេដ្ឋកិច្ច ឡើងវិញ ដើម្បីរក្សាសេដ្ឋកិច្ចរបស់យើងឱ្យមានភាពប្រកួតប្រជែងខ្ពស់។ លើសពីនេះទៀត ការអភិវឌ្ឍ ទីក្រុងវៃឆ្លាត ថាមពលស្អាត និងប្រព័ន្ធឡូជីស្ទិកគួរត្រូវបានពង្រឹងឱ្យកាន់តែខ្លាំងថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអស់លោកជាថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គ លោក ម៉ាសាហ្សឺហ្គ អាសាកាវ៉ា ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានគាំទ្រ និងរួមសហការយ៉ាងជិតស្និទ្ធជំរុញឱ្យកម្ពុជាសម្រេចបានជោគជ័យក្នុងអាណត្តិរបស់ខ្លួនជាប្រធានមហាអនុតំបន់មេគង្គក្នុងឆ្នាំ ២០២១ នេះ៕

អត្ថបទៈ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ចរាចរណ៍១៧ នាទី មុន

ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុក​បង្គោលភ្លើងរលំ ០២ ដើម

Sokha Hotels

ព័ត៌មានពេញនិយម