Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ា​នី ​៖​ យុទ្ធនាការ​ភ្នំពេញ​ស្អាត​លើកទឹកចិត្ត​បំផុសស្មារតី​សិស្សានុសិស្ស​ឱ្យ​ចេះ​ស្រឡាញ់​បរិស្ថាន

បានផុស

នៅ

ភ្នំពេញ​ ៖ ​លោក ហ៊ុន ម៉ា​នី សមាជិក​រដ្ឋសភា​និង​ជា​សហ​ស្ថាបនិក​គម្រោង​ស្អាត បាន​មានប្រសាសន៍ថា​ គម្រោង​ភ្នំពេញ​ស្អាត​មាន​សារៈសំខាន់​ក្នុង​ការ​ចូលរួម​លើកទឹកចិត្ត​បំផុសស្មារតី​សិស្សានុសិស្ស ការ​ផ្តួចផ្តើម​គំនិត​ច្នៃប្រឌិត ភាពជា​ម្ចាស់ការ ក្នុងការ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ សំដៅ​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ទីក្រុង ទីសាធារណៈ ស្ថាប័ន​អប់រំ និង​ផ្ទះសម្បែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​បិទ​យុទ្ធនាការ​គម្រោង​ស្អាត​ឆ្នាំ​២០២០ ​នៅ​ថ្ងៃទី​២៨ ​វិច្ឆិកា​ នៅ​ក្រសួងបរិស្ថាន លោក ហ៊ុន ម៉ា​នី​បាន​បន្ត​ថា ​«​យុទ្ធនាការ​នេះ​ជាការ​ចូលរួមចំណែក​ក្នុង​ការខិតខំ​ប្រឹងប្រែង​លើកកម្ពស់​អនាម័យ និង​បរិស្ថាន​ស្អាត​ក៏ដូចជា​ជំរុញ​ការ​យល់ដឹង​ពី​ការ​ទុកដាក់​សំរាម​និង​កាកសំណល់​ឱ្យ​បាន​ត្រឹមត្រូវ​នៅតាម​ទីសាធារណៈ​សាលារៀន​និង​ង​ផ្ទះសម្បែង​»​។

យុទ្ធនាការ​ភ្នំពេញ​ស្អាត​ដែល​ជា​ផ្នែក​មួយ​នៃ​“​គម្រោង​ស្អាត​”​សម្រាប់​ឆ្នាំ​២០២០​នេះ បាន​បិទ​បញ្ចប់​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ​ជាមួយនឹង​សមិទ្ធផល​គួរ​ជាទី​មោទនៈ បន្ទាប់ពី​បាន​ដំណើរការ​ពេញ​មួយខែ​វិច្ឆិកា ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ថា​ជា​«​ខែ​ស្អាត »​។

​លោកស្រី ជា ផល្លា សហ​ស្ថាបនិក​នៃ​គម្រោង​ស្អាត បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា ​ឆ្នាំ​២០២០ ជា​ឆ្នាំ​ទី​៤​នៃ​យុទ្ធនាការ​ភ្នំពេញ​ស្អាត​។​ យុទ្ធនាការ​នេះ បានសម្រេច​បាន​នូវ​សកម្មភាព​មួយ ចំនួន​គួរ​ជាទី​មោទនៈ​ដើម្បី​ចូលរួម​ចំណែក​លើកកម្ពស់ ក៏ដូចជា​ផ្សព្វផ្សាយ​បញ្ហា​នូវ​ចំណេះដឹង​ផ្នែក​បរិស្ថាន លើ​បញ្ហា​នៃ​ការ​ទុកដាក់​សំរាម​ផ្សារភ្ជាប់​ទៅនឹង​ការ​ប្រកាន់​ខ្ជាប់​ក្បួន​អនាម័យ​ស្អាត​ក្នុង​បរិបទ​កូ​វីដ​១៩ ក្រោម​ទិស​ស្លោក «​ស្អាត​ជា​ទម្លាប់​ថ្មី​» ។

លោកស្រី ជា ផល្លា បាន​បាន​លើកឡើងថា យុទ្ធនាការ​ភ្នំពេញ​ស្អាត នៃ​គម្រោង​ស្អាត ទទួលបាន​នូវ​សំឡេង​គាំទ្រ និង ការ​ជ្រោមជ្រែង​យ៉ាង​ពេញទំហឹង​ពី​គ្រប់​មជ្ឈដ្ឋាន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​ការ​គាំទ្រ​យ៉ាង​ផុសផុល​នេះ​ជា​សក្ខីកម្ម​សបញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ប្រាកដ​ពី​ស្មារតី​នៃ​ការទទួលខុសត្រូវ ការស្រឡាញ់ ការចូលរួម​សម្អាត ការថែរក្សា បរិស្ថាន​ក្នុង​បុព្វហេតុ​ដើម្បី​លើកកម្ពស់​សោភ័ណភាព​ទីក្រុង អនាម័យ និង​សុខភាព​សាធារណៈ ដែលជា​ក្តី សង្ឃឹម​យ៉ាង​មុតមាំ​ក្នុងការ​ឈានទៅរក កម្ពុជា​គ្មាន​សំរាម​រាយប៉ាយ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែង​ថា ពាក្យស្លោក​«​ស្អាត​ជា​ទម្លាប់​ថ្មី​»​នៃ​យុទ្ធនាការ​ស្អាត​ឆ្នាំ​២០២០​នេះ បាន​ចូលរួម​ជាមួយ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុ​ជា​និង​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ការ​បង្ការ​និង​ការពារ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ទៅក្នុង​សហគមន៍​ និង​ ជា​ការ​ដាស់តឿន​ឲ្យ​ប្រជាពលរដ្ឋ​ប្រយ័ត្ន​ខ្លួន​ការពារ​ការឆ្លង​ពី​មេរោគ​នេះ​តាមរយៈ​ការអនុវត្ត​ទម្លាប់​អនាម័យ​ស្អាត ការរស់នៅ​ស្អាត​ជាប្រចាំ​និង បរិស្ថាន​ស្អាត​។

លោក​រដ្ឋ​លេខា​បាន​បន្ថែម​ថា ​យុទ្ធនាការ​ភ្នំពេញ​ស្អាត​ក្នុង​រយៈពេល​៤​ឆ្នាំ​ជាប់​គ្នា​នេះ បាន​ចូល​រួម​ចំណែក​នៅក្នុង​កា​រប​ណ្តុះ​ស្មារតី ក​ស្រឡាញ់​បរិស្ថាន ក៏ដូចជា​ពញ្ញាក់​អារម្មណ៍ និង​ផ្លាស់ប្តូរ​ឥរិយាបថ​ប្រជាពលរដ្ឋ ពិសេស​យុវជន ឱ្យ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បរិស្ថាន​។

សម្រាប់​ឆ្នាំនេះ​ក្រុមការងារ​បាន​រៀន​ចំ​គម្រោង​ទស្សនាទាន «​សាលា​បរិស្ថាន​ស្អាត​» នៃ​យុទ្ធនាការ ភ្នំពេញ​ស្អាត ឆ្នាំ​២០២០ ដែល​ជា​ផែនការ​សកម្មភាព​មួយ​របស់​គម្រោង​ស្អាត ត្រូវ​បាន​រៀបចំឡើង​ដោយមាន ការ​សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា គ្រឹះស្ថាន​អប់រំ​រដ្ឋ​និង​ឯកជន​។

​ការប្រកួតប្រជែង​នេះ​ ត្រូវ​បាន​អនុវត្ត​ដោយ​យុវជន​បង្គោល​ស្អាត​ដែល​ជា​សិស្សានុសិស្ស​គំរូ​និង​ឆ្នើម​ប្រមាណ ៨០​រូប ជ្រើស​ចេញពី​វិទ្យាល័យ ចំនួន​១៦ នៅក្នុង​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ការអប់រំ អនាម័យ និង​បរិស្ថាន​ស្អាត​នៅ តាម​បណ្តា​គ្រឹះស្ថាន​អប់រំ​រដ្ឋ និង​ឯកជន​នានា​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ យុទ្ធនាការ​ភ្នំពេញ​ស្អាត ក៏​មាន​នូវ​សកម្មភាព​មួយ​ចំនួន​ទៀត​ដូចជា ការ​បញ្ជ្រាប​សារ​តាមរយៈ​ការ​ថត​វីដេអូ​ខ្លីៗ​នៅក្នុង​បណ្តាញ​សង្គម ការ​ធ្វើ​បទ សម្ភាសន៍​នៅតាម​បណ្តា​ស្ថានីយទូរទស្សន៍​នានា ការ​ថត​វីដេអូ “​មោទនភាព​ខ្ញុំ​ស្អាត​” ដោយមាន​ការចូលរួម​ពី សិល្បករ សិល្បការិនី បុគ្គល​ល្បីៗ សិស្ស​-​និស្សិត ជាច្រើនរូប និង​ការ​ថត​ខ្សែភាពយន្ត​ភាគ​ខ្លីៗ ព្រមទាំង​ការ បំផុស​កិច្ចសហប្រតិបត្តិការ​និង​ការចូលរួម​ពី​ស្ថាប័នរដ្ឋ​ឯកជន សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល ក៏ដូចជា​ដៃគូ​អភិវឌ្ឍ តាមរយៈ​ការជំរុញ​ការ​ទទួលយក​ទស្សនាទាន “​ស្អាត​”​។​ល​។

ជា​លទ្ធផល​ជ័យលាភី​ស្អាត​ទាំង​បី “​ស្អាត​ឆ្នើម​» «​ស្អាត​និរន្តរភាព​» និង «​ស្អាត​ច្នៃប្រឌិត​» បាន​ទៅ សាលា​ស៊ីសុវត្ថិ សាលា​ប៊ែ​ល​ធី​អន្ដរជាតិ និង​សាលា​សុវណ្ណ​ភូមិ​ដែល​រង្វាន់​នេះ​បង្ហាញ​ពី​សមត្ថភាព​ភាពវាងវៃ ច្នៃប្រឌិត សាមគ្គីភាព ជាមួយនឹង​ឆន្ទៈ មនសិការ​របស់​លោក​គ្រូ -​អ្នកគ្រូ និង​ប្អូនៗ​សិស្សានុសិស្ស ក្នុង​ការ​លើកកម្ពស់​អនាម័យ​និង​សោភ័ណភាព​បរិស្ថាន​ជុំវិញ​សាលា​របស់ខ្លួន​ឲ្យ​មាន​ភាព​ស្រស់​បំព្រង​មាន​ផាសុកភាព​ព្រមទាំង​ភាពជា​គំរូ​មួយ​ដ៏​ល្អ​ប្រសើរ​ដល់​បណ្តា​សាលា​នានា ព្រមទាំង​សាធារណជន ជាពិសេស​គឺ​យុវជន ជំនាន់​ក្រោយ​ឱ្យ​យល់ដឹង​ពី​បញ្ហា​សំរាម​ឱ្យបាន​ស៊ីជម្រៅ​បន្ថែមទៀត​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម