ព័ត៌មានជាតិ
លោក ផៃ ស៊ីផាន ៖ អ្នកនាំពាក្យ មិនមែនគ្រាន់តែ អង្គុយចាំមេផ្ដល់ព័ត៌មានឲ្យទេ តែត្រូវចេះរំលេចព័ត៌មាន
ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា មន្ត្រីព័ត៌មាន ឬអ្នកនាំពាក្យ ត្រូវមានកាតព្វកិច្ចពីរយ៉ាង ដែលរួមមាន៖ កាតព្វកិច្ចផ្សព្វផ្សាយ និងកាតព្វកិច្ចឆ្លើយឆ្លង ហើយអ្នកនាំពាក្យ ឬមន្ត្រីព័ត៌មាន មិន មែនគ្រាន់តែអង្គុយចាំមេ ឬថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួន ផ្ដល់ព័ត៌មានឲ្យនោះទេ តែត្រូវចេះស្វែងរកព័ត៌មាន និងត្រូវតែចេះរំលេចព័ត៌មាន ជូនដល់ប្រជាពលរដ្ឋ សាធារណជន ក៏ដូចជាអ្នកសារព័ត៌មាន។
ការលើកឡើងយ៉ាងដូច្នេះ គ្រាដែលគេកត់សម្គាល់ឃើញថា មន្ត្រីព័ត៌មាន ឬអ្នកនាំពាក្យ នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួនតូច ហាក់មិនបានស្វែងរកព័ត៌មាន ឬផ្សព្វផ្សាយព័ត៌មានអំពីក្រសួង-ស្ថាប័ន ឬមូលដ្ឋានរបស់ខ្លួន ទៅដល់ប្រជាពលរដ្ឋឲ្យបានដឹង បានយល់នោះឡើយ។ តែទោះជាយ៉ាងណា ក៏មានមន្ត្រីព័ត៌មាន និងអ្នកនាំពាក្យ នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួនធំ បានផ្ដល់ព័ត៌មាន ជូនដល់សាធារណជន និងប្រជាពលរដ្ឋ តាមរយៈអ្នកសារព័ត៌មានយ៉ាងសកម្មដែរ។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃទី១៣ ខែកញ្ញានេះថា អ្នកនាំពាក្យ គឺជាមន្ត្រីព័ត៌មានផ្ទៃក្នុង របស់ក្រសួង ឬស្ថាប័ន ដើម្បីធ្វើព័ត៌មាន ស្វែងរកព័ត៌មាន ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋ នៅខាងក្រៅក្រសួង ឬស្ថាប័ននោះ តាមរយៈអ្នកសារព័ត៌មាន។ ភារកិច្ចមន្ត្រីព័ត៌មាន ឬអ្នកនាំពាក្យនេះ មិនមែនរង់ចាំពាក្យ របស់មន្ត្រី ឬក៏ប្រធានស្ថាប័ន ផ្ដល់មកឲ្យខ្លួននោះទេ តែជាអ្នកសារព័ត៌មានផ្ទៃក្នុង ហើយស្វែងរកព័ត៌មាន ពន្យល់ប្រាប់ប្រជាពលរដ្ឋ នៅខាងក្រៅក្រសួង ឬស្ថាប័ន ដែលស្ថិតក្នុងបរិបទសង្គមប្រជាធិប តេយ្យ។

លោក ផៃ ស៊ីផាន បានឲ្យដឹងថា នៅក្នុងសង្គមប្រជាធិបតេយ្យ មន្ត្រីព័ត៌មាន ឬក៏អ្នកនាំពាក្យ ត្រូវមានកាតព្វកិច្ចពីរ។ ទី១. កាតព្វកិច្ចផ្សព្វផ្សាយ៖ អ្នកនាំពាក្យ ឬក៏មន្ត្រីព័ត៌មាន ដែលជាផ្សព្វផ្សាយផ្ទៃក្នុង របស់ក្រសួង-ស្ថាប័ន ត្រូវស្វែងរកព័ត៌មាន នៅផ្ទៃក្នុងរបស់ខ្លួន ហើយផ្សព្វផ្សាយបន្តជូនសាធារណជន តាមរយៈអ្នកសារព័ត៌មាននៅខាងក្រៅ ដើម្បីឲ្យប្រជាពលរដ្ឋ បានដឹងថា តើក្រសួង-ស្ថាប័ន ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិទាំងនោះ បានធ្វើអ្វីខ្លះ នៅក្រោមកាតព្វកិច្ច និងភារកិច្ចរបស់ខ្លួន? ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍បន្តថា «បើសិនជាប្រជាពលរដ្ឋ លោកមិនអាចទទួលបានព័ត៌មាន ថាមានសេវាកម្មអ្វីខ្លះ ដែលបម្រើទៅ តើប្រជាពលរដ្ឋ ធ្វើយ៉ាងដូចម្ដេច បានប្រជាពលរដ្ឋ គាត់ទទួលសេវាកម្មហ្នឹង»។
ទី២.កាតព្វកិច្ចឆ្លើយឆ្លង៖ មន្ត្រីព័ត៌មាន ឬអ្នកនាំពាក្យ ត្រូវមានការឆ្លើយឆ្លង ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ តាមរយៈការសាកសួរពីអ្នកសារព័ត៌មាន ដែលប្រជាពលរដ្ឋ ចង់ដឹង ចង់យល់ អំពីវិធានការដោះស្រាយ របស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ទៅលើបញ្ហាដែលកើតមានអ្វីមួយ។ លោក ផៃ ស៊ីផាន មានប្រសាសន៍បញ្ជាក់ថា «ប្រជាពលរដ្ឋ ចង់ដឹងថាតើ សមត្ថកិច្ចដែលពាក់ព័ន្ធ ថាតើលោក មានវិធានដោះស្រាយរបៀបយ៉ាងម៉េច អាហ្នឹងត្បិតប្រជាពលរដ្ឋ លោកជាម្ចាស់អំណាច ប្រជាពលរដ្ឋហ្នឹង លោកជាក្រុមមួយ ដែលត្រូវទទួលបានសមត្ថកិច្ចហ្នឹងបម្រើ គឺត្រូវតែបម្រើ ត្រូវតែពន្យល់ ត្រូវតែដោះស្រាយ»។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា «អាស្រ័យយ៉ាងដូច្នេះ អ្នកនាំពាក្យ មិនមែនគ្រាន់តែអង្គុយចាំ មេ ឬថ្នាក់ដឹកនាំជាន់ខ្ពស់ មកនិយាយទេ គឺត្រូវតែចេះរំលេចព័ត៌មាន ដូចជាកាតព្វកិច្ចអ្នកសារព័ត៌មានឯកជនហ្នឹង ឬក៏ប្រជាពលរដ្ឋ ដែលលោកត្រូវតែទទួលដឹង អំពីការទទួលបាននូវសេវាកម្ម មិនមែនគ្រាន់តែទទួលដឹងទេ ត្រូវវាយតម្លៃ នូវសេវាកម្ម តើមានប្រសិទ្ធភាព ឬមិនប្រសិទ្ធភាព»។
បើតាមលោក ផៃ ស៊ីផាន អ្នកសារព័ត៌មាន គឺជាអ្នកបម្រើប្រជាពលរដ្ឋ ក្នុងវិស័យព័ត៌មាន ហើយមន្ត្រីព័ត៌មាន ឬអ្នកនាំពាក្យ គឺជាអ្នកបម្រើអ្នកសារព័ត៌មានបន្ត ដើម្បីផ្ដល់ទៅព័ត៌មានប្រជាពលរដ្ឋ ឲ្យបានយល់ និងបានដឹង ទៅលើបញ្ហាអ្វីមួយ។ លោកថា «ដែលយើងយល់ឃើញថា មន្ត្រីព័ត៌មាន និងអ្នកនាំពាក្យ ជាអ្នកបម្រើប្រជាពលរដ្ឋស្មើគ្នា ជាមួយអ្នកសារព័ត៌មានឯកជន»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង