ព័ត៌មានជាតិ
ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក
ប្រជាពលរដ្ឋ ពលករ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ត្រីប្រចាំការទាំងអស់នៅច្រកទ្វារព្រំដែនអន្តរជាតិ ដែលបានជួយសម្របសម្រួល និងផ្ដល់ឯកសារចាំបាច់ជូនពួកគាត់បានឆាប់រហ័សក្នុងអំឡុងពេលមកលេងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

កញ្ញា ជាតិ ចំប៉ី ពលករមកពីធ្វើការងារនៅប្រទេសថៃបានវិលត្រឡប់មកកម្ពុជាវិញតាមច្រកឡែម ខេត្តបាត់ដំបងបាននិយាយថា៖«ខ្ញុំមកតាមច្រកនេះ គឺមិនមានគេយកលុយកាក់អីទេ ហើយមន្រ្តីប៉ូលិសគាត់យកចិត្តទុកដាក់ខ្លាំងណាស់ ទាំងប៉ូលីសថៃ និងប៉ូសលីសខ្មែរយើង។ ខ្ញុំសប្បាយរីករាយខ្លាំងណាស់ដែលមន្រ្តីយើងយកចិត្តទុកដាក់ខ្លាំងចំពោះពលករដូចជាពួកខ្ញុំ»។
កញ្ញាបានអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានសម្របសម្រួលជាមួយរាជរដ្ឋាភិបាលប្រទេសថៃ ដើម្បីលើកលែងថ្លៃសេវាចេញ-ចូលប្រទេសថៃតាមច្រកព្រំដែន ដែលជាការសម្រួលការចំណាយមួយផ្នែកសម្រាប់ពលករខ្មែរនៅប្រទេសថៃបានមកលេងស្រុកកំណើត។

លោក សឿង ប្រុស ជាពលករមកពីប្រទេសថៃបានវិលត្រឡប់មកកម្ពុជាវិញបាននិយាយថា៖«ខ្ញុំសូមអរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែសម្រួលឱ្យមានការលើកលែងថ្លៃសេវាចេញ-ចូលតាមព្រំដែនជារៀងរាល់ឆ្នាំ និងអរគុណដែលតែងតែយកចិត្តទុកដាក់មកលើសុខទុក្ខបងប្អូនពលករខ្មែរដែលធ្វើការនៅប្រទេសថៃ»។
លោកបន្តថា ការលើកលែងថ្លៃសេវាចេញ-ចូលប្រទេសថៃក្នុងអំឡុងពេលចូលឆ្នាំ គឺជួយសម្រួលដល់ការចំណាយរបស់លោក និងពលករផ្សេងទៀតយ៉ាងច្រើន ហើយមិនត្រឹមតែកាត់បន្ថយចំណាយបានមួយចំណែកធំទេ ប៉ុន្ដែថែមទាំងជួយសម្រួលសេវាឯកសារផ្សេងៗទៀតយ៉ាងឆាប់រហ័សផងដែរ។
លោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដោយមិនរុញរារបស់ក្រុមការងារជំនាញ និងមន្រ្តីប្រចាំការនៅតាមច្រកព្រំដែនទាំងអស់ដែលជាប់ពាក់ព័ន្ធការជួយសម្របសម្រួលការឆ្លងដែនរបស់ពលរដ្ឋយើងដែលគាត់ត្រឡប់ពីថៃវិញ មកលេងស្រុកកំណើតគាត់ក្នុងអំឡុងពេលនេះ។

លោកបន្តថា៖«ខ្ញុំសង្កេតឃើញថា មន្រ្តីរាជរដ្ឋាភិបាលយើងដែលពួកគាត់ប្រចាំការនៅតាមច្រកព្រំដែនអន្តរជាតិនីមួយៗ គឺពួកគាត់បានលះបង់ច្រើនណាស់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងទាំងពេលវេលាជួបជុំក្រុមគ្រួសារគាត់ផងដែរ គឺធ្វើយ៉ាងជួយដល់ពលរដ្ឋខ្មែរយើងកុំឱ្យមានការលំបាកច្រើននៅពេលឆ្លងដែនមកកម្ពុជា»។
អ្នកឃ្លាំមើលរូបនេះបានបន្ថែមថា ការប្រឹងប្រែងក្នុងកិច្ចការជួយពលរដ្ឋបែបនេះធ្វើឱ្យពលរដ្ឋសប្បាយរីករាយ និងពេញចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលតាមរយៈសេនាធិការដូចជា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងអាជ្ញាធរមូលដ្ឋានផង។
លោកបានលើកទឹកចិត្តដល់មន្រ្តីកំពុងប្រចាំការនៅច្រកព្រំដែនអន្តរជាតិទាំងអស់បន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនថែមទៀត ដើម្បីជួយសម្របសម្រួល ដោះស្រាយបញ្ហាជូនពលរដ្ឋ និងពលករដែលតែងតែឆ្លងដែនទៅធ្វើការងារ និងប្រកបរបររកស៊ីនៅក្នុងប្រទេសថៃ។
ចំណែកលោក អ៊ុន ដារ៉ា អ្នកតាមដានស្ថានការណ៍នយោបាយ និងសង្គម បានកត់សម្គាល់ឃើញថា មន្រ្តីជំនាញ និងមន្រ្តីប្រចាំការនៅច្រកព្រំដែនទាំងអស់ បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះពលរដ្ឋដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ ជាពិសេសពួកគាត់នៅរង់ចាំទទួលពលរដ្ឋដែលមកជួបជុំក្រុមគ្រួសារនៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីនេះ។

លោកបន្តថា កិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីនៅតាមច្រកព្រំដែននេះ គឺឆ្លុះបញ្ចាំងពីការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីកម្ពុជា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលខិតខំបំពេញការងារជួយសម្រួលអន្តរាគមន៍ជូនពលករខ្មែរធ្វើការនៅប្រទេសថៃរហូតមានការលើកលែងតម្លៃសេវាចេញ-ចូលរៀងរាល់ឆ្នាំ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


