Connect with us

ព័ត៌មានជាតិ

តែងតាំងអភិបាលរងរាជធានី-ខេត្តថ្មីៗនេះ គឺដើម្បីបម្រើសេវាសាធារណៈឲ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានចេញមុខគូសបញ្ជាក់ជាថ្មី ជុំវិញការតែងតាំងអភិបាលរងរាជធានី-ខេត្ត នារយៈពេលចុងក្រោយនេះ ដោយមន្ត្រីរូបនេះអះអាងថា ការតែងតាំងអភិបាលរងទាំងនោះ គឺដើម្បីបម្រើសេវាសាធារណៈ ឲ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងឲ្យកាន់តែកៀកជិតប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃទី ២៤ ខែសីហានេះថា បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចតែងតាំងអភិ​បាលរងរាជធានី-ខេត្ត ជាបន្តបន្ទាប់មក គឺមានការចាប់អារម្មណ៍ជាច្រើនពីសំណាក់អ្នកសារព័ត៌មាន ក៏ដូចជាសាធារ​ណជនមួយចំនួនទៅលើការតែងតាំងនេះ ក៏ដូចជាសមត្ថភាពរបស់អភិបាលរងទាំងនោះផងដែរ។  

ជាការបញ្ជាក់ជាថ្មីលោក ផៃ ស៊ីផាន បានឲ្យដឹងថា ការតែងតាំងអភិបាលរងរាជធានី-ខេត្ត គឺដើម្បីធ្វើយ៉ាងណាបម្រើ សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ និងកាន់តែកៀកជិតពួកគាត់។ លោកថា «ដោយសារតែយើងនៅអន្តរកាល នៃការពង្រឹងលទ្ធិប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ គឺការផ្ដល់សេវាកម្មឲ្យបានមានប្រសិទ្ធភាព និងមានគុណភាពជូនដល់ប្រជាពលរដ្ឋ ហើយសេវាហ្នឹងឲ្យទៅនៅជាមួយប្រជាពលរដ្ឋ ដូច្នេះប្រសិនបើយើងពិចារណាមើល ថាតើទីក្រុងភ្នំពេញ មានចំនួនប្រជាពលរដ្ឋច្រើនជាង ២លាននាក់ ហើយប្រសិនបើយើងបែងចែកទៅជាភាគរយ ថាតើអភិបាលរងហ្នឹងដែលអាចទទួលខុសត្រូវ ចំពោះប្រជាពលរដ្ឋប៉ុន្មានសែននាក់ក្នុងអភិបាលរងម្នាក់»។

អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានបញ្ជាក់ទៀតថា អភិបាលរងរាជធានី-ខេត្ត ដែលត្រូវតែងតាំងថ្មីទាំងនោះ នឹងត្រូវអនុវត្តការងារទៅតាមផែនការការងាររៀងៗខ្លួន ដែលជាការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ពួកគាត់។

សូមជម្រាបថា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២ បានប្រកាសដាក់ឲ្យប្រើប្រាស់នូវច្បាប់ ស្តីពី វិសោធនកម្មមាត្រា ១៤០ ច្បាប់ ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ មាត្រា ១៤០ នៃច្បាប់ ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០០៨ ត្រូវបានធ្វើវិសោធនកម្ម ដូចតទៅ៖

-មាត្រា ១៤០ ថ្មី៖ គណៈអភិបាលរាជធានីភ្នំពេញ មានចំនួនយ៉ាងច្រើន ១១ (ដប់មួយ)រូប, គណៈអភិបាលខេត្តមានចំនួនពី ៧ (ប្រាំពីរ)រូប ទៅ១១ (ដប់មួយ)រូប, គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី ៥ (ប្រាំ)រូប ទៅ ៧ (ប្រាំពីរ)រូប។ ចំនួនជាក់ស្ដែង នៃគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២ បានចេញអនុក្រឹត្យ ស្តីពី ការកំណត់ចំនួន គណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក និងគណអភិបាលខណ្ឌ។ អនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា ចំពោះរាជធានីភ្នំពេញ មានគណៈអភិបាលចំនួន ១១រូប និងតាមបណ្ដាខេត្តនានា មានគណៈអភិបាលចំនួន ១១រូប។ ដោយឡែកចំពោះ ក្រុង ខណ្ឌ និងស្រុក មានចំនួនគណៈអភិបាល ៧រូប៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម