Connect with us

ព័ត៌មានជាតិ

រំលឹកដល់ប្រវត្តិបង្កើតរដ្ឋធម្មនុញ្ញ ត្រូវនឹកទៅដល់តួអង្គប្រវត្តិសាស្ត្រ គឺព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន

បានផុស

នៅ

ថ្ងៃនេះ គឺជាទិវាខួប២៨ឆ្នាំ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២១) នៃទិវាប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណា ចក្រកម្ពុជា ហើយបើរំលឹកទៅដល់ប្រវត្តិសាស្ត្រ នៃការបង្កើតរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺត្រូវនឹកទៅដល់តួអង្គប្រវត្តិសាស្ត្រ ដែលជាស្ថាបនិកដំបូង នៃការបង្កើតឲ្យមានរដ្ឋធម្មនុញ្ញនេះឡើង គឺព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីអបសាទរទិវារំលឹកខួប២៨ឆ្នាំ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញនេះដែរ ក្រុមប្រឹក្សាធម្មនុញ្ញបានបោះពុម្ពសៀវភៅ “រដ្ឋធម្មនុញ្ញ” នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១០ ម៉ឺនក្បាល និង សៀវភៅ “គុណតម្លៃរដ្ឋធម្មនុញ្ញកម្ពុជា” ចំនួន៥០០ ក្បាល ដើម្បីបញ្ជ្រាបការយល់ដឹងគុណតម្លៃរដ្ឋធម្មនុញ្ញ ទៅក្នុងមជ្ឈដ្ឋានសាធារណៈផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយសៀវភៅនោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានលើកឡើងថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ បន្ទាប់ពីប្រជាជាតិខ្មែរ សម្រេចបានកិច្ចព្រមព្រៀង ស្តីពី ដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជា នៅក្នុងសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

បន្ទាប់ពីសម្រេចបានលទ្ធផលខាងលើនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអ៊ុនតាក់ (UNTAC) ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតសកលនៅក្នុង ខែឧសភា ឆ្នាំ១៩៩៣ ដោយបង្កើតបាន សភា ធម្មនុញ្ញ ដើម្បីរៀបចំតាក់តែងព្រាងរដ្ឋធម្មនុញ្ញថ្មីមួយ។ ការរៀបរៀងរដ្ឋធម្មនុញ្ញនេះ ប្រើរយៈពេលជិត៣ខែ ពោលគឺបានចាប់ផ្ដើម នៅពេលសភាធម្មនុញ្ញបាន​កោះប្រជុំលើកទី១ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៩៣ ដើម្បីបង្កើតគណៈកម្មការអចិន្ត្រៃយ៍រៀបរៀងរដ្ឋធម្មនុញ្ញ ដែលទទួល​ភារកិច្ចរៀបចំសេចក្ដីព្រាងរដ្ឋធម្មនុញ្ញ។

រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញថ្មីមួយ ត្រូវបានសភាធម្មនុញ្ញអនុម័តយល់ព្រមគាំទ្រ ដោយសំឡេង ១១៣ មិនគាំទ្រ ៥សំឡេង និងអនុប្បវាទ ២សំឡេង។ ព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាស ឲ្យប្រើរដ្ឋធម្មនុញ្ញនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញនេះ បានក្លាយជារដ្ឋធម្មនុញ្ញ ទី៦ ចាប់តាំងពីប្រទេសកម្ពុជា ទទួលយកធម្មនុញ្ញនិយមទំនើប។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម អះអាងថា «នៅពេលរំលឹកទៅដល់ប្រវត្តិ នៃការបង្កើតរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺយើងនឹកទៅដល់ តួអង្គប្រវត្តិសាស្ត្រ ដែលជាស្ថាបនិកដំបូង នៃដំណើរការបង្កើតឲ្យមានរដ្ឋធម្មនុញ្ញនេះឡើង គឺព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី។ ជំនួបដំបូងរវាងតួអង្គប្រវត្តិសាស្ត្រទាំងពីរ នៅហ្វអង់តាដឺហ័រ ប្រទេសបារាំងក្នុងឆ្នាំ១៩៨៧ គឺជាចំណុចចាប់ផ្ដើម នៃការចរចា ស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា រហូតឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួមមួយ នៃជំលោះកម្ពុជា  (កិច្ចព្រមព្រៀងទីក្រុងប៉ារីស)។ ខ្លឹមសារជាសារវន្តនៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះហើយ ដែលជាមូលដ្ឋាន នៃការតាក់តែងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣»។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម លើកឡើងទៀតថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺជាជំហានឆ្ពោះទៅកាន់ នយោបាយឈ្នះ-ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឆ្នាំ១៩៩៨ ដែលធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានសន្តិភាពពិតប្រាកដ ក្រោមម្លប់បារមីនៃអង្គ ព្រះមហាក្សត្រ។ នយោបាយឈ្នះ-ឈ្នះ គឺជាកេតនភណ្ឌជាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាសម្រាប់ប្រទេសកម្ពុជា ដែលបាននាំមកនូវការផ្សះផ្សាជាតិ ការបង្រួបបង្រួមជាតិ សាមគ្គីជាតិ និងឯកភាពជាតិ ដែលជាកត្តាកំណត់ពិតប្រាកដ សម្រាប់ការថែរក្សាសន្តិភាព នៅព្រះរាជាណាចក្រកម្ពុជា បានគង់វង្សប្រកបដោយចីរភាព។

បើតាមឯកឧត្តម អ៊ឹម ឈុនលឹម រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា កើតចេញពីឆន្ទៈរួមរបស់ ប្រជារាស្ត្រខ្មែរគ្រប់និន្នាការនយោបាយ ដែលបានក្លាយជាមូលដ្ឋានគ្រឹះគតិយុត្តដ៏រឹងមាំ សម្រាប់កសាងព្រះរាជាណាចក្រកម្ពុជា ឲ្យមានសន្តិភាព ស្ថិរភាព និងវឌ្ឍនភាព ប្រកបដោយ ចីរភាព។ រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ មានលក្ខណៈពហុសណ្ឋាន បង្កនូវកម្លាំងជំរុញរួមគ្នា (Synergy) នៃ គុណតម្លៃទំនើប និងគុណតម្លៃខ្មែរ ដែលញ៉ាំងឲ្យរដ្ឋធម្មនុញ្ញនេះ ក្លាយជាកម្លាំងចលករ ប្រកបដោយថាមពល សម្រាប់ដំណើរការជាតិកម្ពុជា ប្រកបដោយសុខដុមរមនា។

អាស្រ័យ ដោយរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ មានគុណតម្លទាំងសមត្ថភាព និងគុណភាពអាចដោះស្រាយបញ្ហានានារបស់សង្គមជាតិ ប្រកបដោយផ្លែផ្កាជាបន្តបន្ទាប់រៀងមក ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ ទើបញ៉ាំងឲ្យរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានក្លាយជារដ្ឋធម្មនុញ្ញ ដែលមានអត្ថិភាព និងអាយុវែងជាងគេ (២៨ឆ្នាំ) បើប្រៀបធៀបទៅនឹងរដ្ឋធម្មនុញ្ញទាំងប្រាំ របស់ប្រទេសកម្ពុជាក្នុងសម័យកាលមុន។

ជាប្រការគួរឲ្យកត់សម្គាល់ របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ទោះបីមានកាលៈទេសៈ ដ៏ចាំបាច់ខ្លះ ដែលនាំទៅដល់ការធ្វើការសើរើ និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន៨លើក និងការបង្កើតច្បាប់ធម្មនុញ្ញបន្ថែមមួយលើកយ៉ាងណាក្តី ប៉ុន្តែជាលទ្ធផលទូទៅ គឺពុំបានធ្វើឲ្យខូចខាតដល់ ឆន្ទៈដើម របស់រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣នោះឡើយ។ ផ្ទុយទៅវិញយន្តការទាំងនេះ រឹងរឹតតជួយពង្រឹងប្រជាធិបតេយ្យ និងនីតិរដ្ឋ ពង្រឹងសណ្តាប់ធ្នាប់ធម្មនុញ្ញ ធានាបាននូវការបោះជំហាន ទៅមុខនៃដំណើរជាតិ ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ បានយូរអង្វែងតទៅ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងបរិបទ នៃសុខសន្តិភាពពេញលេញ និងឯកភាពជាតិ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានផ្តល់នូវសមិទ្ធផលធំៗ សម្រាប់ព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍ ទី១, កម្ពុជាឈានឡើងជា សង្គមនីតិរដ្ឋ ទី២, កម្ពុជាវិវត្តឈានឡើងជាសង្គមប្រជាធិបតេយ្យសេរីពហុបក្ស ទី៣, កម្ពុជា អនុវត្តតាមប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ទន្ទឹមនឹងការយកចិត្តទុកដាក់ ជួយឲ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋមានកម្រិតសមរម្យ ទី៤, កម្ពុជាជាដែនដីធ្វើឲ្យរស់ឡើងវិញ ព្រមទាំងថែរក្សានិង ពង្រីកវប្បធម៌ទំនៀមទម្លាប់ប្រពៃណីល្អរបស់ជាតិ។

ឯកឧត្តមបណ្ឌិត អ៊ឹម ឈុនលឹម បញ្ជាក់ថា សមិទ្ធផលទាំងអស់នេះ ពុំមែនកើតឡើង ដោយភាពចៃដន្យនោះទេ ប៉ុន្តែគឺជាសមិទ្ធផល ដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវ និងការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់វាសនា នៃប្រទេសជាតិរបស់ខ្លួន (បានប្រើសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ ចូលរួមការបោះឆ្នោត ដែលត្រូវបានរៀបចំឡើងយ៉ាងទៀងទាត់ តាមការកំណត់របស់រដ្ឋធម្មនុញ្ញ និងច្បាប់) និងពីការខិតខំប្រឹងប្រែងរបស់ស្ថាប័នកំពូលរបស់ ជាតិ ព្រមទាំងគ្រប់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រកបដោយភាពប្រទាក់ក្រឡាគ្នា នៅក្នុងរចនាសម្ព័ន្ធមួយត្រឹមត្រូវ និងច្បាស់លាស់។

សមិទ្ធផលជាតិធំៗ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលយើងកំពុងប្រារព្ធពិធីអបអរសាទរនេះ គឺជាមរតកជាតិ សម្រាប់ពលរដ្ឋខ្មែរ ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត បន្តថែរក្សាឲ្យបានគង់វង្ស និងប្រើប្រាស់ធ្វើជាធនធាន ដើម្បីបន្តបេសកកម្មជាប្រវត្តិសាស្ត្រ ធ្វើឲ្យសម្រេចគោលដៅកម្ពុជាសម្រាប់ឆ្នាំ២០៣០ និងសម្រាប់ឆ្នាំ២០៥០។

រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺជាកេតនភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិខ្មែរ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ចត្រូវគោរព។ ការគោរពរដ្ឋធម្មនុញ្ញ មានន័យថា ការការពារ ការអនុវត្ត និងការលើកតម្កើង រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្លាយជាកេតនភណ្ឌកំពូលរបស់ជាតិពិតប្រាកដ។ សកម្មភាពបំពានណាមួយ លើរដ្ឋធម្មនុញ្ញ គឺជាអំពើអគុណធម៌ និងជាបទល្មើសធ្ងន់ធ្ងរ ព្រមទាំងជាការដើរហួសបន្ទាត់ក្រហម ដែលជាដែនកំណត់នៃការការពារអាយុជីវិតជាតិ។

ការគោរពរដ្ឋធម្មនុញ្ញ គឺជាអំពើគុណធម៌ ដែលផ្តល់នូវសុភមង្គល សេចក្តីថ្លៃថ្នូរ និងភាពចម្រុងចម្រើនដល់អ្នកគោរពប្រតិបត្តិ និងដល់សង្គមជាតិ ទាំងមូល។ ឧត្តមភាព និងចីរភាព នៃរដ្ឋធម្មនុញ្ញ ត្រូវតែស្ថិតក្នុងការគាំពារជារួម ពីសំណាក់ ប្រជាពលរដ្ឋខ្មែរ និងគ្រប់ភាគីពាក់ព័ន្ធ តាមរយៈការកសាងឲ្យមានការឯកភាពលើឧត្តមគតិ និង ការតម្កល់ឧត្តមប្រយោជន៍ជាតិ ជាអាទិភាព។

គុណតម្លៃនៃរដ្ឋធម្មនុញ្ញ ហូរជ្រាបទៅដល់ទីណា ទីនោះទទួលបាននូវគុណតម្លៃនៃនីតិរដ្ឋ, ប្រជាធិបតេយ្យ, និងសិទ្ធិមនុស្ស ដែលជាសមាសធាតុសំខាន់ក្នុងការកសាង និងការ អភិវឌ្ឍរដ្ឋក្នុងសម័យទំនើបនេះ ។ យ៉ាងណាមិញ គុណតម្លៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ពិតជាបានផ្តល់នូវគុណតម្លៃសម្រាប់ការរីកលូតលាស់នៃនីតិរដ្ឋ, ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលគុណតម្លៃទាំងបីនេះ ត្រូវអាស្រ័យគ្នាទៅវិញទៅមក មិនអាចបំបែកបាន ពោលគឺការអនុវត្តប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិមនុស្ស ត្រូវស្ថិតក្នុងក្របខណ្ឌនៃ នីតិរដ្ឋ (ការគោរពច្បាប់)។

ការអនុវត្តប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ត្រូវមានការទទួលខុសត្រូវ (Responsibility) និងសីលធម៌ (Morality) ដើម្បីរក្សាបានសុខដុមនីយកម្មសង្គមមួយរឹងមាំ។ ដូច្នេះការយល់ដឹងអំពីរដ្ឋធម្មនុញ្ញ ទោះហោចណាស់អំពីគោលការណ៍ធំៗ ជាគុណតម្លៃធម្មនុញ្ញ ដែលមានក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គឺជាការចាំបាច់ក្នុងការបង្កើន ចំណេះដឹងទូទៅដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប និងការពង្រឹងមនសិការស្នេហាជាតិ ព្រមទាំងសីលធម៌សង្គម លើមូលដ្ឋានគ្រឹះនៃសុខដុមនីយកម្មសង្គម និងវប្បធម៌ទំនៀម ទម្លាប់ ប្រពៃណី ល្អរបស់ជាតិ ដើម្បីសុខសន្តិភាព និងវឌ្ឍនភាព នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ជាទម្លាប់រាល់ឆ្នាំក្រុមប្រឹក្សាធម្មនុញ្ញ តែងប្រារព្ធពិធីដោយមានការជួបជុំផ្ទាល់ តាមរូបភាពផ្សេងៗ ដើម្បីអបអរសាទរទិវារំលឹកខួប នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកឆ្នាំនេះ ដោយស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ទើបមិនអាចជួបជុំគ្នាដោយផ្ទាល់បាន ដើម្បីអបអរសាទរទិវាជាប្រវត្តិសាស្ត្រនេះ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម