Connect with us

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ ផ្អាកចរាចរណ៍រថយន្តធុនធំ លើកំណាត់ផ្លូវខេត្តលេខ ២៦៨អា ដោយសារជំនន់ទឹកភ្លៀង

បានផុស

នៅ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានប្រកាសឲ្យប្រជាពលរដ្ឋ ពិសេសក្រុមហ៊ុនដឹកជញ្ជូនទំនិញ ហើយប្រើប្រាស់រថយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ ២៦៨អា​ ចាប់ពីព្រៃមាន់ ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ត្រូវផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១តទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី។

ការប្រកាសផ្អាកនេះ បន្ទាប់ពីខេត្តបន្ទាយមានជ័យ ទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ ហើយបានបណ្ដាលឲ្យមានជំនន់ទឹកភ្លៀងលិច និងហូរកាត់ផ្លូវមួយចំនួននៅក្នុងខេត្ត ជាពិសេសកំណាត់ផ្លូវខេត្តលេខ ២៦៨អា ចាប់ពីព្រៃមាន់ ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

យោងតាមសេចក្តីជូនដំណឹង របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២៦ ខែកញ្ញានេះ បានឲ្យដឹងថា «ការផ្អាកចរាចរណ៍បណ្តោះអាសន្ន នូវយានយន្តដឹកជញ្ជូន ធុនធំគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ ២៦៨អានេះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពាន កុំឲ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ ប្រកបដោយសុវត្ថិភាព»។

ដោយឡែកចំពោះរថយន្តគ្រួសារ (ប្រភេទទេសចរណ៍) អាចធ្វើចរាចរណ៍ឆ្លងកាត់បានជាធម្មតា។ មន្ទីរសាធា​រណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញធុនធំទាំងអស់ នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកថែរក្សា ផ្លូវថ្នល់ ស្ពាន ប្រើប្រាស់ឲ្យបានយូរអង្វែង៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម