Connect with us

ព័ត៌មានជាតិ

លោក អ៊ុច បូររិទ្ធ៖ សន្តិភាព ស្ថិរភាព និងសន្តិសុខ គឺមានតម្លៃឧត្តមបំផុត​

បានផុស

នៅ

​លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើកឡើងថា តាមបទពិសោធន៍របស់កម្ពុជា សន្តិភាព ស្ថិរភាព និងសន្តិសុខ គឺមានតម្លៃខ្ពង់ខ្ពស់ឧត្តុងឧត្តមបំផុត​។ លោកថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបអនុស្សារីយ៍លើកទី៦០ នៃសន្និសីទលើកដំបូង របស់បណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធ នៅទីក្រុងប៊ែលក្រាត ប្រទេសស៊ែប៊ី ចាប់​ពី​ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះជាណាចក្រកម្ពុជា លោក អ៊ុច បូររិទ្ធ​ បាន​សាទរ និងកោតសរសើរយ៉ាងជ្រាលជ្រៅ​ចំពោះលោក អ៊ីហាម អាលីយែវ (Ilham Aliyev) ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ និងជាប្រធានចលនាមិនចូលបក្សសម្ព័ន្ធ (NAM) និងលោក អាឡិចសាន់ដឺ វូឈីគ (Aleksandar Vučić) ប្រធានាធិបតីនៃសាធារណរដ្ឋស៊ែប៊ី ដែលបានរៀបចំកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃចលនាមិនចូលបក្សសម្ព័ន្ធនេះ។ ​​

លោក អ៊ុច បូររិទ្ធ ​លើកឡើងថា កាលពី៦០ឆ្នាំមុន ចលនាមិនចូលបក្សសម្ព័ន្ឋ ត្រូវបានបង្កើតឡើង និងគាំទ្រដោយបណ្តាប្រទេសក្រោយសម័យអាណានិគម និងក្រោយជម្លោះ ដែលស្រែកឃ្លានឯករាជ្យភាពពិតប្រាកដ អធិបតេយ្យភាព  បូរណភាពទឹកដី និងសិទ្ធិស្វ័យសម្រេចស្តីពីមាគ៌ាអភិវឌ្ឍសមស្របតាមបរិបទនៃប្រទេសជាតិនីមួយៗ។ ចលនាមិនចូលបក្សសម្ព័ន្ឋ ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជាជំរើសមួយក្នុងការប្រឆាំងនឹងការបែកបាក់ នៃការបែងចែកភូមិសាស្ត្រនយោបាយ និងមនោគមវិជ្ជា​ដែលកើតចេញពីសង្គ្រាមត្រជាក់ ហើយនេះជាបាតុភូតមួយដែលរដ្ឋសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋ បានចាត់ទុកថា មិនមានសារៈប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍ ក៏ដូចជាមិនគាំទ្រដល់ពហុភាគីនិយម ដែលជាស្នូលនៃអង្គការសហប្រជាជាតិ។​

​​លោក អ៊ុច បូររិទ្ធ​ លើកឡើងដែរថា ​ទោះបីជាមានការតាំងចិត្ត និងការតស៊ូយ៉ាងខ្លាំងក្លា​​យ៉ាង​ណា រដ្ឋសមាជិកខ្លះបានទទួលរងគ្រោះដោយសារការជ្រៀតជ្រែកពីបរទេស​ សង្គ្រាម​ដើម្បីផលប្រយោជន៍ប្រទេសមហាអំណាច (proxy war) ការផ្លាស់ប្តូររបប​សង្គ្រាមស៊ីវិល និងសង្គ្រាមជនជាតិភាគតិច។ ហេតុការណ៍អស់ទាំងអស់នេះហួសពីសមត្ថភាពរបស់យើងនៅក្នុងការគ្រប់គ្រងវាសនា និងការពារខ្លួនរបស់យើង។ ជាអកុសល សន្តិភាពនៅតែជាសុបិនដែល​មិនអាចសម្រេចបានសម្រាប់ប្រទេសជាច្រើន។​​

​លោក អ៊ុច បូររិទ្ធ​ លើកឡើងទៀតថា៖ “កម្ពុជាបានឆ្លងកាត់គ្រប់រសជាតិក្នុងការតស៊ូដើម្បីឯករាជ្យ ការកសាងសន្តិភាព និងការកសាងប្រទេសជាតិ។ កម្ពុជាបានធ្វើដំណើរ​លើផ្លូវមួយដ៏វែងឆ្ងាយ ហើយតាមបទពិសោធន៍របស់កម្ពុជា សន្តិភាព ស្ថិរភាព និងសន្តិសុខ គឺមានតម្លៃខ្ពង់​ខ្ពស់​ឧត្តុងឧត្តមបំផុត ដែលកម្ពុជាខឹតខំការពារ និងតស៊ូប្រយុទ្ធប្រ​ឆាំងគ្រប់ការប៉ុនប៉ងតាមរយៈអ្វីដែលគេហៅថា “បដិវត្តន៍ពណ៌” ដកហូតសិទ្ធិកំណត់ជោគ​វាសនាខ្លួនឯង​។ ប្រ​ទេសកម្ពុជា​ទទួលបានជោគជ័យក្នុងការបញ្ចប់ការបង្ហូរឈាម និងការសម្រេចបាននូវសន្តិភាព និងការបង្រួបបង្រួមជាតិ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃយើង​ក្នុងឆ្នាំ​១៩៩៨”។

ក្នុងនាមជារដ្ឋក្រោយអាណានិគម និងក្រោយសង្រ្គាម ជាមួយនឹងជំនួយដ៏ថ្លៃថ្លា និងទាន់ពេលវេលារបស់បណ្តាប្រទេសជាមិត្ត លោក អ៊ុច បូររិទ្ធ​ អះអាងថា កម្ពុជាបានខិតខំតស៊ូស្ដារប្រទេ​សជាតិឡើងវិញពីបាតដៃទទេ និង​កសាងសន្ដិភាព​។ បច្ចុប្បន្ន ទោះបីជាសមត្ថភាពរបស់កម្ពុជានៅមានកម្រិតយ៉ាងណាក្តី ក៏កម្ពុជាបានចូលរួមចែករំលែកបទពិសោធន៍ ដោយទឹកចិត្តមនុស្សធម៌ កសាង និងការពារសន្តិភាព នៅក្នុងពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។​​

នៅពេលជំងឺរាតត្បាតកូវីដ-១៩ កំពុងផ្ទុះឡើង ជាភ័ព្វសំណាងល្អ ដែលកម្ពុជាជាប្រទេសមួយក្នុង​ចំណោមប្រទេសមួយចំនួនតូច ដែលមានលទ្ធភាពចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ និងជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា​។ ​​​ប្រទេសសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋ រួមទាំងកម្ពុជាផងដែរ ត្រូវតែប្រកាន់ជំហរគាំទ្រពហុភាគីនិយម នៅពេល​ដែលយើងទាំងអស់គ្នាកំពុងខិត​ខំស្វែងរកដំណោះស្រាយបញ្ហាប្រឈមរួម ព្រោះយើងបានដឹងហើយថា ពុំមានប្រទេសណាមួយ អាចដោះស្រាយបញ្ហាទាំងនេះតែឯកឯងបានទេ។

លោក អ៊ុច បូររិទ្ធ​ លើកឡើងទៀតថា ជាផ្នែកមួយនៃពិភពលោក កម្ពុជាមានមោទនភាពដែលបានក្លាយជាមជ្ឈមណ្ឌលរួមមួយ សម្រាប់​ពហុភាគីនិយមដ៏មានសក្តានុពលបំផុត ដោយកម្ពុជាកំពុងត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី១៣ នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM13) តាមបែបនិម្មិត នៅខែវិច្ឆិកាខាងមុននេះ និងត្រៀមទទួលធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងខិតខំលើកកម្ពស់វិធីសាស្រ្ដតំរង់ទិស ក្នុងការដោះស្រាយបញ្ហាប្រឈមរួមនៅក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព។ ជាមួយនឹងការគាំទ្រ និងសាមគ្គីភាពដ៏រឹងមាំនៃរដ្ឋសមាជិកអាស៊ាន និងភាគីដៃគូខាងក្រៅនានា កម្ពុជានឹង​ព្យាយាមធានាឱ្យបាននូវភាពច្បាស់លាស់នៃផលប្រយោជន៍សម្រាប់ប្រជាជននៅទូទាំងតំបន់ ដោយមិនទុកនរណាម្នាក់ចោលឡើយ។

ជាមួយគ្នានោះ លោក អ៊ុច បូររិទ្ធ ​​បាន​រំលឹកឡើងវិញនូវការប្ដេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ចំពោះគោលការណ៍ទីក្រុងបានឌុង ដែលបានប្រកាសនៅឆ្នាំ១៩៥៥ ស្ដីពីការរួបរួមគ្នាក្នុងសកម្មភាពដែលផ្អែកលើពហុភាគីនិយម ក្នុងការស្វែងរកសន្ដិភាព និងការអភិវឌ្ឍន៍ប្រក​បដោយចីរភាព​សម្រាប់ពិភពលោកទាំងមូល៕

អត្ថបទ៖ កោះកែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម