Connect with us

ព័ត៌មានជាតិ

​មន្ត្រីជាន់ខ្ពស់​ក្រសួងព័ត៌មាន​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​ករណី​ឃ្លាំ​មើល​ប្រចាំ​ត្រី​មាស​ជាលើក​ដំបូង​របស់ខ្លួន​ស្តី​ពីស្ថានភាព​អ្នកសារព័ត៌មាន​នៅកម្ពុជា

បានផុស

នៅ

ភ្នំពេញ​ ៖ នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១​នេះ មន្ត្រី​ជាន់​ខ្ពស់​ក្រសួងព័ត៌មាន​លោក​មាស សុ​ភ័​ណ្ឌ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​ចេញ​សេចក្តី​បំភ្លឺ​ពាក់ព័ន្ធ ករណី​ឃ្លាំមើល​ប្រចាំត្រីមាស​ជា​លើកដំបូង​របស់​ខ្លួន ស្តីពី​ស្ថានភាព​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​។

១- របាយការណ៍​ដែល​ចេញ​ដោយ​ខេ​ម​បូ​ចា នេះ​ជា​របាយការណ៍ ដែល​មិន​មាន​ភាពស្មោះត្រង់ និង​មាន​ចេតនា​ចោទប្រកាន់ មក​លើ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដែល​កំពុង​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​តាម​ច្បាប់​ជា​ធរមាន​។​

២- របាយការណ៍​នេះ ក៏​មិនបាន​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ទៅលើ​លិខិតបទដ្ឋាន​គតិយុត្តិ​ដែល​ក្រសួង​ព័ត៌មាន បានចេញ​នាពេល​កន្លងមក ហើយ​សមាគម​នេះ​តែ​តែង​ជំទាស់​រាល់​សេចក្តីសម្រេច​នានា​របស់​ស្ថាប័ន​សាធារណៈ និង​មិនដែល​ទទួលយក​ការបញ្ជាក់​ឬ ការពន្យល់​បកស្រាយ របស់​ស្ថាប័ន​សាធារណ​: ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច​ម្តងណា​ឡើយ​។​

៣- សមាគម នេះ​តែង​ចេញ របាយការណ៍ ឬ សេចក្ដីថ្លែងការណ៍​ចោត​ប្រកាន់​មកលើ​ស្ថាប័ន​មាន សមត្ថកិច្ច​ដែល​អនុវត្ត តួនាទី​ភារកិច្ច​តាមច្បាប់ ថា​ស្ថាប័ន​មាន​សមត្ថកិច្ច រំលោភបំពាន​សិទ្ធិសេរីភាព អ្នកសារព័ត៌មាន ឬ​គំរាមកំហែង​បំបិទ​សិទ្ធិ សេរីភាព​អ្នកសារព័ត៌មាន​ទៅវិញ​។​

៤- ការកត់ត្រា​ទិន្នន័យ​ករណី​អ្នកសារព័ត៌មាន​ដែល​ត្រូវ​ទទួលខុស​តាមផ្លូវ​ច្បាប់​ចំពោះ​អំពើ ដែល​ពួកគេ​បាន​ប្រព្រឹត្ត ថា​ជាការ រំលោភបំពា​នសិទ្ធិសេរីភាព ក្នុងការ​បញ្ចេញមតិ គឺជា​ការកត់ត្រា ដែល​មិនបាន​ឆ្លុះបញ្ចាំង​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​និង​ត្រឹមត្រូវ​ទាល់តែសោះ​ទៅតាម អង្គហេតុ និង​អង្គច្បាប់​នៃ​ករណី​នីមួយៗ​។ ដែល​ចំណុច​នេះ​អាច​និយាយបានថា របាយការណ៍​នេះ ជា​របាយការណ៍​ដែលមាន​បំណង​បំភាន់​សាធារណមតិ ឲ្យ​មានការ​យល់ច្រឡំ​មកលើ​ការអនុវត្ត​ច្បាប់​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច​។​

៥- កន្លងមក​សមាគម​នេះ​តែង​ចោទប្រកាន់​មក​ស្ថាប័ន​មាន​សមត្ថកិច្ច​ថា បាន​រំលោភបំពាន​សិទ្ធិសេរីភាព​អ្នកសារព័ត៌មាន​។ ជាក់ស្តែង​នាពេល​កន្លងមក​សមាគម​នេះ​ក៏​ធ្លាប់បាន​សេចក្តីថ្លែងការណ៍​នានា​ចោទប្រកាន់​មក​សមត្ថកិច្ច​ដូចជា សមត្ថ កិច្ច​គំរាមកំហែង អ្នកសារព័ត៌មាន ឲ្យ​លុប​រូបភាព​ដកហូត​បណ្ណ​អ្នកសារព័ត៌មាន​ខេ​មូ​ចា វី​អូ​អេ ឬ​ជិះ​ម៉ូតូ​ដេញ​ឃាត់​អ្នកសារព័ត៌មាន វី​អូ​ឌី​ជាដើម ប៉ុន្តែ​នៅពេល​ក្រសួង​ព័ត៌មាន និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​អញ្ជើញ​អ្នកសារព័ត៌មាន​ទាំងនោះ មក​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែ​ម បុគ្គល​ទាំងនោះ​តែងតែ​គេចវេស មិន​ព្រម​ចូលរួម​រាយការណ៍​ជា​ផ្លូវ​ការឡើង ដែល​នេះ​យើង​អាច​លើក​ជា​សំណួរ​ថា បើ​ពួកគេ​ត្រូវ​រំលោភបំពាន​សិទ្ធិសេរីភាព​មែន​ចុះ​ហេតុអ្វី​ពួកគេ​មិន​ចូលរួម​សហការ​ផ្តល់ព័ត៌មាន ឲ្យ ស្ថាប័ន​មាន​សមត្ថកិច្ច​? តើ​ពួកគេ​ជា​ជនរងគ្រោះ​ពី​ការរំលោភបំពាន​សិទ្ធិសេរីភាព​ពិតប្រាកដ ឬ​ជាការ​សម្តែង​តាម​ខ្សែ​ញាក់​របស់គេ​? ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម