ព័ត៌មានជាតិ
គំរោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប នឹងប្រែក្លាយក្រុងនេះ ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព
សៀមរាប ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាបជាមួយអង្គភាពសាងសង់ សំដៅស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម សំណូមពរ ក៏ដូចជាផ្ដល់អនុសាសន៍នានាដើម្បីធានាឱ្យសំណង់មានគុណភាពខ្ពស់ស្របតាមបទដ្ឋានបច្ចេកទេស។

លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា គិតមកទល់ពេលនេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប មានរយៈពេលជាង ១១ខែហើយ ហើយគ្រោងនឹងបញ្ចប់ការស្ថាបនាផ្លូវថ្នល់នៅចុងខែធ្នូ ឆ្នាំ២០២១នេះ ដូច្នេះក្រោយពីបញ្ចប់ការសាងសង់ផ្លូវទាំង៣៨ខ្សែហើយនោះ នឹងប្រែក្លាយក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ សក្ដិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្នុងក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប នៅសាលប្រជុំសាលាខេត្តសៀមរាប។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងនូវអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះអង្គភាពសាងសង់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនដោយយកចិត្តទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ បើទោះបីការងារសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធនេះ បានប្រឈមនឹងការរាំងស្ទះដោយសារវិបត្តិជំងឺកូវីដ-១៩ ដែលធ្វើឲ្យកម្មករ ក៏ដូចអ្នកអនុវត្តមានលំបាកក្នុងការងារប្រតិបត្តិការក៏ដោយ ដែលគិតត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ ការអនុវត្តគម្រោងស្ថាបនាផ្លូវសម្រេចបានប្រមាណជា៨៦ភាគរយហើយ និងបានផ្ដាំផ្ញើឱ្យភាគីពាក់ព័ន្ធទាំងអស់សហការ និងពិភាក្សាគ្នារិះរកបច្ចេកទេសល្អៗ ដើម្បីសាងសង់សង់ផ្លូវទាំង៣៨ខ្សែនេះឱ្យកាន់តែមានគុណភាពខ្ពស់ ហើយក្នុងករណីការសាងសង់ កន្លងមកមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ត្រូវកែសម្រួលឱ្យត្រូវតាមបទដ្ឋានបច្ចេកទេសឡើងវិញ។

គួររំលឹកថា មុននឹងដំណើរការបើកកិច្ចប្រជុំពិភាក្សានេះ កាលរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹក ជញ្ជូន និងជាអនុប្រធានប្រចាំ ការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប អមដំណើរដោយលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ ក្នុងគោលបំណងដើម្បីពិនិត្យគុណភាពបច្ចេកទេសនៃការសាងសង់ ថាតើស្របតាមលក្ខណៈបច្ចេកទេស បញ្ហាប្រឈមនានា ដើម្បីផ្លូវមានគុណភាពរឹងមាំ យូរអង្វែង និង បញ្ចប់តាមផែនការគ្រោងទុកដែរឬទេ។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា នៅពេលនេះ យើងនឹងធ្វើឲ្យខេត្តសៀមរាបរបស់យើង មានទាំងផ្លូវ មានទាំងលូ ប្រឡាយសម្រាប់ទឹកស្អុយ សម្រាប់ទឹកភ្លៀង មានទាំងបណ្ដាញទឹក មានទាំងកាមេរ៉ាសុវត្ថិភាព ដើម្បីដាក់ជូនសម្រាប់ខេត្តសៀមរាប ដែលវានឹងក្លាយទៅជាទីក្រុងទេសចរណ៍ដ៏រឹងមាំរបស់យើង ហើយវាសក្ដិសមទៅនឹងឋានៈជាអតីតរាជធានី នៃអាណាចក្រខ្មែររបស់យើងផងដែរ សង្ឃឹមថា ខេត្តសៀមរាប នឹងក្លាយទៅជាខេត្តដែលមានសក្ដានុពល បន្ដទៀត តាមរយៈវិស័យទេសចរណ៍បន្ទាប់ពីកូវីដ-១៩បានកន្លងផុត។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថា ចំណុចនេះសង្ឃឹមថា អ្នកសៀមរាបនឹងបានទទួលផល ហើយប្រជាជនដែលធ្លាប់មកលេងនៅសៀមរាបកាលពីពេលមុន ហើយឃើញផ្លូវមិនល្អនោះ នឹងបានឃើញផ្លូវដ៏ល្អ នៅក្នុងរយៈពេលជាងមួយឆ្នាំទៀត ដែលខ្ញុំគិតថា ឆ្នាំក្រោយនេះបើសិនជាកូវីដ-១៩ នៅឆ្នាំ២០២២ មានការថមថយ អាចនឹងគិតគូរទៅដល់ការបង្កើតឡើងនូវព្រឹត្តិការណ៍សង្ក្រាន្តអង្គរនៅឆ្នាំ២០២២ ដែលពេលនោះគឺគេនឹងបានឃើញទីក្រុងសៀមរាបនេះ គឺស្អាត ដែលមានផ្លូវស្អាត បន្ទាប់ពីផ្លូវស្អាតនៅទីក្រុងភ្នំពេញ ផ្លូវស្អាតនៅខេត្តព្រះសីហនុផងដែរ។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប ធ្លាប់បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងនាំសុខសន្តិភាពនិងប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ដោយឡែកសម្រាប់ខេត្តសៀមរាបនៅចុងឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុនសែន បានផ្តល់ឱ្យខេត្តនូវគម្រោងជួសជុលផ្លូវចំនួន៣៨ខ្សែ ហើយតាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរដល់ការការពារ និងកែលម្អបរិស្ថាន ផាសុកភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) ផងដែរ។

សូមបញ្ជាក់ថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាបនេះ មានប្រវែងសរុប ១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជិត ១៥០លានដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដែលមានរយៈពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១៕
ដោយ ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


