ព័ត៌មានជាតិ
តំបន់សៀមរាបអង្គរត្រៀមខ្លួនទទួលទេសចរណ៍វ៉ាក់សាំងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២
តំបន់ទេសចរណ៍បេតិកភណ្ឌពិភពលោក ដែលជាប៉ូលទេសចរណ៍ដ៏សំខាន់របស់កម្ពុជាគឺតំបន់សៀមរាបអង្គរនឹងបើកទទួលទេសចរណ៍សុវត្ថិភាព ឬ ទេសចរណ៍វ៉ាក់សាំងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ ក្នុងក្របខ័ណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំងដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅនិងទស្សនាក្នុងតំបន់ឬ គោលដៅទេសចរណ៍សុវត្ថិភាពរយៈពេល ៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារឡើយ ។

ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបលោក ង៉ូវ សេងកាក់ បានឲ្យដឹងថាគ្រប់ផ្នែកទាំងរដ្ឋទាំងវិស័យឯកជននៅក្នុងខេត្តសៀមរាប បានត្រៀមខ្លួនជានិច្ចក្នុងការ ទទួលអ្នកទេសចរ ។ លោកបន្តថាទាំងក្នុងក្រុងសៀមរាបទាំងតាមរមណីយដ្ឋានទេសចរណ៍, អេកូទេសចរណ៍ តែងបានអនុវត្តនូវវិធានការនានាដែលបានដាក់ ចេញដើម្បីឲ្យប្រាកដថាអ្នកទេសចរមកកម្សាន្តនៅខេត្តសៀមរាបមានភាពកក់ក្តៅ។

ចំណែកលោក សូត្រ សួរ តំណាងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំក៏បានលើកឡើងនៅថ្ងៃទី ៤ ខែវិច្ឆិកានេះដែរថា សម្រាប់សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ពិតជារីករាយនៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកប្រទេសទទួលអ្នកទេសចរដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យចូលមកទស្សនាកម្ពុជាឡើងវិញ។

លោកថ្លែងថា សហគមន៍បាគងភូមិខ្ញុំបានប្រកាន់ខ្ជាប់នូវវិធានការ”បីកុំ បីការពារ” ក៏ដូចជាគោរពវិធានការនានាដែលក្រសួងសុខាភិបាលនិងក្រសួងទេសចរណ៍ អាជ្ញាធរខេត្តសៀមរាបបានដាក់ចេញ។

លោក គង់ ប៊ុនលួស អនុប្រធានសហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍ក្នុងស្រុកសូទ្រនិគមបានឲ្យដឹងតាមទូរសព្ទនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកានេះថាសហគមន៍របស់លោកបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការទទួលអ្នកទេសចរទាំងជាតិនិងអន្តរជាតិទៅតាមគន្លងថ្មី ។ យើងត្រៀមរួចហើយគឺតាមការណែនាំរបស់ក្រ សួងសុខាភិបាល ក្រសួងទេសចរណ៍ក៏ដូចជាការណែនាំរបស់ខេត្ត ។ យើងបានត្រៀមដូចជាការដាក់ឧបករណ៍វាស់កម្តៅ ការពាក់ម៉ាសនិយាយរួមយើងបានអនុវត្តន៍តាមវិធានការ «បីកុំ បីការពារ»។

ជាមួយគ្នានេះអាជ្ញាធរខេត្តសៀមរាបក៏បានជំរុញឲ្យក្រុមការងាររៀបចំកំពង់ផែទេសចរណ៍ចុងឃ្នៀសឡើងវិញ បន្ទាប់ពីកំពង់ផែមួយនេះត្រូវបានរាជរដ្ឋាភិបាលរឹប អូសយកពីក្រុមហ៊ុនស៊ូជីងមកវិញដោយមូលហេតុមិនអនុវត្តតាមផែនការ។ ការជំរុញនេះបានធ្វើឡើងបន្ទាប់ពីតំបន់សៀមរាបអង្គរត្រៀមខ្លួនបើកទទួលអ្នកទេស ចរវ៉ាក់សាំងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

អភិបាលខេត្តសៀមរាបលោក ទៀ សីហា ក្នុងឱកាសចុះផ្ទាល់ដល់កំពង់ផែមួយនេះ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១បានបញ្ជាក់ថា កំពង់ផែចុងឃ្នៀស ត្រូវបានអាជ្ញាធរខេត្តសៀមរាបដាក់ចេញនូវផែនការជំរុញឲ្យមានការចាប់ផ្តើមជាថ្មីរៀបចំឡើងវិញបន្ទាប់ពីមានភាពអសកម្មក្នុងវិបត្តិកូវីដ-១៩កន្លងមកដើម្បីត្រៀម លក្ខណៈឲ្យបើកដំណើរការទទួលភ្ញៀវទេសចរឡើងវិញនាដើមឆ្នាំ២០២២ ខាងមុខនេះស្របតាមគន្លងប្រក្រតីភាពថ្មីនិងត្រូវរៀបចំនីតិវិធីប្រតិបត្តិស្តង់ដាសុវត្ថិ ភាព( SOP ) រៀនរស់ជាមួយកូវីដ-១៩។

លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានបង្ហាញឲ្យដឹងអំពីផែនការចំពោះមុខដែលក្នុងជំហានដំបូងនេះគឺចាំបាច់ត្រូវតែមានការជួសជុលបន្ទាន់ផ្លូវចូលតំបន់ ចុងឃ្នៀស។កំពង់ផែចុងឃ្នៀសគឺជាគោលដៅសម្រាប់ការអភិវឌ្ឍន៍នាពេលអនាគតឲ្យស្របតាមស្តង់ដារកំពង់ផែទេសចរណ៍ដោយគិតគូរលើការបំពាក់សម្បទា ទ្រទ្រង់សេវាកម្មផងដែរ។
លោក ទៀ សីហា បានបញ្ជាក់ថា សម្រាប់ការត្រៀមបើកទទួលទេសចរណ៍សុវត្ថិភាពឬទេសចរវ៉ាក់សាំងនិងទេសចរណ៍ផ្ទៃក្នុងដែលសៀមរាប-អង្គរគ្រោងនឹងបើក ទទួលភ្ញៀវជាផ្លូវការថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ខាងមុខនេះតំបន់ចុងឃ្នៀសត្រូវតែបានរៀបចំល្អប្រសើរ សន្តិសុខ សណ្តាប់សាធារណៈ ដែលជាពិសេសនោះ គឺត្រូវបានកំណត់ច្បាស់លាស់ បែងចែកឲ្យមានជាតំបន់បដិសណ្ឋារកិច្ច តំបន់ប្រជាជនរស់នៅ និងតំបន់ផ្សារត្រីជាដើម៕
ដោយ ៖ ណារី





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ