ព័ត៌មានជាតិ
សម្តេចក្រឡាហោម ស ខេង ចេញបញ្ជាឲ្យអធិការកិច្ចប្រកបដោយការទទួលខុស ត្រូវលើករណីជនជាប់ឃុំលួចរត់
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានចេញសារមួយ ជម្រាបជូនប្រជាពលរដ្ឋ ក៏ដូចជាមហាជនឲ្យបានដឹងពីលទ្ធផល នៃការតាមចាប់ខ្លួនអ្នកទោសទាំង៧ នាក់ ដែលបានលួចរត់ចេញពីពន្ធនាគារ កាលពីថ្មីៗនេះ។
សម្តេចក្រឡាហោម ស ខេង លើកឡើងថា “ថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិអំពីលទ្ធផល នៃកិច្ចប្រតិបត្តិការចាប់ខ្លួនមកវិញនូវទណ្ឌិតដែលបានលួចរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែងកាលពីពេលថ្មីៗនេះ។ តាមលទ្ធផលនៅពេលនេះ សមត្ថកិច្ចយើងបានចាប់ខ្លួនជនជាប់ឃុំចំនួន៥នាក់ មកវិញហើយ ក្នុងចំណោមជនជាប់ឃុំចំនួន៧នាក់ ដែលបានវាយទម្លុះជញ្ជាំងពន្ធនាគារលួចរត់ គេចខ្លួនកាលពីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ”។
បើតាមសម្តេចក្រឡាហោម ស ខេង ជនជាប់ឃុំដែលសមត្ថកិច្ចចាប់បានមកវិញនោះ គឺមានជនជាតិឡាវចំនួន២នាក់ និងជនជាតិខ្មែរចំនួន៣នាក់ ដែលរួមមាន៖
១. ឈ្មោះ ទូច វ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានបទល្មើសសមគំនិតក្នុងអំពើជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងមានកម្រិតទោស៣០ឆ្នាំ ។
២. ឈ្មោះ វ៉ា ភូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានបទល្មើស ជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន និងមានកំរិតទោស២០ឆ្នាំ។
៣. ឈ្មោះ ភិត ងិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិឡាវ មានបទល្មើស ប៉ុនប៉ងជួញដូរដោយខុសច្បាប់នូវសារ ធាតុញៀន និងមានកំរិតទោស ០៤ឆ្នាំ ។
៤. ឈ្មោះ ចាក លីប៊ីតាលី ភេទប្រុស អាយុ២៨ឆ្នាំជនជាតិឡាវ មានបទល្មើស ជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន កំរិតទោស អស់មួយជីវិត។
៥. ឈ្មោះ ហន វិមាន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានបទល្មើស លួចមានស្ថានទម្ងន់ ទោសដោយសារការប្រើទារុណកម្ម និងមានកំរិតទោស២៧ឆ្នាំ ។
ទន្ទឹមនឹងនេះទណ្ឌិត២នាក់ ជាជនជាតិឡាវដែលមានបទល្មើសគ្រឿងញៀន ក៏សមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួនមកវិញដែរ។
ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានចាត់ចែងឲ្យមានការធ្វើអធិការកិច្ចប្រកបដោយការទទួលខុសត្រូវចំពោះបញ្ហាដែលបានកើតឡើង គឺធ្វើឲ្យជនជាប់ឃុំរត់រួចពីពន្ធនាគារ ដែលពេល នេះក្រុមការងារកំពុងតែធ្វើកិច្ចការនេះ។

សម្តេចក្រឡាហោម ស ខេង លើកឡើងទៀតថា អ្វីដែលសម្តេចចង់បញ្ជាក់នៅ ពេលនេះ គឺលទ្ធផលប្រតិបត្តិការនេះពិតជាកើតឡើងបានដោយសារតែមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលបានជួយស្រាវជ្រាវ និងរាយការណ៍ជូនសមត្ថកិច្ចឈានទៅដល់ការចាប់បានមកវិញនូវទណ្ឌិត ដែលសុទ្ធជាឧក្រិដ្ឋជនគ្រឿងញៀនទាំងនេះ។ លទ្ធផលនេះបានបង្ហាញថា គ្រប់សកម្មភាពសង្គមអាចសម្រេចបានដោយសារតែមានការចូលរួមរបស់ប្រជាពលរដ្ឋ ហើយវាជាមោទនភាព ដែលលទ្ធផលនេះ បានបង្ហាញថា បងប្អូនប្រជាពលរដ្ឋយើងពិតជាមានការយល់ដឹងនិងចូលរួមក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការថែរក្សាសន្តិសុខ សុវត្ថិភាពសង្គមផងដែរ។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង ខ្លួន សម្តេចផ្ទាល់ដែលទទួលខុសត្រូវ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម សម្តេចសម្ដែងនូវការកោតសរសើរ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានខ្នះខ្នែងធ្វើកិច្ចប្រតិបត្តិការប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងប្រតិបត្តិការនេះ ហើយសង្ឃឹមថា ការចាប់ខ្លួនទណ្ឌិត២នាក់ទៀតនឹងសម្រេចបាននាពេលឆាប់ៗខាងមុខនេះ។
ក្នុងឱកាសនេះ សម្តេចក្រឡាហោម ស ខេង បានអំពាវនាវផងដែរ ដល់បងប្អូនជនរួមជាតិ គ្រប់មជ្ឈដ្ឋានសូមបន្តគាំទ្រនិងចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការគាំទ្រ និងចូលរួមបន្ត អនុវត្តតាម ពាក្យស្លោកជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ៣កុំ ១រាយការណ៍ទាំងអស់គ្នា ដើម្បីសុវត្ថិភាព និងភាពសុខសាន្តក្នុងសង្គមជាតិយើង៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?