គ.ជ.ប ឆ្លើយតបការបារម្ភរបស់ភាគីពាក់ព័ន្ធ លើការប្រើប្រាស់កំណត់ហេតុ នៃការរាប់សន្លឹកឆ្នោត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

គ.ជ.ប ឆ្លើយតបការបារម្ភរបស់ភាគីពាក់ព័ន្ធ លើការប្រើប្រាស់កំណត់ហេតុ នៃការរាប់សន្លឹកឆ្នោត

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២២ បានចេញសេចក្តីបំភ្លឺមួយ ក្រោយពីមានការបារម្ភពីភាគីពាក់ព័ន្ធថា មិនអាចធានាបាននូវការបោះឆ្នោតមួយ ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ប្រសិនបើភ្នាក់ងារគណបក្សនយោបាយ ដែលបានចូលរួមតាមដានសង្កេតមើល ដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត មិនអាចទទួលបានកំណត់ហេតុ នៃការរាប់សន្លឹកឆ្នោត (ទ.១១០២) នៅការិយាល័យបោះឆ្នោត ហើយការវេចខ្ចប់កញ្ចប់សុវត្ថិភាព “ក“ ធ្វើឡើងដោយមិនត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ.ជ.ប តាមរយៈក្រុមអ្នកនាំពាក្យបានលើកឡើងថា យោងមាត្រា ១៣២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ត្រូវធ្វើជា ៣ច្បាប់ គឺមួយច្បាប់ផ្ញើជូនគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ដោយភ្ជាប់មកជាមួយនូវបញ្ជីឈ្មោះអ្នកបោះឆ្នោត គល់បញ្ជីសន្លឹកឆ្នោតដែល បានប្រើសន្លឹកឆ្នោតមិនបានប្រើ សន្លឹកឆ្នោតបានការ សន្លឹកឆ្នោតពុំបានការ សន្លឹកឆ្នោតខូច ត្រាសម្ងាត់សម្រាប់ការិយាល័យបោះឆ្នោត ពាក្យបណ្ដឹងជំទាស់ ឬតវ៉ា ប្រសិនបើមាន (ក្នុងការអនុវត្តបច្ចេកទេស ឯកសារទាំងនេះត្រូវដាក់ក្នុងកញ្ចប់សុវត្ថិភាព “ក“) ហិបឆ្នោត និងឯកសារ សម្ភារ ឧបករណ៍ចាំបាច់ផ្សេងទៀត ដែលកំណត់ដោយគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (ក្នុងការ អនុវត្តបច្ចេកទេស របស់ទាំងនេះត្រូវវេចខ្ចប់ដោយឡែក)។

មួយច្បាប់បិទផ្សាយជាសាធារណៈ នៅការិយាល័យរាប់សន្លឹក ឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលផ្លូវការនៃការបោះ ឆ្នោត ហើយមួយច្បាប់ទៀតបិទផ្សាយជាសាធារណៈនៅទីស្នាក់ការ គឃ.សប រហូតដល់ថ្ងៃប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត ។

តាមបញ្ញត្តិដូចបានបញ្ជាក់ជូនខាងលើ និងក្នុងគោលបំណងដើម្បីពង្រឹងលក្ខខណ្ឌបច្ចេកទេសក្នុងការអនុវត្តមាត្រា១៣២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គ.ជ.ប បានបង្កើតប្រភពផ្សព្វផ្សាយចំនួនបី ដែលភ្នាក់ងារគណបក្សនយោបាយអាចទទួលបានកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) នៅថ្ងៃបោះឆ្នោត៖

ទី១.កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) មានបិទផ្សាយនៅមុខការិយា-ល័យរាប់សន្លឹកឆ្នោត ។ ភ្នាក់ងារគណបក្សអាចកត់ត្រា ឬ/និងថតទុកក្នុងទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន ។

ទី២.នៅពេលបញ្ជូនកំណត់ហេតុ នៃការរាប់សន្លឹកឆ្នោត (ទ.១១០២) ទៅដល់ គឃ.សប ឯកសារនេះនឹងត្រូវចុះហត្ថលេខា ចុះកាលបរិច្ឆេទ និងបោះត្រាបញ្ជាក់ការទទួល ដោយប្រធាន គឃ.សប បន្ទាប់មក កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) នេះ នឹងត្រូវបានស្កេនបញ្ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោត រួចបោះពុម្ពចេញ ដើម្បីចែកជូនភ្នាក់ងារគណបក្សនយោបាយ ដែលមានវត្តមាន។

ទី៣.នៅពេលដែលឯកសារទាំងអស់ ត្រូវបានស្កេនបញ្ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោតហើយ ភាគីពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋអាចរកមើលឃើញរូបថតទម្រង់បែបបទ ដែលជាឯកសារមូលដ្ឋាន សម្រាប់ការត្រួតពិនិត្យ ផ្ទៀតផ្ទាត់ និង បូកសរុបលទ្ធផលនៃការបោះឆ្នោតក្នុងឃុំ សង្កាត់ ទាំងអស់ទូទាំងប្រទេសនៅក្នុងគេហទំព័រ គ.ជ.ប។

ចំពោះការវេចខ្ចប់ ការប្រគល់ និងទទួលកញ្ចប់សុវត្ថិភាព “ក“ ពុំមានអ្វីប្រែប្រួលខុសពីការបោះឆ្នោតមុនៗទេ។ គ.ជ.ប គ្រាន់តែពង្រឹងយន្តការ និងកែសម្រួលលំហូរការងារឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពប៉ុណ្ណោះ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services