ព័ត៌មានជាតិ
គ.ជ.ប ឲ្យបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្ររក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោតព្រឹទ្ធសភា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឲ្យគណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោត។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ខាងមុខ។ សេចក្ដីអំពាវនាវរបស់ គ.ជ.ប នៅថ្ងៃទី ២២ ខែកុម្ភៈ បានឲ្យដឹងថា យោងតាមមាត្រា ១៧ នៃច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សកម្មភាពឃោសនាបោះឆ្នោតត្រូវចប់ ២៤ម៉ោង មុនថ្ងៃបោះឆ្នោត។
ដូច្នេះ គ.ជ.ប បានអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង ១០ និង០០យប់ថ្ងៃទី ២៣ ខែកុម្ភៈ រហូតដល់ម៉ោង ១២ និង០០យប់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤។
ត្រង់ចំណុចនេះ គ.ជ.ប បានបញ្ជាក់ថា គណបក្សនយោបាយ បេក្ខជន សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សេចក្តីណែនាំ រួមនឹងក្រមសីលធម៌សម្រាប់ការបោះឆ្នោត។
បើតាម គ.ជ.ប ដដែល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលទទួលខុសត្រូវការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវិស័យការងារឯទៀត ត្រូវផ្តល់កិច្ចសហការដល់ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅក្នុងដំណាក់កាលនេះ។
ជាពិសេសក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបង្ការ និងទប់ស្កាត់នូវរាល់សកម្មភាព និងបាតុភាពទាំងឡាយ ដែលមានបំណងបំផ្លាញការបោះឆ្នោត តាមរយៈការប្រើប្រាស់គ្រប់មធ្យោបាយទុច្ចរិតធ្វើឲ្យមានការភាន់ច្រឡំ នាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត បង្កការរំខានមិនឲ្យដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតបាន។
បន្ថែមលើនេះ គ.ជ.ប បានព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពទាំងឡាយណាដែលរំលោភច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បទបញ្ជា និងនីតិវិធី របស់ គ.ជ.ប។
គ.ជ.ប សង្ឃឹមថា គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ នឹងអនុវត្តតាមការអំពាវនាវនេះ ឲ្យមានប្រសិទ្ធភាព។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ មានគណបក្សនយោបាយចំនួន ៤ បានចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជន ចូលរួមប្រកួតប្រជែង។ គណបក្សនយោបាយទាំង ៤នោះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


