ព័ត៌មានជាតិ
ក្រសួងបរិស្ថាន ប្រកាសអនុវត្តផែនការខ្យល់ស្អាត ខណៈកំហាប់បំពុលខ្យល់កើនរាល់ឆ្នាំ
ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យអនុវត្តផែនការខ្យល់ស្អាតកម្ពុជា ដើម្បីទប់ស្កាត់ការបំពុលខ្យល់ ខណៈកំហាប់សារធាតុបំពុលខ្យល់កើនពីមួយឆ្នាំទៅមួយឆ្នាំ ដែលនាំឱ្យប៉ះពាល់ចំពោះសុខភាពសាធារណៈ បរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ផែនការខ្យល់ស្អាតកម្ពុជា នៅថ្ងៃទី ២៥ ខែមករានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការរៀបចំផែនការខ្យល់ស្អាតកម្ពុជាក្នុងគោលបំណងដើម្បីបង្កើតការវិភាគរួមនៃសារធាតុបំពុលបរិយាកាស ឧស្ម័នផ្ទះកញ្ចក់ និងសារធាតុបំពុលបរិយាកាស រយៈពេលខ្លី ដើម្បីកំណត់ពីវិស័យនានាដែលជាប្រភពសំខាន់នៃការបំពុលខ្យល់នាពេលបច្ចុប្បន្ន និងពេលអនាគត។
បើតាមទិន្នន័យតាមដានគុណភាពខ្យល់របស់ក្រសួងបរិស្ថាន បានបង្ហាញថា នៅរាជធានីភ្នំពេញជារៀងរាល់ឆ្នាំ កំហាប់ PM2.5 ជាមធ្យមមានកើនឡើងពី ១៣,៥៩ មីក្រូក្រាម ក្នុងមួយម៉ែត្រគូប (១៣.៥៩μg/m³) ក្នុងឆ្នាំ ២០១៧ និង ១៩,២៦ μg/m³ ក្នុងឆ្នាំ ២០១៨ ហើយវាបានកើនឡើងដល់ ២១,១២ μg/m³ ក្នុងឆ្នាំ២០១៩។ បើទោះបីជាកំហាប់ភាគល្អិតនិចលស្ថិត ក្រោមបន្ទាត់ស្តង់ដាជាតិ (២៥ μg/m³) ក៏ដោយ ប៉ុន្តែនិន្នាការនៃការកើនឡើងកំហាប់សារធាតុបំពុលខ្យល់ពីមួយឆ្នាំទៅមួយឆ្នាំក្នុងបរិយាកាស គឺមានកម្រិតគួរឱ្យកត់សម្គាល់ ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់វិធានការកាត់បន្ថយ។

លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា ដើម្បីកំណត់វិធានការកាត់បន្ថយការសាយភាយការបំពុលខ្យល់នៅក្នុងផែនការ និងយុទ្ធសាស្ត្រ ដែលមានស្រាប់ ស្របគ្នានឹងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក៏ដូចជាកំណត់អាទិភាពដល់សកម្មភាព និងត្រួសត្រាយផ្លូវសម្រាប់ការគ្រប់គ្រងគុណភាពខ្យល់ និងជំរុញការអនុវត្តដែលបានគ្រោងទុកសម្រាប់ផែនការមានស្រាប់ និងសកម្មភាពថ្មីៗដែលកំពុងបង្កើតឡើងនៅក្នុងវិស័យផ្សេងៗ។
លោកបានបន្តទៀតថា ក្រសួងបរិស្ថាន បានផ្តួចផ្តើមរៀបចំផែនការខ្យល់ស្អាតកម្ពុជានេះឡើង ដោយមានកិច្ចសហការផ្តល់បច្ចេកទេស និងហរិញ្ញវត្ថុពីកម្មវិធីភាពជាដៃគូ ស្តីពី ខ្យល់ស្អាតអាស៊ីប៉ាស៊ីហ្វិក នៃកម្មវិធីបរិស្ថានសហប្រជាជាតិ និងវិទ្យាស្ថានបរិស្ថានស្តុកខូម នៃប្រទេសស៊ុយអ៊ែត សំដៅកំណត់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលខ្យល់នៅប្រទេសកម្ពុជា។
ភាគល្អិតនិចល មានសមាសធាតុដែលជាល្បាយនៃភាគល្អិតសរីរាង្គ និងអសរីរាង្គ អណ្តែតក្នុងខ្យល់មានដូចជា៖ ស៊ុលហ្វាត នីត្រាត អាម៉ូញាក់ កាបូនខ្មៅ ជាដើម ដោយភាគល្អិតដែលមានអង្កត់ផ្ចិត ២,៥ មីក្រូម៉ែត្រ (២,៥μm) ឬតូចជាងនេះមានគ្រោះថ្នាក់ខ្លាំងចំពោះសុខភាព ដោយសារវាអាចជ្រៀតចូល និងស្ថិតនៅជ្រៅក្នុងសួត។ មានជំងឺមួយចំនួនដែលបណ្តាលមកពីការប៉ះពាល់ជាមួយភាគល្អិតនិចលក្នុងរយៈពេលវែង ដូចជាប៉ះពាល់ដល់ទារក (កើតមុនកំណត់ ទម្ងន់មិនគ្រប់) ជំងឺផ្លូវដង្ហើមចំពោះកុមារ ក្រិនសរសៃឈាម ការវិវឌ្ឍប្រព័ន្ធប្រសាទ និងសមត្ថភាពខួរក្បាល។

យោងតាមអង្គការសុខភាពពិភពលោក ការបំពុលខ្យល់សាធារណៈបានសម្លាប់មនុស្សប្រមាណ ៤,២ លាននាក់ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក ដែលប៉ាស៊ីហ្វិកខាងលិច និងអាស៊ីអាគ្នេយ៍ ជាតំបន់ដែលរងផលប៉ះពាល់ច្រើនជាងគេ។
ការបំពុលខ្យល់កំពុងក្លាយជាបញ្ហាប្រឈមផ្នែកបរិស្ថាននៅក្នុងតំបន់ និងពិភពលោក ដែលផលប៉ះពាល់របស់វាមិនអាចកំណត់បាន។ វិសាលភាពនៃផលប៉ះពាល់ពីការបំពុលខ្យល់មានលក្ខណៈធំធេង ដោយសារតែសារធាតុបំពុលខ្យល់អាចសាយភាយបានឆ្ងាយ និងអាចបង្កឱ្យមានការបំពុលឆ្លងដែន។ ការបំពុលខ្យល់មិនអាចចាត់ទុកថា ជាបញ្ហារបស់ប្រទេសណាមួយនោះទេ ប៉ុន្តែវាជាបញ្ហារួមសម្រាប់តំបន់ និងពិភពលោក ដែលទាមទារឱ្យមានការចូលរួមចំណែកពីគ្រប់ភាគី។
គួរបញ្ជាក់ថា ឯកសារជាយុទ្ធសាស្រ្តដែលក្រសួងបរិស្ថានប្រកាសនៅថ្ងៃនេះមានទិដ្ឋភាពសំខាន់ៗ រួមមាន ស្ថានភាពគុណភាពខ្យល់ (បច្ចុប្បន្ននិងនិន្នាកាក្នុងឆ្នាំ២០៣០) ប្រភពបំពុលខ្យល់សំខាន់ៗ លិខិតបទដ្ឋានគតិយុត្ត និងវិធានការកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលបរិយាកាសតាមវិស័យ។ នេះជាលើកទីមួយហើយដែលការបញ្ចេញសារធាតុបំពុលបរិយាកាស បង្កផលប៉ះពាល់ដល់សុខភាពត្រូវបានវាស់វែងក្នុងកម្រិតជាតិ និងវិធានការកាត់បន្ថយការបំពុលបរិយាកាសត្រូវបានដាក់អនុវត្ត ក្នុងគោលបំណងលើកកម្ពស់គុណភាពខ្យល់ ការពារសុខភាពសាធារណៈ និងបរិស្ថាន ត្រូវបានកំណត់ជាក់លាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


