ព័ត៌មានជាតិ
រដ្ឋមន្ត្រីព័ត៌មាន៖ ការយល់ដឹងពីកិច្ចព្រមព្រៀង RCEP នឹងបង្កើនចំណេះដឹងដល់អ្នកសារព័ត៌មាន
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា លើកឡើងថា ការយល់ដឹងពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលហៅថា «RCEP» នឹងរួមចំណែកបង្កើនចំណេះដឹងបន្ថែមដល់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសារព័ត៌មាន។

ក្នុងកម្មវិធីបាឋកថាស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ឧទ្ទេសនាមដោយលោកទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ការរៀបចំបាឋកថាស្តីពីកិច្ចព្រមព្រៀង RCEP ពេលនេះ គឺស្របនឹងកាលៈទេសៈដែលកម្ពុជាកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងតំបន់អាស៊ាន និងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយនៅលើឆាកអន្តរជាតិ។
លោករដ្ឋមន្ត្រី បន្តថា តាមរយៈនេះ ក៏ស្របពេលជាមួយនឹងគម្រោងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសចិន នៅថ្ងៃទី១៤ ខែកញ្ញា ខាងមុខនេះ។ ទន្ទឹមនេះ កម្មវិធីបាឋកថានាពេលនេះ ក៏ស្របទៅនឹងចក្ខុវិស័យរបស់ក្រសួងព័ត៌មាន ក្នុងការធ្វើទំនើបកម្មស្ថាប័នដោយផ្ដោតសំខាន់លើការកសាងសមត្ថភាពផងដែរ។

បើតាមលោករដ្ឋមន្ត្រី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ «RCEP» ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ដែលសាធារណជនទូទៅ ជាពិសេសពាណិជ្ជករ និងអ្នកវិនិយោគទាំងជាតិ-អន្តរជាតិ ចាំបាច់ត្រូវយល់ដឹងអំពីយុទ្ធសាស្តក្នុងការទាញយកអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងនេះ។ ជាមួយគ្នានេះ អ្នកសារព័ត៌មាន ក៏មានតួនាទីសំខាន់ដែរក្នុងការនាំយកនូវដំណឹងទាំងអស់នេះ ដើម្បីផ្សព្វផ្សាយបន្តជូនដល់សាធារណជន។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការយល់ច្បាស់ពីគោលបំណងអំពីកិច្ចព្រមព្រៀងនេះ នឹងជួយឱ្យបណ្ដាវិនិយោគិន និងក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា អាចអភិវឌ្ឍន៍ខ្លួនស្របតាមការវិវត្តិនៃសភាពការណ៍នៅលើសកលលោក និងបង្កើនភាពប្រកួតប្រជែងរបស់ខ្លួន។ លោក នេត្រ ភក្ត្រា មានជំនឿយ៉ាងមុតមាំថា អ្នកសារព័ត៌មានទាំងអស់ នឹងជួយផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីកិច្ចព្រមព្រៀង RCEP នេះទៅដល់សាធារណជន ជាពិសេសវិនិយោគិន និងធុរជនបរទេស ដែលមានបំណងចង់ធ្វើធុរកិច្ចនៅកម្ពុជា ដើម្បីឱ្យកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពេញលេញពីកិច្ចព្រមព្រៀងនេះ។

ទស្សនាទាននៃកិច្ចព្រមព្រៀងនេះ ត្រូវបានផ្តួចផ្តើមឡើងនៅអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី១៩ នៅខែ វិច្ឆិកា ឆ្នាំ២០១១ ហើយមួយឆ្នាំបន្ទាប់មក ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ នៅខែវិច្ឆិកា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំសម្បើមនេះ បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ស្របពេលដែលកម្ពុជាចាប់ផ្ដើមអាណត្តិជាប្រធានអាស៊ាន លើកទី៣ នាពេលនោះ។ ក្នុងន័យនេះ កិច្ចព្រមព្រៀងនេះ បានចាប់បដិសន្ធិឡើងនៅប្រទេសកម្ពុជា ហើយ១០ឆ្នាំក្រោយមក កិច្ចព្រមព្រៀងនេះ បានចូលជាធរមាននៅលើទឹកដីនៃកម្ពុជា សារជាថ្មីម្តងទៀត៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


