Connect with us

ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញនូវគោលការណ៍ណែនាំ ៩ ចំណុច ដើម្បីរក្សាសុខសន្តិភាព

បានផុស

នៅ

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់ក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់នូវគោលការណ៍ណែនាំចំនួន ៩ ចំណុច ដល់ក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីឲ្យកម្ពុជារក្សាសុខសន្តិភាព ទាំងបច្ចុប្បន្ន និងអនាគត។

បើតាមសម្តេច ប្រមុខរាជរដ្ឋាភិបាល គោលការណ៍ណែនាំទាំងនោះ រួមមាន៖

ទី១. បន្តរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាព នយោបាយ ឯករាជ្យ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋ-ធម្មនុញ្ញ បន្តជំរុញលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរី- ពហុបក្ស ការការពារ និងលើកស្ទួយសិទ្ធិសេរីភាពរបស់ ប្រជាពលរដ្ឋជាមួយនឹងការពង្រឹងនីតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

ទី២. បង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈជាប់ជាប្រចាំ ត្រូវបន្តធ្វើការកែទម្រង់កងកម្លាំង-នគរបាលជាតិ ផ្អែកតាមយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានាដែលបានកំណត់ ពង្រឹងកងកម្លាំងនគរបាលជាតិ កសាងសមត្ថភាពកម្លាំងនគរបាលជាតិប្រកបដោយជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ត្រូវប្រគល់តួនាទីភារកិច្ចមន្រ្តីក្រោមឱវាទស្របតាមមុខជំនាញ បទពិសោធន៍ និង ស្នាដៃបំពេញការងារ។ ត្រូវទប់ស្កាត់រាល់សកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែនគ្រប់រូបភាព បទល្មើសបច្ចេកវិទ្យា ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ និងបទល្មើសផ្សេងៗទៀត ជាពិសេសត្រូវបន្តស្រាវជ្រាវរាល់សកម្មភាពខុសច្បាប់ ដែលប៉ុនប៉ងផ្តួល រំលំរាជរដ្ឋាភិបាលស្របច្បាប់។

ទី៣. សហការត្រួតពិនិត្យការនាំចូល ការគ្រប់គ្រង ការចែកចាយ និងប្រើប្រាស់សារធាតុគីមីផ្សំនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការប្រើប្រាស់ត្រឹមត្រូវស្របតាមគោលការណ៍អនុញ្ញាត ។ ត្រូវពិនិត្យ វាយតម្លៃ និងរៀបចំឡើងវិញនូវគោលការណ៍ព្យាបាល និងការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដែលមានការកើនឡើងជាលំដាប់។

ទី៤. កងកម្លាំងមានសមត្ថកិច្ចត្រូវបង្កើនវិធាន ការអប់រំច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ បង្កើនការរៀបចំស្លាកសញ្ញាចរាចរណ៍ និងសណ្តាប់ធា្នប់តាមដងផ្លូវ តាមទីក្រុង ទីប្រជុំជននានា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយធានាសុវត្ថិភាពក្នុងការធ្វើដំណីរ។

ទី៥. ក្រសួងស្ថាប័ននានា ត្រូវពង្រឹងការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងយន្តការនានា ដែល រាជរដ្ឋាភិបាលបានបង្កើតឡើង ដើម្បីរួមគ្នាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពនៃយុទ្ធសាស្ត្រជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម និងផែនការសកម្មភាពនានា ដែលក្រុមការងារត្រួតពិនិត្យ រួមគ្នានៃប្រទេសអាស៊ី-ប៉ាស៊ីហ្វិក បានដាក់ចេញសំដៅការពារ កិត្តិយស កិត្យានុភាពជាតិ និងការចូលរួមរបស់កម្ពុជាក្នុងការរក្សាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។

ទី៦. ត្រូវបន្តបង្កើនការគ្រប់គ្រងការចេញ ចូលប្រទេស ទប់ស្កាត់ជនបរទេសចេញចូលស្នាក់នៅខុសច្បាប់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ និង បន្តពង្រឹងយន្តការគ្រប់គ្រងវត្តមានជនបរ ទេសខុសច្បាប់ក្នុងប្រទេស ដែលបានប្រព្រឹត្តបទល្មើសនានា ដើម្បីចាត់វិធានការតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៃព្រះរាជាណា-ចក្រកម្ពុជា។

ទី៧. ផ្អែកលើការវាយតម្លៃសមិទ្ធផលអនុវត្ត “គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព” ដែលបានអនុវត្តក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវគោលនយោ​បាយភូមិ ឃុំ សង្កាត់មាន សុវត្ថិភាពថ្មី ដោយពង្រីកវិសាលភាពផ្តល់សេវាសាធារណៈ ជាពិសេសការផ្តល់សេវារដ្ឋបាលប្រកបដោយតម្លាភាព និង ការជឿទុកចិត្ត ការរៀបចំប្រព័ន្ធសម្របសម្រួលដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ការលើកកម្ពស់ការថែរក្សាការពារបរិស្ថាន អនាម័យ សោភ័ណភាពនៅតាមមូលដ្ឋាន ព្រមទាំងការរៀបចំ និងពង្រឹងប្រព័ន្ធគ្រប់គ្រងឆ្លើយតបគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនានា រួមទាំងជំងឺកូវីដ-១៩។ 

ទី៨. ឆ្នាំ២០២២ នេះ ជាឆ្នាំដំបូងដែលត្រូវអនុវត្តផែនការ៥ ឆ្នាំ នៃកម្មវិធីជាតិកែទម្រង់វិមជ្ឈការ និងវិសហ-មជ្ឈការ ដំណាក់កាលទី២ ដូច្នេះដើម្បីបន្តជំរុញដំណើរការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យសម្រេចបានតាមគោលដៅ ក្រសួងស្ថាប័ននានា រដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិត្រូវបន្តចូលរួមរៀបចំ ផែនការសកម្មភាព និង ថវិកាប្រចាំឆ្នាំ ដើម្បីអនុវត្តការកែទម្រង់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។  

ទី៩. ត្រូវបន្តខិតខំរួមគ្នាអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយបន្តជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាវិធានការគន្លឹះ ភ្ជាប់ជាមួយការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣កុំ ៣ ការពារ” ឱ្យបានជាប់ជាប្រចាំ ព្រមទាំងប្រកាន់យករបៀបរស់នៅ និងបំពេញការងារជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។

ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់ថ្នាក់ ត្រូវបង្កើនសកម្មភាពចុះជួយតាមមូលដ្ឋានរៀងៗខ្លួន ហើយត្រូវចូលរួមដោះស្រាយបញ្ហាប្រឈមនានា និងជំរុញការអភិវឌ្ឍមូលដ្ឋានឲ្យបានផុលផុស ដើម្បីជីវភាពប្រជាជន កាន់តែមានភាពល្អប្រសីរឡើង៕ 

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា២១ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ២៥ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ២៧ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម