Connect with us

ព័ត៌មានជាតិ

កម្ពុជាអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ស្បែកជើង និងកាបូប រយៈពេល ៥ ឆ្នាំ

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តជាផ្លូវការនូវ “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧” ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ថ្លែងក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ស្បែកជើង និងកាបូបតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២១ ខែមីនានេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានមានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តឯកសារយុទ្ធសាស្ត្រសម្រាប់ វិស័យកាត់ដេរ ផលិតស្បែកជើង និង កាបូប នៅកម្ពុជា ឬហៅកាត់ខ្លីថា “វិស័យកាត់ដេរ” ជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្ដល់ជាផែនទីបង្ហាញផ្លូវ សម្រាប់ភាគីពាក់ព័ន្ធរួមគ្នាជំរុញការអភិវឌ្ឍវិស័យកាត់ដេរ ដែលស្របតាមការចង្អុលបង្ហាញនៃ “យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ក្នុងចតុកោណទី២ ស្តីពីការធ្វើពិពិធកម្មសេដ្ឋកិច្ច” និង “ក្របខណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីស្តារ និង ជំរុញកំណើនសេដ្ឋ កិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១‑ ២០២៣”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដែលកម្ពុជាទទួលបាននៅឆ្នាំ២០១៦ វិស័យនេះបានបង្ហាញចលនាការល្អ ដោយសម្រេចបានកំណើនខ្ពស់នៃការនាំចេញ និងការធ្វើពិពិធកម្មផលិតផល តាមរយៈការកើនឡើងនូវការនាំចេញផលិតផលធ្វើដំណើរដូចជា វ៉ាលីស កាបូបស្ពាយ កាបូបយួរដៃ និងកាបូបលុយ។ល។ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្នុងរយៈពេលមធ្យម និងវែង វិស័យកាត់ដេរនឹងនៅតែបន្តជាចន្ទល់កំណើនសេដ្ឋកិច្ច មួយប្រកបដោយសក្តានុពល តាមរយៈការពង្រីក និងពង្រឹងមូលដ្ឋានឧស្សាហកម្មក្នុងស្រុក សម្រាប់ការនាំចេញ និងការចូលរួមតភ្ជាប់សេដ្ឋកិច្ចជាតិទៅនឹងខ្សែច្រវាក់តម្លៃតំបន់ និងសកល ដោយឈរលើកត្តាឧត្តមភាពប្រកួតប្រជែងមួយចំនួន ជាពិសេស ១. ប្រាក់ឈ្នួល និង ថ្លៃផលិតកម្មប្រកួតប្រជែង ២. ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម និង ៣. បរិយាកាស វិនិយោគអំណោយផល ជាដើម។ ជាក់ស្តែង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ តម្លៃបន្ថែមរបស់វិស័យកាត់ដេរ មានចំណែកប្រមាណ ១១% នៃផលិតផលក្នុងស្រុកសរុប (ផសស) ហើយគិតត្រឹម ឆ្នាំ ២០២១ ជាទិន្នន័យស្តុក វិស័យនេះបានស្រូបយកទុនវិនិយោគប្រមាណ ជាង ៧ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងប្រមាណ ១៧% នៃការវិនិយោគផ្ទាល់ពីបរទេសសរុបនៅកម្ពុជា និងបានចូលរួមទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា យ៉ាងហោច ណាស់ពី ២,៥ ទៅ ៣ លាននាក់ ដែលកំពុងអាស្រ័យផល ទាំងដោយផ្ទាល់ និងប្រយោល។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការរីកចម្រើន និងការចូលរួមជាសារវន្តរបស់វិស័យកាត់ដេរ ក្នុងដំណើរការនៃកិច្ច អភិវឌ្ឍន៍ជាតិ គឺជាសមិទ្ធផលជាក់ស្ដែងនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាមរយៈការលើកកម្ពស់បរិយាកាសវិនិយោគ និងការដាក់ចេញគោលនយោបាយគាំទ្រនានា។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា ទោះជាយ៉ាងនេះក្តី រចនាសម្ព័ន្ធនៃវិស័យកាត់ដេរនៅមិនទាន់មានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់នៅឡើយ ដោយសារ៖ ១. វិស័យកាត់ដេរបន្តស្ថិតនៅជាមជ្ឈមណ្ឌលផលិតកម្មមានតម្លៃបន្ថែមទាបនៅឡើយ និង ២. កម្រិតសមាហរណកម្មនៃឧស្សាហកម្មគាំទ្រ ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃក៏នៅមានកម្រិត។ ជាមួយគ្នានេះ វិស័យកាត់ដេរក៏កំពុងបន្តជួបប្រទះបញ្ហាប្រឈមមួយចំនួន ដែលមានលក្ខណៈជារចនាសម្ព័ន្ធ។ ផ្សារភ្ជាប់ទៅនឹងបញ្ហាប្រឈមទាំងនេះ ក៏មាននិន្នាការ និងការវិវត្តសំខាន់ៗក្នុងវិស័យនេះគួរឱ្យកត់សម្គាល់ ជាពិសេស ពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ឬចីរភាពបរិស្ថាន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែម ទាំងក្នុងកម្រិតគោលនយោបាយ និង កម្រិតប្រតិបត្តិការ។

លោកឧបនាយករដ្ឋមន្ត្រីបានឱ្យដឹងថា ជារួមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ មានចក្ខុវិស័យអភិវឌ្ឍវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបនៅកម្ពុជា ឱ្យទៅជាឧស្សាហកម្មដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្ដោតលើផលិតផលដែលលក់បានថ្លៃ មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋ-កិច្ចនៅឆ្នាំ ២០២៧។ យុទ្ធសាស្ត្រនេះក៏មានគោលបំណងកំណត់ទិសដៅអភិវឌ្ឍន៍រួម បង្កើនភាពឯករាជ្យពង្រឹងភាពប៉ាន់ប្រមាណបាន និងស្ថិរភាព ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍវិស័យនេះ ប្រកបដោយចីរភាព និងបរិយាប័ន្ន។

លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ផ្អែកលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ វិស័យកាត់ដេរបានរួមចំណែកយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ ដោយបានទាក់ទាញទុនវិនិយោគពីបរទេស បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសបាន និងកំពុងដើរតួយ៉ាងសំខាន់ សម្រាប់ការនាំចេញផលិតផលរបស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០ រហូតដល់ឆ្នាំ២០០៨ វិស័យកាត់ដេរបានរួមចំណែក ប្រមាណ ៩៥% និង បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៩ មកដល់បច្ចុប្បន្ន វិស័យនេះនៅបន្តឈរនៅលំដាប់ទីមួយ ពោលគឺរួមចំណែកជាមធ្យមជាង ៧០% នៃការនាំចេញសរុបរបស់កម្ពុជា ខណៈកម្ពុជាបាន និងកំពុងធ្វើពិពិធកម្មការនាំចេញផលិតផលផ្សេងទៀតដូចជា កង់ គ្រឿងបន្លាស់រថយន្ត និង គ្រឿងបង្គុំអេឡិចត្រូនិក ជាដើម៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម