ព័ត៌មានជាតិ
លោក អូន ព័ន្ធមុនីរ័ត្ន ជំរុញអាជ្ញាធរខេត្តកណ្ដាលពង្រឹងយន្តការដោះស្រាយវិវាទនៅមូលដ្ឋាន
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានជំរុញឱ្យអាជ្ញាធរខេត្តកណ្ដាលបន្តពង្រឹងយន្តការដោះស្រាយវិវាទនានានៅតាមមូលដ្ឋាន ដោយធ្វើយ៉ាងណាធានាឱ្យបាននូវយុត្តិធម៌សង្គម ក៏ដូចជាការបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើ អាជ្ញាធរ។

លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ការសម្របសម្រួល និងដោះស្រាយបញ្ហាទំនាស់ ជម្លោះ និងការតវ៉ានានា ដែលបានកើតមាននៅមូលដ្ឋាន គឺត្រូវផ្អែកតាមច្បាប់ គោលការណ៍ណែនាំបែបបទ និងនីតិវិធីជាធរមាន ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម បង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរដ្ឋបាលថ្នាក់ក្រោមជាតិ និងបង្កើតបរិយាកាសល្អដល់ការរស់នៅ ការវិនិយោគ និងការប្រកបអាជីវកម្មផ្សេងៗ។
ការជំរុញរបស់លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានធ្វើឡើងក្នុងពិធីបិទសន្និបាតការងារប្រចាំឆ្នាំ របស់រដ្ឋបាលខេត្តកណ្ដាល នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ដែលជាគោលបំណង និងជាទិសដៅការងារដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល។

ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានណែនាំដល់រដ្ឋបាលខេត្តកណ្ដាល គណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ពិសេសត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យខានតែបានរាល់សកម្មភាព ឬទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម ភាពចលាចល ឬភាពវឹកវរក្នុងសង្គម។
ទន្ទឹមនេះ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវខិតខំស្រាវជ្រាវ និងបង្ការទប់ស្កាត់ឱ្យបានទាន់ពេលប្រកបដោយប្រសិទ្ធភាពរាល់សកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់អុចអាលបង្កឱ្យមានអំពើហិង្សា ការប្រឆាំងនឹងអាជ្ញាធរសាធារណៈ និងអសន្តិសុខក្នុងសង្គម ដែលអាចប៉ះពាល់ធ្ងន់ធរដល់សង្គមជាតិលើគ្រប់ទិដ្ឋភាព ទាំងសេដ្ឋកិច្ច សង្គម ទេសចរណ៍ ការវិនិយោគ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ពីវេទិកានេះ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានលើកពីការពង្រឹងយន្តការនានាក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ដោយត្រូវមានផែនការច្បាស់លាស់ និងមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ពិសេសត្រូវបន្តជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឱ្យកាន់តែសកម្មនៅតាមគ្រប់មូលដ្ឋានរៀងៗខ្លួន និងត្រូវបំផុសចលនាប្រជាជនឱ្យចូលរួមកសាងភូមិ ឃុំ-សង្កាត់ គំរូ គ្មានគ្រឿងញៀន។
លោក ថា ការខិតខំប្រឹងប្រែងនេះ ពិតជាបានចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពង្រឹងនីតិរដ្ឋ និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


