ព័ត៌មានជាតិ
គិតត្រឹមខែធ្នូនេះ គម្រោងអគារជាប់គាំងនៅខេត្តព្រះសីហនុ ១០១ គម្រោង បានដោះស្រាយអភិវឌ្ឍបន្ត
បន្ទាប់ពីការដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដោយនាយករដ្ឋមន្ត្រីកម្ពុជាកាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ គម្រោងអគារជាប់គាំងជាបន្តបន្ទាប់នៅខេត្តព្រះសីហនុ បានទទួលការលើកទឹកចិត្តដើម្បីដំណើរការអភិវឌ្ឍបន្ត។

គិតត្រឹមខែ ធ្នូ ឆ្នាំ ២០២៤ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងក្នុងខេត្តព្រះសីហនុចំនួន ១០១ គម្រោងត្រូវបានលើកទឹកចិត្តដើម្បីជំរុញដំណើរការសាងសង់បន្ត ក្រោយជាប់គាំងជាច្រើនឆ្នាំដោយសារវិបត្តិជំងឺកូវីដ ១៩ និងគូបផ្សំការប្រែប្រួលស្ថានភាពសេដ្ឋកិច្ចសកល។ នេះបើតាមក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។
នៅព្រឹកថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២៤ នេះ លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ១២ ដើម្បីពិនិត្យគម្រោងវិនិយោគ និង ធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ។

កិច្ចប្រជុំក៏បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ៤៨ បន្ថែមទៀត ក្នុងនោះក៏មានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១៦, គម្រោងថ្មីចំនួន ២៨, ការពង្រីកគម្រោងចំនួន ៤ ដែលមានទុនវិនិយោគសរុប ៤៨៧ លានដុល្លារអាម៉េរិក ជាអាទិ៍ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់, គម្រោងរោងចក្រផលិត និង កែច្នៃអាលុយមីញ៉ូម, គម្រោងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះដើម្បីនាំចេញទៅទីផ្សារអ៊ឺរ៉ុប និង អាម៉េរិក, គម្រោងបង្កើតសហគមន៍អាជីវកម្មនៅក្រុងរាម, និង គម្រោងអាទិភាពផ្សេងៗទៀត ។
ជាមួយគ្នានេះ ក្រុមការងារបានសម្របសម្រួលដោះស្រាយវិវាទពាក់ព័ន្ធអគារជាប់គាំងដែលអូសបន្លាយ អស់រយៈពេល ៤-៥ ឆ្នាំកន្លងមក បានចំនួន ៦ គម្រោង ដែលអនុញ្ញាតឱ្យម្ចាស់គម្រោងអាចប្រើប្រាស់អគារឡើងវិញសម្រាប់ប្រកបធុរកិច្ច។
ថ្លែងនៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានឱ្យដឹងថា អគារកំពុងជាប់គាំងនៅខេត្តព្រះសីហនុ មានចំនួន ៣៦២ ដែលត្រូវការទុនវិនិយោគបន្ថែមប្រមាណ ១ ១៦១ លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់។
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១៦ មក ការវិនិយោគក្នុងខេត្តព្រះសីហនុ មានសន្ទុះកើនឡើងយ៉ាងគំហុក ជាពិសេសការរីកដុះដាលយ៉ាងលឿនសំណង់អគារជាសណ្ឋាគារ, ភោជនីយដ្ឋាន, ហាងលក់ទំនិញ, និង កន្លែងស្នាក់នៅជាដើម។
ទោះជាយ៉ាងនេះក្តី ក្នុងដំណាក់កាលពីឆ្នាំ ២០១៩ ការផ្លាស់ប្តូរនៅក្នុងការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ច គួបផ្សំនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈមជាសកលផ្សេងទៀត បានបណ្តាលឱ្យសំណង់អគារជាច្រើន ត្រូវបានផ្អាក ឬ បញ្ឈប់ដំណើរការសាងសង់។

ដើម្បីអាចដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុនេះដែរ បើតាមលោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានផ្តល់យោបល់ថា លុះត្រាតែមានការបង្កើតយន្តការថ្មីបន្ថែមទៀត ដោយបង្កើនល្បឿននូវការដោះស្រាយ ស្វែងរកហេតុផលនៃបញ្ហានីមួយៗ យកមកសិក្សាឱ្យបានច្បាស់ និងឆាប់រហ័ស ថាតើមុខសញ្ញានៃអគារនីមួយៗជាប់គាំងដោយសារបញ្ហាអ្វី ហើយយកបញ្ហាទាំងនោះមកស្រាយទៅតាមដំណាក់កាលនីមួយៗ។
លោកបណ្ឌិត ហុង វណ្ណៈ បានលើកដំណោះស្រាយសំខាន់ៗ ៣ ជុំវិញជំរុញការស្តារឡើងវិញអគារជាប់គាំងនៅខេត្តព្រះសីហនុ ទី១ ក្រុមការងារត្រូវរៀបចំឱ្យបានទៅតាមលំដាប់លំដោយនីមួយៗឱ្យបានជាក់លាក់ ទី២ រកមុខសញ្ញា ទី៣ អាចធ្វើទៅតាមនីតិវិធី មិនថាតាមគោលការណ៍ច្បាប់ ឬអ្វីក៏ដោយ ដោយមើលទៅតាមស្ថានភាពជាក់ស្តែង។
មួយវិញទៀតគឺត្រូវរួមគ្នាដើម្បីដោះស្រាយ ធ្វើយ៉ាងណាកុំឱ្យភាគីពាក់ព័ន្ធទាំងអស់មានការខាតបង់ទាំងស្រុង ហើយមិនបានដឹងឮនូវផែនការ និងយន្តការដោះស្រាយរបស់រដ្ឋាភិបាល។ នេះជាចំណុចមួយដែលត្រូវបង្កើតក្រុមការងារបន្ថែមដើម្បីជំរុញការដោះស្រាយឱ្យបានកាន់តែឆាប់។
ក្រោយការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសចំពោះគម្រោងវិនិយោគក្នុងខេត្តព្រះសីហនុចំនួន ២១៣ គម្រោង រួចមកហើយ គិតត្រឹមខែ ធ្នូ ឆ្នាំ ២០២៤ នេះ ដែលក្នុងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន ១០១, គម្រោងថ្មីមានចំនួន ៨៩, ការពង្រីកគម្រោង មានចំនួន ១៩ និង គម្រោងមានស្រាប់ មានចំនួន ៤ ។
គម្រោងទាំងនេះក៏រាប់បញ្ចូលគម្រោងដែលមានសក្តានុពលសំខាន់ៗ ដូចជា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់, គម្រោងរោងចក្រផលិត និង កែច្នៃអាលុយមីញ៉ូម, គម្រោងផលិតផ្ទាំងសូឡា និង គ្រឿងបង្គុំ, គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្កាយ ៥, និង គម្រោងសួនកសិ-ឧស្សាហកម្ម ជាដើម ។ ក្នុងនោះផងដែរ, គម្រោងដែលមានទុនវិនិយោគលើសពី ១០០ លានដុល្លារអាម៉េរិក មានចំនួន ២៣ គម្រោង៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក