បាត់ដំបង ៖ ភ្នំសំពៅមានល្អាងប្រចៀវ២កន្លែង ល្អាងមួយនៅខាងកើតភ្នំ និងល្អាងមួយទៀតនៅខាងលិចភ្នំ ល្អាងទាំងពីរនេះមានសត្វប្រចៀវប្រមាណពីរ១៥ ទៅ ២០ លានក្បាល ដែលរស់នៅទីនោះ ដោយ វាបានបន្សល់នូវអាចម៍ រាប់តោនក្នុងមួយឆ្នាំៗ ដែលអាចប្រមូលលក់និងសម្រាប់យកធ្វើជាជីធម្មជាតិសម្រាប់ដំណាំគ្រប់ប្រភេទ ឲ្យលូតលាស់ល្អនិង បានជួយដល់សេដ្ឋកិច្ចគ្រួសារដល់អ្នកភូមិតំបន់នោះ នេះបើតាមមន្ត្រីសហគមន៍និងអាជ្ញាធរមូលដ្ឋាន និយាយ។
លោករឿន សាវន ប្រធានសហគមន៍គ្រប់គ្រងល្អាងប្រចៀវស្ថិតនៅភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានឲ្យដឹងថា ល្អាងទាំងពីរនេះគេប្រមូលអាចម៍ប្រចៀវ ក្នុងមួយខែបានពីរដង ក្នុងមួយដងចាប់ពី១០០ទៅ២០០ការ៉ុង វាមិនទៀងទាត់នោះទេ ហើយត្រូវប្រើប្រាស់កម្លាំងកម្មករក្នុងភូមិចំនួន១០នាក់ពេលចុះកើបយកអាចម៍ប្រចៀវម្តងៗ។
លោកបានបញ្ជាក់ថា អាចម៍ប្រចៀវនេះ គឺជាជីធម្មជាតិដ៏ល្អ ហើយមានអតិថិជនជិតឆ្ងាយមកទិញយកទៅដាក់ដំណាំផ្សេងៗគ្រប់ប្រភេទ មកទិញមិនដែលសល់ ដោយក្នុងមួយការ៉ុង ២៥០០០រៀល។ ចំណូលដែលបានពីអាចម៍ប្រចៀវនេះ ចែករំលែកទៅដល់អ្នកចុះប្រមូលអាចម៍ប្រចៀវ ការជួយដល់ជនក្រីក្រក្នុងភូមិ ចូលរួមអភិវឌ្ឍន៍មូលដ្ឋាន និង ចំណាយផ្សេងៗក្នុង សហគមន៍ផងដែរ។
អ្នកភូមិដែលចុះប្រមូលអាចម៍ប្រចៀវបានត្អូញត្អែរដែរថា ការចុះប្រមូលអាចម៍នៅក្នុងរូងដែលមានជំរៅប្រហែល២០ម៉ែត្រ វាមានការលំបាកដែរដោយសារតែសម្បូរសង្កើច រឺ សត្វចៃ ខាំ ដើម្បីចុះប្រមូលបានត្រូវលាបម្សៅ និង ដោះសម្លៀកបំពាក់សល់តែខោខ្លី មុនពេលចុះទៅប្រមូលម្តងៗ។
កម្មករដែលចុះប្រមូលអាចម៍ប្រជៀវបញ្ជាក់ថា ទោះបីការប្រមូលមានការលំបាកតែវាអាចរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារខ្លះដែរ ដោយពេលចុះប្រមូលម្តងៗពីព្រឹកព្រលឹមដល់ម៉ោង១២ថ្ងៃត្រង់ពួកគាត់បានម្នាក់៧ទៅ៨ម៉ឺនរៀលដែរ។
លោក ប៉ិច បឿន ជំទប់ទីមួយ ឃុំភ្នំសំពៅ ខេត្តបាត់ដំបងបានឲ្យដឹងថា គុណប្រយោជន៍សត្វប្រចៀវនេះក្រៅពីប្រមូលអាចម៍វាមកធ្វើជី ធម្មជាតិសម្រាប់ដំណាំ និង ចូលរួមអភិវឌ្ឍន៍សហគមន៍ នោះ វាក៏បានទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាកំសាន្តខ្លាំងផងដែរ ពិសេសនៅពេលល្ងាច ខណៈដែលពួកវាហើរចេញពីរូងទៅស្វែងរងចំណី ដែលបង្កើតជាទស្សនីយភាពគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍៕
ដោយ ៖ សោ និយមរ័ត្ន