ព័ត៌មានជាតិ
គយប្រមូលពន្ធយានយន្តគ្មានពន្ធ និងអាករនាំចូល ប្រមាណ ៧ ពាន់គ្រឿង និង ៦០ លានដុល្លារ
លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ មានប្រសាសន៍ថា គិតចាប់តាំងពីអនុវត្តការប្រមូលពន្ធយានយន្តគ្មានពន្ធ និងអាករនាំចូលដែលមានស្រាប់នៅក្នុងប្រទេស កាលពីខែកញ្ញា ឆ្នាំ២០២១ រហូតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ មានម្ចាស់រថយន្តគ្មានពន្ធ និងអាករនាំចូលទាំងឆ្វេង និងស្តាំដែលជ្រកក្រោមស្លាកលេខផ្សេងៗ ជិត ៧ ពាន់គ្រឿង បានចូលទៅបង់ពន្ធ និងអាករនាំចូលដែលមានទឹកប្រាក់ប្រមាណ ៦០ លានដុល្លារអាមេរិក។

ការថ្លែងនេះ លោក គុណ ញឹម បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានលើកតី៥ ស្តីពីវឌ្ឍនភាព នៃការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធ និងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
លោក គុណ ញឹម បានថ្លែងថា ឆ្លងចូលឆ្នាំ២០២២នេះ និន្នាការនៃការចូលទៅបង់ពន្ធហាក់មានការថយចុះ បើធៀបនឹងឆ្នាំ២០២១ ហើយខែដែលមានការចូលទៅបង់ពន្ធច្រើនជាងគេ គឺនៅខែធ្នូ ឆ្នាំ២០២១។

លោកបានបន្ថែមថា តាមការប៉ាន់ស្មានជាបឋម នៅសល់រយៈពេល ២ ខែទៀត នៃថ្ងៃឱសានវាទ ពោលគឺត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ អាចមានរថយន្តប្រមាណ ១ ពាន់គ្រឿងថែមទៀតនឹងចូលទៅបង់ពន្ធបូកនឹងរថយន្តដែលបានចូលទៅបង់ពន្ធរួចប្រមាណ ៧ ពាន់គ្រឿង នោះនាំឱ្យចំនួនសរុបមានប្រមាណ ៨ ពាន់គ្រឿង ដែលរាជរដ្ឋាភិបាលអាចទទួលបានចំណូលប្រមាណពី ៧០ ទៅ ៧៥ លានដុល្លារក្នុងយុទ្ធនាការប្រមូលពន្ធ និងអាករនាំចូល ដែលមានរយៈពេល៩ខែនេះ។

លោកបន្តថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២មក គយ និងរដ្ឋាករកម្ពុជាបានចាប់ផ្តើមឡើងវិញនូវសកម្មភាពបង្ក្រាប ហើយគិតត្រឹមខែមេសា ឆ្នាំ២០២២ បានបង្ក្រាបចំនួន ១៧៨ គ្រឿង ក្នុងនោះ ៧ គ្រឿង ជារថយន្តចង្កូតស្តាំ ដែលរថយន្តបង្ក្រាបបានទាំងនេះ ត្រូវបង់ទាំងពន្ធ និងអាករនាំចូលផង បូករួមជាមួយប្រាក់ពិន័យផងដែរ។ ក្នុងនោះ ៣១ គ្រឿងម្ចាស់បានចូលទៅបង់ពន្ធហើយ ដែលមានទឹកប្រាក់ប្រមាណ ៦៥ ម៉ឺនដុល្លារ ហើយតាមការប៉ានស្មានរថយន្តបង្ក្រាបបានទាំង ១៧៨ គ្រឿងនេះអាចទទួលបានប្រាក់ពន្ធ ប្រមាណជិត ៤ លានដុល្លារ។

លោក គុណ ញឹម បានបញ្ជាក់ដែរថា ចាប់តាំងពីមានវិធានការរបស់រាជរដ្ឋាភិបាលមក បច្ចុប្បន្នការរត់ពន្ធរថយន្តនៅតាមច្រកព្រំដែន ជាពិសេសនៅតាមបណ្តោយព្រំដែន ជាមួយប្រទេសថៃ បានធ្លាក់ចុះដល់សូន្យ ពោលគឺមិនមានការរត់ពន្ធរថយន្តទៀតទេ ដោយសារតែគ្មានទីផ្សារទិញ។ លោកសង្កត់ធ្ងន់ថា ក្រោយថ្ងៃឱសានវាទពោលគឺចាប់ ពីថ្ងៃទី១ ខែកក្កដាឆ្នាំ២០២២តទៅ គយ និងរដ្ឋាករកម្ពុជានឹងបង្កើនសកម្មភាពបង្ក្រាប ហើយសម្រាប់រថយន្តចង្កូតឆ្វេងត្រូវបង់ពន្ធ និងអាករនាំចូលផង បូកជាមួយនឹងប្រាក់ ពិន័យ។ ដោយឡែកចំពោះរថយន្តចង្កូតស្ដាំ នៅពេលបង្ក្រាបបាន ត្រូវដោះជាបំណែក ឬអាចកម្ទេចចោលតែម្ដង៕
អត្ថបទ៖ ណារី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


