ព័ត៌មានជាតិ
ធនាគារសហភាពអឺរ៉ុបបានវិនិយោគទឹកប្រាក់ជាង២០០លានអឺរ៉ូរួមចំណែកកំណើនសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា
ភ្នំពេញ ៖ ចាប់តាំងពីឆ្នាំ ២០១៨មករហូតមកដល់ពេលបច្ចុប្បន្ននេះ ធនាគារសហភាពអឺរ៉ុបបានវិនិយោគទឹកប្រាក់ ២២២.៥លានអឺរ៉ូ ដើម្បីរួមចំណែកដល់កំណើនសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។
ទឹកប្រាក់២២២.៥លានអឺរ៉ូនេះ គឺដើម្បីបង្កើនលទ្ធភាពទទួលបានទឹកស្អាតដែលអាចទទួលទានបាននៅរាជធានីភ្នំពេញ និងការស្ដារហេដ្ឋារចនាសម្ព័ន្ធជនបទឡើងវិញ ដើម្បីជួយលើកកម្ពស់គុណភាពនៃជីវិត ដល់ពលរដ្ឋកម្ពុជា រាប់លាននាក់។
ជាក់ស្តែងធនាគារវិនិយោគអឺរ៉ុប (ហៅកាត់ថា EIB) ដែលជាធនាគាររបស់សហភាពអឺរ៉ុប នឹងធ្វើការវិនិយោគជាទឹកប្រាក់ចំនួន៨០លានអឺរ៉ូ ក្នុងគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រ កសិកកម្ម (IAIP) ក្នុងគោលបំណងពង្រីកបណ្ដាញផ្គត់ផ្គង់ទឹក និងប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តជាច្រើននៅទូទាំងប្រទេសកម្ពុជា។
យោងតាមសេចក្តីជូនព័ត៌មាន របស់សហគមន៍អឺរ៉ុបប្រចាំកម្ពុជា បានឲ្យដឹងថាគម្រោង IAIP នឹងបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធធារាសាស្ត្រ ដែលនាំឱ្យសកម្មភាពកសិកម្មនៅកម្ពុជា កាន់តែធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ នៅក្នុងរយៈពេលវែង គម្រោងនេះនឹងរួមចំណែកធ្វើឱ្យកាន់តែប្រសើរ នូវការគ្រប់គ្រងធនធានទឹក បង្កើនប្រសិទ្ធភាពនៃផលិតកម្មកសិកម្ម ដែលនាំឱ្យមានការកាត់បន្ថយភាពក្រីក្រ នៅតាមតំបន់ជនបទនៅកម្ពុជា។
គម្រោងនេះផ្ដល់លទ្ធភាពឱ្យកម្ពុជា អាចបង្កើតមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក ដែលមានសារៈសំខាន់ក្នុងរយៈពេលវែង ក្នុងការជួយកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើការផ្គត់ផ្គង់ទឹក និងកសិកម្ម។
លោក Christian Kettel Thomsen អនុប្រធានធនាគារ EIB ដែលទទួលខុសត្រូវលើប្រតិបត្តិការនៅកម្ពុជា បានឱ្យដឹងថា «ធនាគាររបស់សហភាពអឺរ៉ុប កំពុងវិនិយោគ លើអនាគតរុងរឿង កាន់តែមានសុវត្ថិភាព និងប្រកបដោយចីរភាពសម្រាប់ពលរដ្ឋកម្ពុជា។ រួមគ្នាជាមួយនឹងដៃគូមកពីធនាគារអភិវឌ្ឍន៍អាស៊ី និងសហភាពអឺរ៉ុប យើងកំពុង រួមចំណែកយ៉ាងពិតប្រាកដដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន តាមរយៈវិស័យកសិកម្ម និងបង្កើនភាពធន់ទៅនឹងអាកាសធាតុ និងគ្រោះមហន្តរាយនៅ ក្នុងប្រទេសកម្ពុជា»។
លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានឱ្យដឹងដែរថា «យើងស្វាគមន៍ការចូលរួមកាន់តែសកម្មរបស់ធនាគារ EIB នៅកម្ពុជា ជាមួយនឹងការផ្ដល់ថវិកាដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ ដែលជាគម្រោងទី៣ ក្នុងរយៈពេលមិនដល់២ឆ្នាំផង។ គម្រោងនេះនឹងបង្កើនផលិតកម្មកសិកម្ម ព្រមទាំងលើកកម្ពស់ភាពធន់ទៅនឹងអាកាសធាតុ និងគ្រោះមហន្តរាយ ក៏ដូចជាផ្ដល់ឱ្យប្រទេសនេះនូវជំនួយបច្ចេកទេសដ៏មានសារៈសំខាន់ និងឧបករណ៍ សម្រាប់លើកកម្ពស់អភិបាលកិច្ច វិស័យគ្រប់គ្រងទឹក»។
តាមរយៈគម្រោងនេះ ក្រុមអឺរ៉ុប (Team Europe) បន្តគាំទ្រដល់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញប្រកបដោយបរិយាបន្ន និងគិតគូរពីបរិស្ថានក្រោយជំងឺកូវីដ-១៩ ក្នុងវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយនេះ។ ការធ្វើកសិកម្មប្រកបដោយចីរភាព និងភាពធន់ និងការគ្រប់គ្រងធនធានទឹកប្រកបដោយបរិយាបន្ន អាចជំរុញឱ្យមានការស្ដារ សេដ្ឋកិច្ចឡើងវិញកាន់តែរឹងមាំសម្រាប់ប្រទេសកម្ពុជា ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋនៅក្នុងប្រទេសផងដែរ។
ជាមួយនឹងការចូលរួមផ្ដល់ហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា គម្រោង IAIP គឺជាគម្រោងទី៣ ដែលទទួលបានការគាំទ្រពីធនាគារ EIB នៅកម្ពុជាបន្ទាប់ពីការវិនិយោគក្នុងទឹកប្រាក់ ៩១លានអឺរ៉ូ ក្នុងគម្រោងផ្គត់ផ្គង់ទឹកស្អាតបាខែង (ដោយសហការជាមួយនឹង AFD) និងការគាំទ្រក្នុងទឹកប្រាក់ ៥១.៥លានអឺរ៉ូ សម្រាប់កម្មវិធីធនធានប្រកបដោយចីរភាពសម្រាប់ទីផ្សារកសិកម្ម ធុរកិច្ច និងពាណិជ្ជកម្ម (SAAMBAT) (ដោយសហការជាមួយនឹង IFAD)។
ការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុនេះនឹងធ្វើឱ្យកម្ពុជាកាន់តែរឹងមាំ កាន់តែមានសុវត្ថិភាព និងកាន់តែធន់ទៅនឹងផលប៉ះពាល់ ដែលបង្កឡើង ដោយសារការប្រែប្រួល អាកាសធាតុ។ គម្រោងនេះក៏នឹងជួយឆ្លើយតបចំពោះតម្រូវការស្ដារឡើងវិញរបស់កម្ពុជា ក្រោយជំងឺកូវីដ-១៩ ជាមួយនឹងការយកចិត្តទុកដាក់ចំពោះបរិស្ថានផងដែរ៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី