នៅក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២១និង២២ធ្នូឆ្នាំ២០២០ ខេត្តបន្ទាយមានជ័យ ទទួលបានពលករខ្មែរ មកពីប្រទេសថៃចំនួន៥៨០នាក់ស្រី២៦០នាក់។
លោក លី សារី អភិបាលរងនិងអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៣ធ្នូនេះថា ក្នុងរយៈពេល២ថ្ងៃនេះ ខេត្តបន្ទាយមានជ័យទទួលពលករខ្មែរចេញពីប្រទេសថៃចំនួន៥៨០នាក់ស្រី២៦០នាក់ ក្នុងនោះបានយកសំណាកចំនួន៣៣០ទៅធ្វើតេស្តរកកូវីដ១៩ស្រី១៥៥សំណាកនិងដាក់ឲ្យពួកគាត់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមទីតាំង ដែលអាជ្ញាធរខេត្តបានរៀបចំរួចរាល់ហើយដែរ រួមមានទីតាំង វិទ្យាល័យនិមិត្ត វិទ្យាល័យកូប និងវិទ្យាល័យប៉ោយប៉ែត។ លោកបានបន្តថា ក្នុងការធ្វើចត្តាឡីស័កនេះ រាជរដ្ឋាភិបាលបានចំណាយទៅលើការអាហារនិងសម្ភារផ្សេងៗដូចជាខ្នើយ ភួយមុងនិងកន្ទេលសម្រាប់ពួកគាត់ទទួលបានស្នាក់បានសមរម្យ។ លោកបានបន្ថែមទៀតថា ប្រសិនបើលទ្ធផលតេស្តអវិជ្ជមាននោះ ពួកគេនឹងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅឋានរៀងៗវិញ ដែលធ្វើដំណើរតាមរថយន្តកងទ័ពដែលបានរៀបចំត្រៀមជាស្រេច។
សម្តេចតេជោ ហ៊ុន សែន បានផ្តល់ថវិកាដល់ខេត្ត ដែលជាប់ព្រំដែនជាមួយថៃ ដោយក្នុង១ខេត្តចំនួន៥០លានរៀនបន្ថែមពីលើ ដែលផ្តល់ពីមុន ដើម្បីឲ្យខេត្តទាំងនោះយកទៅដោះស្រាយ ក្នុងការធ្វើចត្តាឡីស័កដល់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ ជាមួយគ្នានេះដែរ សម្តេចតេជោ បានបញ្ជាឲ្យកងទ័ពបញ្ចេញរថយន្តចំនួន៧០គ្រឿង សម្រាប់ដឹកជញ្ចូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ នៅពេលដែលកន្លែងធ្វើចត្តាឡីស័កមិនអាចទទួលយកបានទៀតនោះ។ ទន្ទឹមនឹងនោះសម្តេច ក៏បានឲ្យក្រសួងសុខាភិបាលបញ្ចេញម៉ាសក្រណាត់សម្រាប់បញ្ជូនទៅច្រកព្រំដែនប៉ោយប៉ែត ច្រក អូស្មាច់ និងច្រកដូង សម្រាប់ចែកជួនដល់ពលករពេលចូលមកដល់ព្រំដែននីមួយៗផងដែរ។
គួរបញ្ជាក់ថា ការចាកចេញរបស់ពលករខ្មែរ ពីប្រទេសថៃចូលមកកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីប្រទេសថៃ បានប្រកាសការឆ្លងជំងឺកូវីដ១៩ឆ្លងចូលសហគមន៍ នៅខេត្តសាមុតសាខន៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ រយៈពេល២ថ្ងៃ មានពលករខ្មែរត្រឡប់ពីប្រទេសថៃជាង១០០នាក់ត្រូវបានរៀបចំឲ្យធ្វើចត្តាឡីស័កក្នុងស្រុកកំរៀង