ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន លើកគំនិតផ្ដួចផ្ដើម ២ ស្នើឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ានពិចារណា និងផ្ដល់ការគាំទ្រ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានលើកយោបល់ពាក់ព័ន្ធនឹងគំនិតផ្ដួចផ្ដើមចំនួន ២ ដើម្បីស្នើឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ានពិចារណា និងផ្ដល់ការគាំទ្រ។

នៅក្នុងពិធីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ៣ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គំនិតផ្ដួចផ្ដើមទីមួយ គឺការដោះស្រាយចំពោះការគំរាមកំហែង ដល់ភាពរស់រាននៃជីវិតនៅក្នុងតំបន់ និងពិភពលោក ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងការខូចខាតផ្អែកបរិស្ថាន។ រហូតមកដល់ពេលនេះ អាស៊ាន បាននិងកំពុងដាក់ចេញនូវដំណោះស្រាយ ជាគោលនយោបាយជាច្រើន។ ប៉ុន្តែការឆ្លើយតបរបស់យើង ហាក់នៅផ្ដោតតែលើវិស័យជាក់លាក់ និងខ្វះការសម្របសម្រួលរវាងគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា អាស៊ាន ចាំបាច់ត្រូវជំរុញកិច្ចការនេះបន្ថែមទៀត តាមរយៈការប្រើប្រាស់ឲ្យអស់លទ្ធភាព នូវលក្ខខណ្ឌថ្នាក់ជាតិផ្សេងៗ ដើម្បីផ្ដល់ជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការ រវាងប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាដៃគូខាងក្រៅ។ ជាការប្រសើរ ប្រសិនបើអាស៊ាន អាចពិចារណាលើគំនិតផ្ដួចផ្ដើម បង្កើតក្របខណ្ឌធំទូលាយមួយ ដែលសម្ដេចសូមហៅថា ជាកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) សំដៅអនុញ្ញាតឲ្យតំបន់អាស៊ាន អាចប្រែខ្លួនបន្តិចម្ដងៗ ឆ្ពោះទៅកាន់អនាគតបៃតងមួយដែលមានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់ និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច។

ប្រធានអាស៊ាន បានបន្តថា កិច្ចព្រមព្រៀងបៃតងអាស៊ាននេះ នឹងអាចគ្របដណ្ដប់ទៅលើវិស័យជាច្រើន ដូចជា៖ ហេរដ្ឋាសម្ព័ន្ធ, ថាមពល, កម្មន្តសាល, ការប្រើប្រាស់, កសិកម្ម, ការដឹកជញ្ជូន, បរិស្ថាន, និងហិរញ្ញវត្ថុ ដោយមានបច្ចេកវិទ្យា, នវានុវត្តន៍, និងការកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ បំពេញតួនាទីជាកត្តាជំរុញ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេច សូមស្វាគមន៍នូវមតិយោបល់របស់សមាជិកអាស៊ាន ក្នុងការធ្វើឲ្យគំនិតផ្ដួចផ្ដើមនេះក្លាយជាការពិត។

សម្រាប់គំនិតផ្ដួចផ្ដើមទីពីរ គឺពាក់ព័ន្ធនឹងវិធានការ ដើម្បីស្ដារ និងងើបចេញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អាស៊ាន បានឯកភាពអនុវត្តគំនិតផ្ដួចផ្ដើម និងកម្មវិធីនានា ក្រោមយុទ្ធសាស្រ្ដធំទាំង ៤ នៃក្របខណ្ឌស្ដារឡើងវិញ គ្រប់ជ្រុងជ្រោយរបស់អាស៊ាន។ ស្របតាមយុទ្ធសាស្រ្ដធំទី ៣ ដែលសំដៅបង្កើនជាអតិបរមានូវសក្ដានុពល នៃទីផ្សារអន្តរអាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ច ដែលទូលំទូលាយជាងមុន។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំជឿថា យើងត្រូវការជាចាំបាច់នូវលេខាធិការដ្ឋាន ដាច់ដោយឡែកមួយឲ្យបានឆាប់បំផុត ដើម្បីសម្របសម្រួលការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងអាសិប (RCEP) ដែលបានចូលជាធរមាន កាលពីខែមករាកន្លងទៅនេះ»។
ជាមួយគ្នានេះ ប្រទេសកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះនៃលេខាធិការដ្ឋានអាសិបនេះ ហើយថែមទាំងបានកំណត់ទីតាំងរួចជាស្រេច សម្រាប់លេខាធិការដ្ឋានអាសិបនេះ នៅរាជធានីភ្នំពេញ និងបាននិងកំពុងរៀបចំគម្រោងសំណើលម្អិត ទៀតផង។ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា កម្ពុជា អាចទទួលបានការគាំទ្រពីប្រទេសសមាជិកអាស៊ាន ក៏ដូចជាប្រទេសសមាជិកផ្សេងទៀត នៃកិច្ចព្រមព្រៀងអាសិប នៅពេលដែលកម្ពុជាដាក់សំណើនេះជាផ្លូវការ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


