ព័ត៌មានជាតិ
សង្ឃឹមថា កុមារកំព្រានៅអង្គការមូលនិធិកុមារកម្ពុជា នឹងមានឱកាសទៅសិក្សានៅប្រទេសរុស្ស៊ី
នេះជាការលើកឡើងរបស់លោកស្រី Irina Tsatsulina ប្រធានមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី ក្នុងឱកាសផ្តល់អំណោយបុណ្យ Christmas ដល់កុមារកំព្រា ប្រមាណជាង៣០នាក់ នៅអង្គការមូលនិធិកុមារកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។

លោកស្រី Irina Tsatsulina បានថ្លែងថា ឆ្នាំ២០២០នេះ គឺជាខួប៤០ ឆ្នាំ នៃមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី ដូច្នេះយើងបានធ្វើការនៅកម្ពុជាជាង៤០ឆ្នាំមកហើយ តែគួរឲ្យសោកស្ដាយ ដែលកន្លងមកមជ្ឈមណ្ឌលបានផ្អាកការងាររបស់ខ្លួន ហើយទើបតែដំណើរការឡើងវិញបានជាងមួយឆ្នាំកន្លះ។ លោកស្រីបានបន្តថា ជារៀងរាល់ឆ្នាំរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី តែងតែផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ហើយនិស្សិត ដែលទៅសិក្សានៅប្រទេសរុស្ស៊ី មិនត្រឹមតែនិស្សិតនៅរាជធានីភ្នំពេញទេ ក៏មាននិស្សិតមកពីតាមបណ្ដាខេត្តផ្សេងៗផងដែរ។

បើតាមលោកស្រី Irina Tsatsulina អ្នកដែលស្គាល់មជ្ឈមណ្ឌលនេះ គឺចាប់ផ្ដើមឡើងពីក្មេងតូចៗ ហើយអ្នកដែលត្រូវចេញទៅសិក្សានៅសហព័ន្ធរុស្ស៊ី តែងតែសិក្សានៅមជ្ឈមណ្ឌលនេះ ហើយលោកស្រីសង្ឃឹមថា កុមារា កុមារី ដែលមកទទួលអំណោយនាថ្ងៃនេះ នឹងមានឱកាសទៅសិក្សានៅប្រទេសរុស្ស៊ី អាចក្លាយទៅជាវេជ្ជបណ្ឌិត ជាវិស្វករ ឬជាអ្នកបើកយន្តហោះ ដូច្នេះហើយទើបមជ្ឈមណ្ឌលរុស្ស៊ី ស្វាគមន៍ពីគ្រប់គ្នាទាំងអស់ ដើម្បីចូលមកកាន់មជ្ឈមណ្ឌលវប្បធម៌រុស្ស៊ីនេះ ចាប់ពីក្មេងតូចៗរហូតដល់មនុស្សធំ។ លោកស្រីអះអាងថា អំពើមនុស្សធម៌ គឺជាកត្តាដ៏សំខាន់របស់ប្រជាជនរុស្ស៊ី ដើម្បីជួយដល់អ្នកដែលត្រូវការជំនួយ។

សម្រាប់កាដូដែលបានយកមកជួយដល់ក្មេងៗកំព្រានេះ លោកស្រីបានអរគុណចំពោះប្រជាជនរុស្ស៊ី អ៊ុយក្រែន ក៏ដូចជាការហ្សាក់ស្តង់ ដែលបានជួយ ដើម្បីទិញជាកាដូជួយដល់កុមារកំព្រានាពេលនេះ។ បើតាមលោកស្រី Irina Tsatsulina កម្មវិធីចែកជំនួយនាពេលនេះ មិនមែនជាកម្មវិធីចុងក្រោយទេ នៅថ្ងៃខាងមុខនឹងមានកម្មវិធីជាច្រើនទៀត ពីព្រោះនេះ គឺជាប្រពៃណីរបស់រុស្ស៊ី នៅក្នុងពិធីបុណ្យ Christmas ដើម្បីផ្ដល់ការសប្បាយដល់កុមារទាំងអស់នៅក្នុងឱកាសឆ្នាំថ្មី។

ចំណែកលោកប៉ាត ណូន ប្រធានអង្គការមូលនិធិកុមារកម្ពុជាបានថ្លែងថា កុមារនៅក្នុងមណ្ឌលអង្គការមានចំនួន៣៣នាក់ ហើយកុមារដែលត្រូវចិញ្ចឹមទាំងអស់មានប្រមាណជាង៦០នាក់ដោយបូករួមទាំងកុមាររើសអេតចាយ កុមារក្រីក្រ ដែលនៅក្បែរក្បាលមជ្ឈមណ្ឌល ហើយក្នុងនោះ ក៏មានបុគ្គលិក និងយុវជន ដែលសរុបមានប្រមាណ៨០នាក់។

បើតាមលោក ប៉ាត ណូន អង្គការរបស់លោកបានបង្កើតឡើង កាលពីឆ្នាំនៅថ្ងៃទី១១ ខែតុលា ឆ្នាំ១៩៩៥ ដែលមានរយៈពេល២៦ឆ្នាំមកហើយ។ លោកបញ្ជាក់ថា កុមារកំព្រានៅក្នុងមណ្ឌល ហើយដែលមជ្ឈមណ្ឌលចិញ្ចឹមតែម្តងមានចំនួន៣៣នាក់ ហើយនៅក្រៅមណ្ឌលចំនួន៣៣ នាក់ទៀត គឺបានជួយជារបបអង្ករ និងមីប្រចាំខែ។

បើតាមលោក ប៉ាត ណូន បច្ចុប្បន្នអង្គការជួបបញ្ហាខ្វះខាតយ៉ាងខ្លាំង ជាពិសេសនៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺ Covid-19 ហើយដោយសាតែការខ្វះខាតនេះ លោកបានដើរសុំអង្ករតាមវត្ត ដើម្បីយកមកចិញ្ចឹមក្មេងកំព្រាទាំងនេះ ពីព្រោះមិនមានភ្ញៀវ និងសប្បុរសជនជួយ។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់សប្បុរសជន ជាតិ និងអន្តរជាតិ ចូលរួមផ្ដល់ជំនួយដល់អង្គការមូលនិធិកុមារកម្ពុជា ដែលកំពុងខ្វះខាត៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី