បាត់ដំបង ៖ លោកសេង ភិត នាយកសាលាអូរទឹកវិលក្នុងស្រុកសំពៅលូន បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង១០និង១០នាទីព្រឹក មានហេតុការណ៍កុមារីម្នាក់លង់ទឹកស្រះស្លាប់។
កុមារីដែលលង់ទឹកស្លាប់មានឈ្មោះជារី ណា ភេទស្រី អាយុ០៦ឆ្នាំ ជាសិស្សថ្នាក់ទី១(ខ)នៃសាលាបឋមសិក្សាអូរទឹកវិល( ឧបសម្ព័ន្ធអូរយាយតា)ស្រុកសំពៅលូន ខេត្តបាត់ដំបង។ មានឪពុកឈ្មោះជា សុផាត មុខរបរកសិករអាយុ៣៤ឆ្នាំ និងម្តាយឈ្មោះឡុង សាវិន មុខរបរកសិករអាយុ៣៤ឆ្នាំ មានទីលំនៅភូមិអូរកាច់ចំណុចអូរយាយតា ឃុំជ្រៃសីមា ស្រុកសំពៅលូន ជាគ្រួសារកំសត់ជីវភាពខ្វះមុខខ្វះក្រោយ។
តាមការរៀបរាប់របស់គ្រូទទួលបន្ទុកថ្នាក់បានឲ្យដឹងថា មុនកើតហេតុកាលពីម៉ោង០៩និង៣០នាទីពេលចេញលេងកុមារីរងគ្រោះនិងមិត្តភក្តិផ្សេងៗទៀតបានទៅលេងទឹកស្រះគ្រូបានហៅចូលមកក្នុងថ្នាក់វិញម្តងរួចហើយ។ លុះដល់ម៉ោង០៩និង៥០នាទីចន្លោះពេលគ្រូដាក់កិច្ចការផ្ទះឲ្យសិស្សរួចឲ្យសិស្សចេញទៅផ្ទះ ស្រាប់តែបាត់កុមារីរងគ្រោះឃើញតែកាតាប។
ខណៈនោះ គ្រូបានស្រែកឆោឡោសួរសិស្សផ្សេងៗហើយសិស្សផ្សេងៗបានប្រាប់ថា ឃើញកុមារីរងគ្រោះរត់ចេញទៅក្រៅថ្នាក់ស្មានតែទៅបត់ជើងតូចដូចសព្វរាល់ដង។ ដោយសារតែសិស្សផ្សេងៗទៀតមានការសង្ស័យក៏បានប្រាប់គ្រូនិងបានឲ្យអ្នកជិតខាងជួយចុះរាវរកកុមារីក្នុងស្រះ ពេលនោះក៏ស្រាប់តែប្រទះសពកុមារីរងគ្រោះលិចនៅក្នុងទឹកស្រះតែម្តង។ ក្រោយរកឃើញកុមារីរងគ្រោះភ្លាមៗនោះបងប្អូនអ្នកជិតខាងបានដុតភ្លើងកម្តៅហើយគ្រូក៏បានទាក់ទងឪពុកម្តាយដើម្បីយកកុមារីបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព(ត្រាវជូរ) តែអកុសលកុមារីបានស្លាប់នៅវេលាម៉ោង១០និង០០នាទីមុននឹងបញ្ជូនទៅមណ្ឌលសុខភាពបាត់ទៅហើយ។
បច្ចុប្បន្នសពកុមារីជា រីណា បានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅភូមិអូរកាច់ចំណុចអូរយាយតាក្នុងឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលជាទីលំនៅដ៏កំសត់របស់ក្រុមគ្រួសារកុមារីរងគ្រោះ។
ទន្ទឹមនឹងនោះ លោកសេង ភិត នាយកសាលាក៏បានអំពាវនាវដល់សប្បុរសជនជិតឆ្ងាយមេត្តាជួយដល់ក្រុមគ្រួសារសពកុមារីដ៏កំសត់នេះផង ព្រោះឪពុកម្តាយគ្មានលទ្ធភាពធ្វើបុណ្យឲ្យកូននោះទេដោយលោកនាយកថាគ្រាន់តែឃើញលំនៅឋានរបស់ពួកគាត់ក៏ចង់ស្រក់ទឹកភ្នែកដែរ៕
ដោយ ៖ សៅ សារិទ្ធ