ព័ត៌មានជាតិ
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ៖ ចំណេះដឹង និងសុខភាពរបស់មនុស្សជាទ្រព្យធនដ៏មានតម្លៃមិនអាចខ្វះបានក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
មានប្រសាសន៍ក្នុងពិធីប្រគល់សញ្ញាប័ត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី ខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ចំណេះដឹង និងសុខភាពរបស់មនុស្ស គឺជាទ្រព្យធនដ៏មានតម្លៃមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងពិធីប្រគល់សញ្ញាប័ត្រថា សូមអបអរសាទរចំពោះនិស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាប័ត្រទាំង ៣៦៧ នាក់ នៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី ខេត្តបាត់ដំបង ដែលជាសមិទ្ធផលកើតចេញពីកិច្ចសហការជាកម្លាំងសរុបរវាងនិស្សិតគ្រប់រូបដែលជាតួអង្គចម្បង រួមជាមួយនឹងតួអង្គគាំទ្រជាច្រើនទៀត ជាអាទិ៍ គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងក្រុមគ្រួសារ ដើម្បីធានាបាននូវការផលិតធនធានមនុស្សប្រកបដោយសមត្ថភាព ចំណេះដឹង និងគុណវុឌ្ឍិ ជូនសង្គមជាតិ និងសង្គមគ្រួសារនីមួយៗ។

ជាមួយនឹងធនធានមនុស្សដ៏សម្បូរបែប និងប្រកបដោយសមត្ថភាព ដែលផលផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងបណ្តុះបណ្តាលចាប់តាំងពីក្រោយរបប ប៉ុល ពត, សព្វថ្ងៃ កម្ពុជាមានភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យ និងមានកិត្យានុភាពស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ហើយក៏អាចចូលរួមប្រកួតប្រជែងប្រកបដោយថាមភាពក្នុងចរន្តសាកលភាវូបនីយកម្ម។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលបានកំណត់យកការអភិវឌ្ឍ «មនុស្ស» ជាកត្តាអាទិភាពចម្បង ដោយផ្តល់ទាំងការអប់រំ និងសុខភាព។ ចំណេះដឹង និងសុខភាពរបស់មនុស្ស គឺជាទ្រព្យធនដ៏មានតម្លៃមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព ជាពិសេសការទ្រទ្រង់នូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ, ការកាត់បន្ថយភាពក្រីក្រ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ដូច្នេះ ការគិតគូរយកចិត្តទុកដាក់ខ្ពស់លើកិច្ចការទាំងនេះ គឺជាកិច្ចការដ៏ចាំបាច់បំផុតដែលត្រូវបន្តលើកកម្ពស់ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតរយៈពេលវែងទៅខាងមុខ។ កាលណាប្រទេសជាតិសម្បូរទៅដោយប្រជាជនដែលមានទាំងធនធានចំណេះដឹង និងសុខភាពល្អមាំមួន នោះប្រជាជននឹងមានលទ្ធភាពចូលរួមពេញលេញក្នុងដំណើរការកសាងជាតិ ជាពិសេសសកម្មភាពសេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ក្រុមគ្រួសារ និងជាកម្លាំងដ៏សកម្មក្នុងការអភិវឌ្ឍជាតិ។

ឯកឧត្ដមបណ្ឌិតបន្តថា ភាពជោគជ័យនៅក្នុងការសិក្សា និងនៅក្នុងជីវិតការងារ ក៏ដូចជាជីវភាពប្រចាំថ្ងៃ គឺមានភាពស្រដៀងគ្នាជាខ្លាំង ដោយក្នុងនេះ គឺទាមទារនូវភាពអំណត់តស៊ូព្យាយាម, ការហាត់ពត់លត់ដំ និងចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយ ព្រមជាមួយការបោះជំហានដោយនិរន្តរភាព។

ក្នុងន័យនេះ បុគ្គលគ្រប់រូបដែលចង់ទទួលបានជោគជ័យក្នុងការគ្រប់កិច្ច, គួរគប្បីប្រកាន់នូវខ្ជាប់នូវអត្តចរិតបន្ទាបខ្លួន និងបើកចំហចិត្តក្នុងការរៀនសូត្រគ្រប់ពេលវេលា និងពីគ្រប់មជ្ឈដ្ឋាន ក៏ដូចជាការបេ្តជ្ញាចិត្តខ្ពស់ក្នុងការសម្លឹង និងព្យាយាមចាប់យកឱ្យបាននូវលទ្ធផលវិជ្ជមានជាប់ជានិច្ច៕























-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ