បន្ទាយមានជ័យ ៖ លោកគង់ ប៊ុនលឿត អនុប្រធានស្ដីទី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីក្រោមឱវាទ លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យ ចរាចរណ៍ផ្លូវគោក លោកវរសេនីយ៍ ទោ សួននីប៉ូ នាយការិយាល័យរង ចរាចរណ៍ផ្លូវគោក និងមន្ត្រីក្រោមឱវាទ ក្រុមការងារបាទក្រហម និងjicaបានសហការគ្នាចុះបើកយុទ្ធនាការស្ដីពីការលើក កម្ពស់ច្បាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃខេត្តបន្ទាយមានជ័យ ការគោរពច្បាប់ចរាចរណ៍ ធ្វើឲ្យអ្នកធ្វើដំណើរតាមផ្លូវជាតិបានសេចក្តីសុខ។
ពិធីនេះធ្វើនៅចំណុច កាច់ជ្រុងផ្លូវវាងក្រុង ពីស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ នៅព្រឹក ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២៣។
លោកវរសេនីយ៍ឯក គី មករា បានប្រាប់ឲ្យដឹងថា ការផ្សព្វផ្សាយអំពីច្បាប់សំខាន់ៗ ពីចរាចរណ៍ផ្លូវគោក ដើម្បីជំនួយស្មារតីដល់អ្នកបើកបរ តាមផ្លូវជាតិ ហើយគ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃនៅខេត្តបន្ទាយមានជ័យមានមនុស្សស្លាប់ និងរបួស បណ្តាលមកពីកត្តាជាច្រើនយ៉ាង គឺ ការបើកបរ ហួសល្បឿនកំណត់ ធ្វើឲ្យយើងបាត់បង់ម្ចាស់ការនៅពេលដែលមានឧបសគ្គ ដោយចៃដន្យ បើកនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងគ្រឿងញៀននៅពេលអត់ងងុយហេវហត់ខ្លាំង អ្នកជិះម៉ូតូពេលចេញដំណើរអត់ការពាក់មួកសុវត្ថិភាព មិនគោរពសិទ្ធអាទិភាពនៅកន្លែងផ្លូវប្រសព្វ ឬ នៅលើផ្លូវដែលមានប្រសិទ្ធភាព បើកជែងគ្នាដោយខ្វះការប្រុងប្រយ័ត្ន មិនគោរពច្បាប់ចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍ ការបត់ឆ្វេងឬថយក្រោយគ្មានការប្រុងប្រយ័ត្នជាដើម គ្រោះថ្នាក់ចរាចរណ៍នេះកំពុងក្លាយ ជាបញ្ហាដ៏ធំដែលរដ្ឋាភិបាលកំពុងបារម្ភ។
លោកវរសេនីយ៍ឯក គី មករា បានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពីធ្វើការផ្សព្វផ្សាយអំពីច្បាប់សំខាន់ៗ ពីចរាចរណ៍ផ្លូវគោក ដើម្បីជំនួយស្មារតីដល់អ្នកបើកបរ តាមផ្លូវជាតិនោះគឺ ៖
១.អ្នកជិះកង់ត្រូវជិះអែបកៀកខាងស្តាំដៃ ២.អ្នកជិះម៉ូតូត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើង ពេលបើកបរត្រូវពាក់មួកសុវត្ថិភាព អ្នកជិះនិងអ្នករួមដំណើរ ៣អ្នកបើករថយន្តត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពប្រុងប្រយ័ត្ននិងប្រកាន់ស្ដាំជានិច្ច ៤រថយន្តត្រូវពាក្យស្លាកលេខឲ្យបានត្រឹមត្រូវ ពិនិត្យលក្ខណៈបច្ចេកទេស ក្នុងនោះមានកញ្ចក់មើលក្រោយ មានកង់ល្អ ប្រាំងស៊ី ចង្កូតផ្លិតទឹកជួតកញ្ចក់មុខក្រោយនឹងកញ្ចក់ចាំងពន្លឺត្រូវដំណើរការឲ្យបានច្បាស់ល្អ។
ក្នុងនោះហាមផ្ទុកមនុស្ស ឬ ទំនិញលើសចំណុះសំពីងសំពោងនិងហាមប្រើទូរសព្ទដោយគ្មានឧបករណ៍ភ្ជាប់សំឡេង ត្រូវមានបំពង់ពន្លត់អគ្គីភ័យនិងសញ្ញាត្រីកោណ ផ្ដល់ដំណឹង ត្រូវមានស្មារតីប្រុងប្រយ័ត្នចេះយោគយល់អធ្យាស្រ័យគ្នានឹងគ្នាឲ្យបានល្អ។
ក្នុងនោះលោកគង់ ប៊ុនលឿត បានបញ្ជាក់បន្ថែមថា ការធ្វើលិខិតអនុញ្ញាតអាជីវកម្មដឹកជញ្ជូន ធ្វើនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការនិងដឹកជញ្ជូន ចំណែកការប្រឡងបើកបរត្រូវប្រឡងនៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ការធ្វើផ្លាកលេខម៉ូតូអាចទៅធ្វើនៅតាមច្រកចេញចូលតែមួយនៅតាមបណ្ដាក្រុង ស្រុក នៅមន្ទីរសាធារណការដឹកជញ្ជូនខេត្តជាដើម៕
ដោយ ៖ វ៉ាន់ ណាង