ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា៖ ឆ្នាំ២០២០បទល្មើសធនធានធម្មជាតិកើនឡើងប្រមាណ៣០ភាគរយ
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះថា ការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិនៅក្នុងឆ្នាំ២០២០កន្លងមក ជាពិសេសការអនុវត្តច្បាប់ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មានកំណើនចំនួន៣៤៤២ករណី ឬកើនឡើងប្រមាណ៣០ភាគរយ តែលោកបានបង្ហាញនូវមោទកភាពចំពោះមន្ត្រីឧទ្យានុរក្ស សមាជិក នៃសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូទាំងអស់ ដែលបានចូលរួមអនុវត្តច្បាប់ ប្រឆាំងនឹងបទល្មើសក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង៦៨កន្លែង ដែលស្ថិតនៅក្រោមការការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ពេញមួយឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សទាំង១២០០នាក់ នៃក្រសួងបរិស្ថានបានចុះល្បាតសរុបចំនួន២៧.៥៨៨ លើក ខណៈនៅការចុះល្បាតនៅឆ្នាំ២០១៩ មានចំនួន២៤.០៤៨ លើក ពោលគឺមានការចុះល្បាតមានការកើនឡើងចំនួន៣.៥៤០ លើក។ ក្នុងការចុះល្បាតនេះ មន្ត្រីឧទ្យានុរក្សដែលជាមន្ត្រីនគរបាលយុត្តិធម៌បានបង្ក្រាបបទល្មើសបានចំនួន៨.៩១៧ ករណី ខណៈឆ្នាំ២០១៩ បង្ក្រាបបានបទល្មើសធនធានធម្មជាតិចំនួន៥.៤៧៥ ករណី គឺមានការកើនឡើងចំនួន៣.៤៤២ ករណី។ លោកបន្តថា បទល្មើសដែលបង្ក្រាបបានភាគច្រើនជាបទល្មើសលួចកាប់ឈើ ការរុករានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ការបរបាញ់សត្វ និងការដាក់អន្ទាក់ចាប់សត្វ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា “ការបង្ក្រាប និងទប់ស្កាត់បទល្មើសមានការកើនឡើង ដែលនេះបង្ហាញពីការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព និងបង្ហាញពីការខិតខំរបស់មន្ត្រីឧទ្យានុរក្ស សហគមន៍តំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធដោយមិនខ្លាចនឿយហត់ក្នុងការចុះល្បាតការពារព្រៃឈើនិងជីវៈចម្រុះ”។

លោកបន្តថា នៅឆ្នាំ២០២០ កន្លងទៅ សំណុំរឿងបទល្មើសធនធានធម្មជាតិ ដែលត្រូវបានបញ្ជូនទៅកាន់តុលាការមានចំនួន៦០៥ ករណី ហើយនៅឆ្នាំ២០២០ មានការផាកពិន័យអន្តរការណ៍លើជនប្រព្រឹត្តល្មើសចំនួន៨៥៧ ករណី និងបទល្មើសដែលត្រូវធ្វើការអប់រំនិងធ្វើកិច្ចសន្យាមានចំនួន២៩៤៦ ករណី។ លោកបន្ថែមថា ក្នុងប្រតិបត្តិការចុះល្បាត និងបង្ក្រាបបទល្មើស នៅឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានរឹបអូសរណាយន្តបានចំនួន៤.០០៤ គ្រឿង គឺមានការកើនឡើងប្រមាណ៥០០ គ្រឿង ខណៈនៅឆ្នាំ២០១៩ រណាយន្តដែលត្រូវបានរឹបអូសមានចំនួន៣.៤៩៤ គ្រឿង។

ចំណែកអន្ទាក់ដែលត្រូវបានដោះបានចេញពីតំបន់ការពារធម្មជាតិឆ្នាំ២០២០ មានចំនួន ៤៣.២៧០អន្ទាក់ គឺមានការកើនឡើងជិត៤០០០អន្ទាក់ ខណៈនៅឆ្នាំ២០១៩ កន្លងទៅ មន្ត្រីឧទ្យានុរក្ស និងសហគមន៍ដោះបានចំនួន៣៩.៣៨២ អន្ទាក់។ នៅឆ្នាំ២០២០កន្លងទៅ រថយន្តចំនួន២១៥ គ្រឿង ដែលប្រព្រឹត្តបទល្មើសត្រូវបានរឹបអូស និងគោយន្តចំនួន៦១១ គ្រឿង ព្រមទាំងម៉ូតូចំនួន៥៩០ គ្រឿងត្រូវបានដកហូតផងដែរ ។ មន្ត្រីឧទ្យានុរក្សក៏បានដកហូតកាំភ្លើងកែច្នៃ ដែលប្រើសម្រាប់បរបាញ់សត្វបានចំនួន៧៣៧ ដើម និងដកហូតឈើបានចំនួន២៧១៨ម៉ែត្រគូប។

លោករដ្ឋលេខាធិការអះអាងថា ជាមួយប្រសិទ្ធភាព នៃការអនុវត្តច្បាប់នេះ បទល្មើសព្រៃឈើខ្នាតធំលែងមានទៀតហើយ គឺនៅមានបទល្មើលព្រៃឈើខ្នាតតូច ដែលមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន និងបន្តសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូបន្តអប់រំផ្សព្វផ្សាយច្បាប់ និងអនុវត្តច្បាប់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសបន្តទៀត ដើម្បីថែរក្សា និងការពារធនធានធម្មជាតិ ដែលកម្ពុជានៅមាននេះ ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត៕
ដោយ ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


