ព័ត៌មានជាតិ
តើការចិញ្ចឹមសត្វព្រៃជាលក្ខណៈឯកជន ខុសច្បាប់ដែរឬទេ?
រយៈពេលប៉ុន្មានថ្ងៃនេះ មានការវែកញែក និងបង្ហាញការងឿងឆ្ងល់អំពីសកម្មភាពចុះបង្រ្កាប និងចាប់យកសត្វក្ងោកពីបុរសម្នាក់ ដែលរស់នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ជុំវិញការចុះបង្ក្រាបនេះ រដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា ក្រោយបើកការស៊ើបអង្កេត គឺរកឃើញថា បុរសឈ្មោះ យឹម សំអឿន បានចិញ្ចឹមសត្វក្ងោកសម្រាប់ជួញដូរដោយខុសច្បាប់។ តើការចិញ្ចឹមសត្វព្រៃជាលក្ខណៈឯកជន ឬគ្រួសារបែបនេះ ខុសនឹងច្បាប់ត្រង់ចំណុចណា?

បើតាមច្បាប់ស្ដីពីព្រៃឈើ ត្រង់ជំពូកទី១០ ពាក់ព័ន្ធនឹងការអភិរក្សសត្វព្រៃ បានចែងថា ពពួកសត្វព្រៃគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា ជាសម្បត្តិរបស់រដ្ឋ និងជាសមាសភាគនៃធនធានព្រៃឈើ។ ពពួកសត្វព្រៃទាំងអស់នេះ គឺស្ថិតនៅក្រោមការគ្រប់គ្រង ការសិក្សាស្រាវជ្រាវ និងការអភិរក្សដោយរដ្ឋបាលព្រៃឈើ។ ទន្ទឹមនេះ គ្រប់ប្រភេទសត្វព្រៃទាំងអស់ គឺត្រូវបានបែងចែកជា៣ក្រុម គឺ ១) ក្រុមប្រភេទជិតផុតពូជ ២) ក្រុមប្រភេទមានដោយកម្រ និង៣) ក្រុមប្រភេទមានដោយបង្គួរ។ បើនិយាយចំពោះសត្វក្ងោក ត្រូវបានកំណត់ និងចាត់ថ្នាក់ជាប្រភេទសត្វស្លាបនៃក្រុមប្រភេទសត្វព្រៃមានដោយកម្រ។

តែយ៉ាងណាក្ដី ក្នុងករណីមានការឯកភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺរដ្ឋបាលព្រៃឈើមានសិទិ្ធចេញលិខិតអនុញ្ញាតចំពោះប្រភេទសត្វជិតផុតពូជ និងប្រភេទសត្វមានដោយកម្រសម្រាប់គោលបំណងការសិក្សាអប់រំ ឬការស្រាវជ្រាវវិទ្យាសាស្ត្រ ការគាំទ្រដល់កម្មវិធីនៃការចាប់បង្កាត់ពូជ និងការផ្លាស់ប្ដូរប្រភេទសត្វតាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការអន្តរជាតិ តែប៉ុណ្ណោះ។ ប៉ុន្តែ ចំពោះសកម្មភាពការយាយីដល់ប្រភេទសត្វទាំងនេះ ការបរបាញ់ ការទាក់ចាប់ ការយកធ្វើជាកម្មសិទ្ធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារ ការដឹកជញ្ជូន ធ្វើពាណិជ្ជកម្ម និងការនាំចេញនាំចូល គឺត្រូវបានហាមឃាត់ជាដាច់ខាត ហើយសកម្មភាពទាំងនេះត្រូវបានចាត់ទុកថា ជាបទល្មើសដែលផ្ទុយពីច្បាប់។
បទល្មើសនៃការបរបាញ់ ការសម្លាប់ និងការចិញ្ចឹមដោយមានគោលបំណងធ្វើពាណិជកម្មលើប្រភេទសត្វជិតផុតពូជ និងប្រភេទសត្វមានដោយកម្រ គឺត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី១០លានរៀល ទៅ១០០លានរៀល។ ទន្ទឹមនេះ វត្ថុតាងទាំងអស់នៃបទល្មើសសត្វព្រៃដែលរឹបអូសបានត្រូវទុកជាទ្រព្យសម្បត្តិរដ្ឋ។
ដោយឡែក ប្រភេទសត្វមានដោយបង្គួរ ច្បាប់ស្ដីពីព្រៃឈើ បានអនុញ្ញាតឲ្យមានការចិញ្ចឹម ឬថែរក្សាជាលក្ខណៈសួនសត្វ ឬលក្ខណៈជាគ្រួសារ ហើយក៏អនុញ្ញាតឲ្យធ្វើពាណិជ្ជកម្មដែរ។ ការនាំចេញនាំចូលប្រភេទសត្វមានដោយបង្គួរនេះ គឺត្រូវមានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ដោយមានការឯកភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


