ព័ត៌មានជាតិ
ត្រៀមឈាម៥ពាន់ប្លោកសម្រាប់ជួយសង្គ្រោះដល់អ្នកជំងឺក្នុងពិធីបុណ្យចូលឆ្នាំថ្មីនិងព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខ
មជ្ឈមណ្ឌលជាតិផ្តល់ឈាមនឹងត្រៀមឈាមប្រមាណ៥ពាន់ប្លោក សម្រាប់ជួយសង្គ្រោះដល់អ្នកជំងឺនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនិងព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ។

ថ្លែងក្នុងកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «រួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិត» រៀបចំឡើងដោយមន្ទីរពេទ្យកាល់ម៉ែតសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងវីតាល់នៅព្រឹកថ្ងៃទី៣១មីនានេះ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានមានប្រសាសន៍ថា ឈាម៥ពាន់ប្លោកនេះគឺមួយចំណែកសម្រាប់ផ្គត់ផ្គង់ជួយសង្គ្រោះប្រជាពលរដ្ឋពេលមានបញ្ហាផ្សេងៗពិសេសគ្រោះថ្នាក់ចរាចរណ៍ដោយសារនៅឆ្នាំនេះមានការរៀបចំសង្ក្រាន្តឆ្នាំថ្មីជាច្រើនទូទាំងប្រទេសពិសេសនៅតំបនទេសចរណ៍នានាដែលអាចមានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅកម្សាន្តច្រើននិងមួយចំណែកទៀតទុកសម្រាប់ផ្គត់ផ្គង់ដល់ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះនៅខែឧសភាខាងមុខនេះ។

លោកវេជ្ជបណ្ឌិតបានបន្តថា បច្ចុប្បន្ននេះយើងមានឈាមបម្រុងទុកក្នុងស្តុកប្រមាណ៣ពាន់ប្លោករួចហើយនៅសល់ប្រមាណ២ពាន់ប្លោកទៀតយើងបន្តទទួលអំណោយឈាមដោយស្ម័គ្រចិត្តជាបន្តបន្ទាប់ហើយនៅខែមេសាខាងមុខនេះយើងនឹងទទួលអំណោយឈាម២០កន្លែងជាបន្តបន្ទាប់ដោយក្នុង១កន្លែងៗរំពឹងថា នឹងទទួលបានឈាមពី២០០ទៅ៣០០ប្លោកដែលអាចបំពេញស្តុកឈាមបានគ្រប់ចំនួន។

លោក វេជ្ជបណ្ឌិត បានបន្តថា « ឆ្នាំនេះយើងបានត្រៀមឈាមមានភាពល្អិតល្អន់ជាងរាល់ឆ្នាំដោយសារបុណ្យចូលឆ្នាំខ្មែរផងនិងមានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមផងដែលទាមទារឱ្យយើងត្រូវបង្កើនការបរិច្ចាគឈាមឱ្យបានច្រើនដើម្បីបំពេញស្តុកឈាមដែលខ្វះខាតដើម្បីធ្វើយ៉ាងណាឱ្យបានគ្រប់ចំនួន៥ពាន់ប្លោក»។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ជាក់ស្តែងថ្ងៃនេះការចូលរួមបរិច្ចាគឈាមរបស់បុគ្គលិកមន្ទីរពេទ្យកាល់ម៉ែត និងមានការចូលរួមពីវីតាល់ជាការចូលរួមលើកកំពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជាមួយគោលបំណងធានាឲ្យបាននូវការផ្គត់ផ្គង់ឈាម ប្រកបដោយសុវត្ថិភាពក្នុងបរិមាណគ្រប់គ្រាន់ទាន់ពេលវេលា ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះអ្នកជំងឺទាំងអស់ ដែលត្រូវការឈាមជាចាំបាច់ និងក្នុងពេលបន្ទាន់បំផុត។

លោក ហេង វ៉ាន់សាក់ ប្រធានប្រតិបត្តិការធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា កម្មវិធីនេះអាចកើតឡើងទៅបានក៏ដោយសារដៃគូសហការ និងការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ ផលិតផលវីតាល់ ដែលជានិច្ចកាល វីតាល់ បានបន្តរក្សាបេសកកម្មក្នុងការកាត់ប្រាក់ចំណេញ២៥រៀល ពីវីតាល់១ដប របស់អ្នកប្រើប្រាស់បង្វិលចូលមូលនិធិសម្រាប់សកម្មភាពសប្បុរសធម៌ និងការងារសង្គមនានាតាំងពីថ្ងៃដែលវីតាល់បានចាប់ផ្តើមចូលក្នុងទីផ្សារ។

លោក សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត មានប្រសាសន៍ថា លើកនេះជាលើកទី៩ ដែលមន្ទីរពេទ្យកាល់ម៉ែតបានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់ថ្នាក់ដឹកនាំមន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជន ចូលរួមដោយក្តីរីករាយនិងស្នាមញញឹម។

ជាមួយគ្នានេះ លោក សាស្ត្រាចារ្យបានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលតែងតែខ្នះខ្នែងផ្សព្វផ្សាយ និងប្រមូលឈាមសប្បុរសពីគ្រប់ទីកន្លែង ដើម្បីបំពេញបន្ថែមដល់តម្រូវការឈាមជាចាំបាច់ក្នុងគ្រប់ខណ្ឌទូទាំងប្រទេស៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ