មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡាបានណែនាំដល់សិស្សនិស្សិតទាំងអស់ត្រូវលះបង់នូវពាក្យចំនួន៥យ៉ាង ដែលមិនគួរនិយាយទើបអាចឈានទៅសម្រេចបាននូវក្តីស្រមៃដែលខ្លួនប៉ងប្រាថ្នាទៅថ្ងៃអនាគត។
ថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅសាកលវិទ្យាល័យជាតិមានជ័យ កាលពីថ្ងៃទី១៨មករា លោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិមានជ័យបានមានប្រសាសន៍ថា ពាក្យចំនួន៥យ៉ាង ដែលមិនគួរនិយាយនោះគឺ៖១. ពាក្យថាពិបាកក្រោយពេលដែលយើងនិយាយពាក្យថាពិបាកនោះវានឹងរារាំងដល់សមត្ថភាពរបស់យើងប្រសិនបើយើងប្រកាន់យកពាក្យនេះយើងមិនអាចជំនះនូវឧបសគ្គទាំងឡាយណាបានឡើយក្នុងមួយជីវិតយើងនេះបានឡើយ។
២. ពាក្យថាធ្វើមិនបានព្រោះពាក្យនេះវានឹងក្លាយទៅជាភាពទន់ជ្រាយដែលឲ្យយើងត្រូវបោះបង់នូវអ្វីដែលកំពុងធ្វើឬក៏បិទបាំងនូវចំណេះដឹងថ្មីៗដែលយើងមិនធ្លាប់ជួបយើងត្រូវគិតថាគ្មានអ្វីមួយដែលធ្វើមិនបាននោះទេគ្រាន់តែពេលខ្លះវាត្រូវការពេលវេលាតែប៉ុណ្ណោះការព្យាយាមនឹងបានសម្រេច។
៣.អស់សង្ឃឹមព្រោះពាក្យនេះនិយាយចេញមកពេលណាកម្លាំងទាំងអស់ទាំងកម្លាំងកាយនិងកម្លាំងចិត្តនឹងត្រូវបាត់ជ្រុះចុះត្រូវចេះលើកទឹកចិត្តខ្លួនឯងនឹងមានក្តីសង្ឃឹមជានិច្ច។
៤. ពាក្យថាខ្ជិលមិនគួរនិយាយសូម្បីតែនិយាយលេងក៏ដោយព្រោះវានឹងបង្កើតការដែលមិនមានទំនួលខុសត្រូវប្រសិនបើយើងប្រកាន់យកពាក្យនេះទុកក្នុងចិត្តវាស្មើនឹងពាក្យទទួលយកនូវការបរាជ័យក្នុងជីវិតបាត់ទៅហើយ។
៥.ពាក្យថាហត់នៅពេលដែលយើងនិយាយពាក្យទាំងនេះចេញមករាងកាយទាំងមូលនឹងតបស្នងមកវិញនូវភាពហត់ទន់ខ្សោយមួយរំពេចធ្វើអ្វីក៏ដោយយើងត្រូវតែចេះប្រមាណកម្លាំងឬស្ទាបស្ទង់កម្លាំងពេលខ្លះបើហត់ត្រូវសម្រាកបន្តិចឲ្យមានកំលាំងរួចធ្វើដំណើរទៅមុខបន្តទៀតនោះទើបយើងបានសម្រេចលទ្ធផល។
លោករដ្ឋលេខាធិការបានលើកទឹកចិត្តដល់ សិស្សានុសិស្ស និសិត្យ ទាំងអស់ត្រូវប្រកាន់គោលជំហរ និងមានជំនឿជឿជាក់លើខ្លួនឯងត្រូវតស៊ូ ព្យាយាមអត់ធ្មត់ក្នុងការសិក្សាដើម្បីឈានទៅសម្រេចបាននូវក្តីស្រមៃនិងក្តីបំណងប្រាថ្នានៅពេលអនាគត៕
ដោយ ៖ សំអឿន