ព័ត៌មានជាតិ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយរដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលសន្តិសុខជាតិសិង្ហបុរី
នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានទទួលជួបសំណេះសំណាលជាមួយ ឯកឧត្តម Teo Chee Hean ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលសន្តិសុខជាតិ នៃសាធារណរដ្ឋសិង្ហបុរី ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចទ្វេភាគីនៅព្រះរាជាណាចក្រកម្ពុជា និងដើម្បីចូលរួមទស្សនាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។

ក្នុងជំនួបនេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានរំឭកអំពីចំណងមិត្តភាពជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជា-សិង្ហបុរី រាប់ពីការចាប់ផ្តើមនៃទំនាក់ទំនងការទូតដំបូងក្នុងឆ្នាំ១៩៦៥ ក្រោយពេលដែលសិង្ហបុរីក្លាយជារដ្ឋឯករាជ្យ ដែលនៅពេលនោះ កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដំបូងបង្អស់ដែលបានទទួលស្គាល់ឯករាជ្យរបស់សិង្ហបុរី។

ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត បានធ្វើការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនកាន់តែប្រសើរឡើងនៃ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលមានលក្ខណៈជិតស្និទ្ធ, ស៊ីជម្រៅ និងប្រកបដោយទំនុកចិត្ត ដោយក្នុងនេះ សិង្ហបុរីក៏បានផ្តល់ការគាំទ្រផងដែរចំពោះភាពជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា ក៏ដូចជាការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ តាមរយៈការផ្តល់ការហ្វឹកហ្វឺនផ្នែកការពារសន្តិសុខ-សុវត្ថិភាពដល់បណ្តាកងឯកភាពចំណុះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាដើម។

ជាការឆ្លើយតប ឯកឧត្តម Teo Chee Hean បានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-សិង្ហបុរី ដែលកំពុងមានវឌ្ឍនភាពរីកចម្រើនទៅមុខគួរឱ្យកត់សម្គាល់ និងបានថ្លែងនូវការកោតសរសើរចំពោះជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ធំៗជាលក្ខណៈតំបន់ជាច្រើន ជាពិសេសភាពជាប្រធានអាស៊ានឆ្នាំ២០២២ និងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដោយក្នុងនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះអត្តពលិក និងគណៈប្រតិភូកីឡារបស់សាធារណរដ្ឋសិង្ហបុរី ដែលកំពុងចូលរួមការប្រកួតនៅកម្ពុជា៕








-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ