ព័ត៌មានជាតិ
គណៈកម្មការទី៦ រដ្ឋសភា គាំទ្រសេចក្ដីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត
គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) បានគាំទ្រលើសេចក្ដីព្រាងច្បាប់ ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោតទាំងស្រុង ដោយមិនមានការកែប្រែ។ ការគាំទ្រនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំរវាងគណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ ដើម្បីពិភាក្សាលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ។

លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា បានសម្តែងនូវការគាំទ្រទៅលើសេចក្ដីព្រាងច្បាប់នេះទាំងស្រុង ហើយលោក បញ្ជាក់ថា គណៈកម្មការ នឹងធ្វើសំណើទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតនេះ ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ នាពេលខាងមុខ ដោយចាត់ទុកជាការប្រញាប់។
បើតាមសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងរាជរដ្ឋាភិបាល បានថ្លែងថា ដើម្បីលើកស្ទួយគុណតម្លៃ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលបានចាក់ឫសនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ជាពិសេសដើម្បីពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយ តាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការស្នើសុំធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដោយសំដៅកែទម្រង់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។

ក្នុងន័យនេះ សម្ដេចក្រឡាហោម បានបញ្ជាក់ថា ពលរដ្ឋដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ មាតុភូមិ និងប្រជាជន ដោយត្រូវផ្ដើមចេញពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោតរបស់ខ្លួន តាមរយៈការចេញទៅបោះឆ្នោត ដែលនេះជាករណីកិច្ចចម្បងរបស់ពលរដ្ឋល្អនៅក្នុងសង្គមប្រជាធិបតេយ្យ។ តែក្នុងករណីមិនបានអនុវត្តសិទ្ធិចេញទៅបោះឆ្នោតដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពលរដ្ឋនោះមិនគប្បីចាត់ទុកជាពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យ ហើយក៏មិនសាកសមឈរឈ្មោះឱ្យគេបោះឆ្នោតបានដែរ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមថា ដើម្បីលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា វិសោធនកម្មច្បាប់បោះឆ្នោតនេះ ក៏បានកំណត់ពីការចាត់វិធានការចំពោះបុគ្គលណាដែលបានធ្វើសកម្មភាពប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ក៏ដូចជាធ្វើសកម្មភាពធ្វើឱ្យខូចខាតដល់កិច្ចដំណើរការនានានៃការបោះឆ្នោត ត្រូវប្រឈមនឹងការដកហូតជាបណ្តោះអាសន្ននូវសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ឬការហាមឃាត់មិនឱ្យចូលរួមនៅក្នុងការបោះឆ្នោត។

សម្តេចក្រឡាហោម បានជម្រាប់ជូនគណៈកម្មការជំនាញរដ្ឋសភា ដែរថា សំណើធ្វើវិសោធនកម្មនេះបានធ្វើឡើងស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញកម្ពុជា ជាពិសេស វាក្យខណ្ឌទី៥ នៃមាត្រា៣៤ ថ្មី (មួយ) ចែងថា៖ “បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវកំណត់ក្នុងច្បាប់”។ ទន្ទឹមនេះ សម្ដេច អះអាងថា សំណើធ្វើវិសោធនកម្មនេះ ក៏មិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរឡើយ ហើយការសម្រេចទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត នៅតែជាសិទ្ធិរបស់ប្រជាពលរដ្ឋ និងមិនមែនជាកាតព្វកិច្ចដែលមានចរិតជាការចាប់បង្ខំប្រជាពលរដ្ឋឱ្យទៅបោះឆ្នោតដូចបណ្តាប្រទេសប្រជាធិបតេយ្យសេរីមួយចំនួនក្នុងពិភពលោកនោះទេ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


