ព័ត៌មានជាតិ
ស្នាដៃអ្នកនិពន្ធណាខ្លះ ត្រូវបានបញ្ចូលនៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ?
តាមរយៈស្នាដៃអក្សរសាស្ត្រ អក្សរសិល្បិ៍ ភាសាបាលី និងស្នាដៃនិពន្ធជាច្រើន បានធ្វើឱ្យកិត្តិនាមអ្នកនិពន្ធខ្មែរជំនាន់មុន នៅតែរក្សាបាន ក៏ព្រោះតែគុណតម្លៃនៃស្នាដៃ ដែលអ្នកពូកែអក្សរសាស្ត្រខ្មែរ បានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ យកមកសិក្សារៀនសូត្រ ពោលជាស្នាដៃដែលប្រើបានគ្រប់សម័យកាល។

មនុស្សស្លាប់ តែកេរ្តិ៍ឈ្មោះមិនបាត់ ម្ចាស់ស្នាដៃនិពន្ធទាំងនេះ សុទ្ធសឹងតែជាបណ្ឌិត និងអ្នកប្រាជ្ញាខ្មែរ ដែលពូកែលើអក្សរសាស្ត្រជាតិ ដោយបានបង្កើតស្នាដៃដ៏មានតម្លៃជាច្រើនសម្រាប់ការសិក្សាអប់រំខ្មែរជំនាន់ក្រោយ។ បើតាមសៀវភៅ ឯកសារជំនួយអក្សរសាស្ត្រខ្មែរ ដែលស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំមានបញ្ជាក់ថា ក្នុងចំណោមស្នាដៃនិពន្ធទាំងនោះ ក៏រួមមានស្ថាព្រះហស្តរបស់រាជវង្សផងដែរ តែកម្ពុជាថ្មី សូមលើកយកតែអ្នកមានស្នាដៃល្បីៗ ១២រូបប៉ុណ្ណោះ។
១. ព្រះអង្គឌួង
ស្នាព្រះហស្តនិពន្ធរបស់ទ្រង់ រួមមានរឿងចម៉្បាថោង និពន្ធនៅឆ្នាំ១៨១០ (អំឡុងពេលដែលទ្រង់នៅសិក្សា ពុំទាន់ឡើងគ្រងរាជ្យ), រឿងកាកី និពន្ធនៅឆ្នាំ១៨១៥, ច្បាប់ស្រី ពាក្យកាព្យ និពន្ធនៅឆ្នាំ១៨៣៧ និងរឿងមហាវេស្សន្តរ (ពាក្យរាយ) ត្រូវបានបញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់មធ្យមសិក្សាចំណេះទូទៅ របស់ក្រសួង។

២. ព្រះរាជសម្ភារ (ព្រះស្រីធម្មរាជា ឬពញាតូ)
ស្នាដៃព្រះហស្តនិពន្ធព្រះរាជសម្ភារ ដែលត្រូវបានបញ្ចូលក្នុងកម្មវិធីមធ្យមសិក្សាចំណេះទូទៅ រួមមាន លិខិតផ្ញើទៅ ព្រះម៉ែយួរវត្តី ច្បាប់រាជនីតិ ច្បាប់ព្រះរាជសម្ភារ (ឆ្នាំ១៦២២), កំណាព្យសរសើរហេមន្តមាស (ឆ្នាំ១៩២៩), កាព្យនិរាស (ឆ្នាំ១៦៣០), ហិនលក្ខណ៍សល (ឆ្នាំ១៦៣០), កំណាព្យ “កន្លង់មាសមង្គលថ្លៃ”, កំណាព្យ “ព្រលឹងមាសអើយ”, ច្បាប់ក្រម, ច្បាប់ហៃសាធុជន ឬច្បាប់ត្រីនេត្រ និងពាក្យកាព្យប្រារពព្ធដ៏កំពូលត្នោត មុនពេលសុគតដោយទាហានបារាំងបាញ់។
៣. សម្តេចព្រះសង្ឃរាជ ជួន ណាត
ស្នាដៃព្រះហស្តនិពន្ធរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបញ្ចូលក្នុងកម្មវិធីអប់រំរបស់ក្រសួង មានដូចជា វចនានុក្រមខ្មែរ, គហិបដិបត្តិ, កចាយនូបត្ថម្ភក, សាមណេរវិន័យ, បាតិមោក្ខសង្ខេប, កាព្យលោកធម៌, សុភមង្គលគាថាបថ្យាវត្ត, បទនគររាជ, បទសារភញ្ញ និងស្នាដៃខាងអភិវឌ្ឍសង្គមជាច្រើនទៀត។

៤. ព្រះបទុមត្ថេរ ងួន សោម
ព្រះបទុមត្ថេរ ងួន សោម មានស្នាដៃនិពន្ធ ៣ ដែលត្រូវបានក្រសួងអប់រំ បញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់មធ្យមសិក្សា គឺរឿងទុំទាវ ជាស្នាដៃនិពន្ធក្នុងឆ្នាំ១៩១៥, រឿងផ្ការាំទឹករាំ និងរឿងសព្វសិទ្ធិ (ប៉ុន្តែពុំមែនរឿងសព្វសិទ្ធិរបស់ម៉ឺនភក្តីអក្សរតន់ទេ)។

៥. ព្រះភិរម្យភាសាអ៊ូ ហៅ “ក្រមង៉ុយ”
ព្រះភិរម្យភាសាអ៊ូ ជាអ្នកប្រាជ្ញខ្មែរមួយរូបពូកែខាងពាក្យកាព្យ ហើយស្នាដៃរបស់លោក ចំនួន៥ ដែលត្រូវបានបញ្ចូល ក្នុងកម្មវិធីសិក្សានោះ រួមមាន ច្បាប់ល្បើកថ្មី “បទកាកគតិ” និងច្បាប់កេរកាលថ្មី “បទព្រហ្មគីតិ” សុទ្ធសឹងស្នាដៃនិពន្ធ ឆ្នាំ១៩២២ ។ សេចក្តីរំលឹកដាស់តឿន “បទពាក្យ៧” និពន្ធឆ្នាំ១៩៣១ រួមនឹងច្បាប់ប្រដៅទូទៅជនប្រុសស្រី “បទពាក្យ៧” និង បណ្តាំក្រមង៉ុយ “បទព្រហ្មគីតិ” ។
៦. លោកឧកញ៉ា សុត្តន្តប្រីជាឥន្ទ
ស្នាដៃរបស់លោកមួយចំនួន ដែលត្រូវបានបញ្ចូលក្នុងកម្មវិធីសម្រាប់ថ្នាក់មធ្យមសិក្សាចំណេះទូទៅ រួមមាន គតិលោក (ឆ្នាំ១៩២០), អំបែងបែក (ឆ្នាំ១៨៨៩), និរាសនគរវត្ត(កាព្យ), លោកនីតិបករណ៍(កាព្យ), សុភាសិតច្បាប់ស្រី, ក្បួនមេកាព្យ និងស្នាដៃដទៃទៀត បូករួមមាន ៤៤មុខ។

៧. លោក ញ៉ុក ថែម
ស្នាដៃរបស់លោកមានច្រើន តែបញ្ចូលក្នុងកម្មវិធីសិក្សាថា្នក់មធ្យម មានដូចជា ពុទ្ធប្រវត្តិសង្ខេប, មេហាវេស្សន្តរជាតក (ឆ្នាំ១៩៥៣), បិសាចស្នេហាក (ឆ្នាំ១៩៤០), កុលាបប៉ៃលិនក (ឆ្នាំ១៩៣៦-១៩៤៣), បញ្ញាសជាតកសង្ខេប, ប្រជុំពុទ្ធភាសិត, ជាតិ សាសនា ព្រះមហាក្សត្រ, វិធីប្រតិបត្តិធម៌ និងស្នាដៃបកប្រែមួយចំនួនទៀត។

៨. លោក រីម គីន
លោកមានស្នាដៃនិពន្ធមួយចំនួនត្រូវបានបញ្ចូលក្នុងកម្មវិធីសិក្សារបស់ក្រសួង ដូចជា រឿងសូផាត (ឆ្នាំ១៩៣៨), ស្ត្រីកំព្រា (ឆ្នាំ១៩៥១), ចិត្តចងចាំ (ឆ្នាំ១៩៤៨), ពលវង្សា (ឆ្នាំ១៩៥៣), នាងរតននារី (អត្ថបទពាក្យកាព្យ ឆ្នាំ១៩៥៤), ឈាមរកឈាម (អត្ថបទពាក្យកាព្យ ឆ្នាំ១៩៥៥), រៀនមិនយល់ (អត្ថបទពាក្យកាព្យ ឆ្នាំ១៩៥៧), មើលព្រះចន្ទ្រ និង នាងសមាភាវី (ឆ្នាំ១៩៥២)។
៩. លោក នូ ហាច
ស្នាដៃនិពន្ធរបស់លោក រួមមាន រឿងផ្កាស្រពោន (ឆ្នាំ១៩៤៩), រឿងនារីជាទីស្នេហា (ឆ្នាំ១៩៥៣), រឿងលាវណ្យ និងរវិន្ទ (ឆ្នាំ១៩៥៥) និងរឿង មាលាដួងចិត្ត (ឆ្នាំ១៩៧២) ត្រូវបានបញ្ចូលក្នុងកម្មវិធីថ្នាក់មធ្យមសិក្សា។
១០. លោក សួន សុរិន្ទ
ស្នាដៃនិពន្ធរបស់លោក រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ ជាស្នាដៃនិពន្ធជយលាភីលេខ១ ពានរង្វាន់ឥន្ទ្រទេវី ឆ្នាំ១៩៦១ ដែលបញ្ចូលក្នុងកម្មវិធីថ្នាក់មធ្យមសិក្សា។
១១. លោក ឌឹក គាម
ស្នាដៃរបស់លោក ដែលបញ្ចូលក្នុងកម្មវិធីថ្នាក់មធ្យមសិក្សា ភាគច្រើនជាប្រភេទប្រលោមលោក រួមមាន រឿង មកបងទៅផ្ទះ និងរឿងប្រាក់ខែទៅណា (ឆ្នាំ១៩៥៦), រឿងព្រះនាងឥន្ទ្រទេវី (ឆ្នាំ១៩៦៦), រឿងឧកញ៉ាពិស្ណុលោក (ឆ្នាំ១៩៧០) និងរឿងភូមិតិរច្ឆាន (ឆ្នាំ១៩៧១) ដែលក្នុងនោះ ឯកសារជំនួយស្មារតី អក្សរសីល្ប៍ និងវប្បធម៌ខ្មែរ សម្រាប់ថ្នាក់មធ្យមសិក្សាចំណេះទូទៅ មានបញ្ជាក់ថា សហការជាមួយលោក ឌឿក អំ ។
១២. លោក អ៉ឹម ថុក
ស្នាដៃរបស់លោក ដែលបញ្ចូលក្នុងកម្មវិធីថ្នាក់មធ្យមសិក្សា រួមមានរឿងស៊ឹមអ្នកបរឡាន រឿងគូលីកំនែន រឿងតារាចន្ទ្រ (ក្នុងឆ្នាំតែមួយ ឆ្នាំ១៩៥៦) និងគ្រូបង្រៀនស្រុកស្រែ (ឆ្នាំ១៩៥៧) ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?