ព័ត៌មានជាតិ
អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជា ៖ លោក Bilahari Kausikan ជាមន្ត្រីការបរទេសសិង្ហបុរី ដែលមាត់ដាច
លោក ពុយ គា អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជា និងជាអ្នកកាសែតជើងចាស់មួយរូប បច្ចុប្បន្នជាអ្នករាយការណ៍ឲ្យកាសែតក្យូដូជប៉ុន ប្រចាំកម្ពុជាបានអះអាងថា លោក Bilahari Kausikan ជាមន្ត្រីការបរទេសសិង្ហបុរីមួយរូប ដែលតែងព្យាយាមនិយាយយ៉ាងណា ដើម្បីបង្ហាញថា គាត់ជាអ្នកជាតិនិយម គាត់ជាមន្ត្រីការបរទេសមាត់ដាច សំដីថ្លោស ឫកឆ្នើម និងពើងទ្រូង និយាយមិនដឹងពីលទ្ធផល។
ការលើកឡើងរបស់ លោក ពុយ គា បន្ទាប់ពីក្រុមអតីតអ្នកការទូតកម្ពុជា បានសរសេរលិខិតចំហមួយសម្ដែងក្តីឈឺចាប់ចំពោះ លោក ប៊ីឡាហារី កូស៊ីខាន់ (Bilahari Kausikan) អតីតលេខាអចិន្ត្រៃយ៍ នៃក្រសួងការបរទេសសិង្ហបុរី ដែលចង់ឲ្យដកកម្ពុជាចេញពីអាស៊ាន។
លោក ពុយ គា លើកឡើងថា ប៉ុន្មានថ្ងៃកន្លងមកនេះ មានការជជែក និងសរសេរបកស្រាយតទៅតមក រវាងអតីតអ្នកការទូតដែលចូលនិវត្តន៍ និងអ្នកការទូតដែលកំពុងបំពេញតួនាទីបច្ចុប្បន្នរបស់កម្ពុជា និងអតីតអ្នកការទូតមួយរូបរបស់សិង្ហបុរី ដែលបានធ្វើអត្ថាធិប្បាយចង់ឲ្យអាស៊ានបណ្ដេញកម្ពុជា និងឡាវចេញពីអាស៊ាន ដោយភ្ជាប់ប្រទេស២នេះទៅនឹងចិន។ លោកថា ក្នុងនាមជាអ្នកសារព័ត៌មានកម្ពុជាមួយរូប ដែលបានតាមដានកិច្ចការអាស៊ានរយៈពេលជាង២២ឆ្នាំកន្លងមកនេះ លោកតែងកត់សម្គាល់ “នរណា ជានរណា = who is who?” នៅក្នុងអាស៊ាន ហើយលោកក៏ស្វែងយល់ត្រួសៗ អំពីអតីតមន្ត្រីការទូតសិង្ហបុរីរូបនេះផងដែរ។
បើតាម លោក ពុយ គា លោក Bilahari Kausikan ត្រូវបានសារព័ត៌មានសិង្ហបុរីខ្លួនឯង (The Straight Times) ឲ្យរហស្សនាមថា “Singapore’s undiplomatic diplomat” មានន័យថា ជាអ្នកការទូតមិនមែនជាអ្នកការទូត ឬសម្រាយថា ជាអ្នកការទូតដែលចេះតែនិយាយដូចមែនទែនចឹង គ្មានខ្វល់ពីផលវិបាកនឹងកើតមានឡើយ។
លោក Bilahari Kausikan “ត្រូវបានអ្នកនយោបាយនៅសិង្ហបុរីសម្គាល់ថា គាត់តែងព្យាយាមនិយាយយ៉ាងណា ដែលបង្ហាញថា គាត់ជាអ្នកជាតិនិយមមួយរូបរបស់សិង្ហបុរី។ គាត់ចូលចិត្តបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក លើនយោបាយការបរទេសសិង្ហបុរី ចូលចិត្តប្រធានាធិបតីដូណាល់ត្រាំ ហើយក៏ជាមន្ត្រីការបរទេសសិង្ហបុរីមួយរូប ដែលមាត់ដាច សំដីថ្លោស ឫកឆ្នើម និងពើងទ្រូង”។
តាមការអង្កេតរបស់លោកលើវិស័យការទូត ឬទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងសិង្ហបុរី លោក ពុយ គា ចាប់អារម្មណ៍ទៅលើចំណុចចៃដន្យមួយ គឺសំដីរបស់ លោក Bilahari Kausikan បានធ្វើឡើង ក្រោយពីឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា គឺលោក Michael Tan ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៅកម្ពុជា (២០១៦) បានបីខែ ហើយឥឡូវនេះ មុនលោក Michael Tan ត្រូវបញ្ចប់អាណត្តិរយៈពេល២ខែខាងមុខនេះ ស្រាប់តែ លោក Bilahari Kausikan និយាយដូច្នេះម្ដងទៀត។
លោកយល់ថា ការអត្ថាធិប្បាយ ឬការបញ្ចេញទស្សនៈរបស់ លោក Bilahari Kausikan ជាទស្សនៈផ្ទាល់ខ្លួនមួយរូប មិនមែនជាជំហររបស់សិង្ហបុរី ហើយក៏មិនមែនជារឿងដែលសិង្ហបុរី ជាប្រទេសស្ថាបនិកមួយរបស់អាស៊ានតាំងពីឆ្នាំ១៩៦៧ គួរធ្វើបែបនេះដែរ ព្រោះវានឹងនាំឲ្យអាស៊ានបែកបាក់ និងដួលរលំតែម្ដង៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម១ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
មួយឆ្នាំៗ វៀតណាម ប្រឈមខាតបង់ដំណាំជិត៣ពាន់លានដុល្លារ ដោយសារទឹកប្រៃ ហូរចូលដីបង្កបង្កើនផល