ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីកម្ពុជាស្នើកូរ៉េជំរុញការវិនិយោគមកកម្ពុជា ជាពិសេសវិស័យកសិកម្ម
ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើភាគីកូរ៉េជំរុញការវិនិយោគមកកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម ដែលសម្រាប់បម្រើឱ្យការនាំចេញ។
ការស្នើរបែបនេះធ្វើឡើងនៅក្នុងជំនួបរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជាមួយលោក ឆុង វ៉ាងគឺន (Chung Hwang-Keun) រដ្ឋមន្ត្រីកសិកម្ម, ស្បៀង និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី ២៨ សីហា ឆ្នាំ ២០២៣ នៅវិមានសន្តិភាពគ្រាដែលលោក ឆុង វ៉ាងគឺន បំពេញទស្សនកិច្ចផ្លូវការ លើកទី១ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៦ ដល់ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣។

ទស្សនកិច្ចនេះបង្ហាញអំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ នៅក្នុងវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត។
លោក ឆុង វ៉ាងគឺន បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត និង បានសម្តែងនូវការអបអរសាទរដល់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី។
លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីភាពជាដៃគូដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ទាំងក្នុងន័យកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានផ្សារភ្ជាប់ឡើងវិញចាប់ពីចុងទសវត្សរ៍៩០។

លោករដ្ឋមន្ត្រីក៏បានកត់សម្គាល់ផងដែរអំពីសក្តានុពលដ៏ធំធេងរបស់កម្ពុជា ដូចជាកត្តាធនធានធម្មជាតិ, កត្តាប្រជាសាស្រ្ត និងជាពិសេស ការដឹកនាំរបស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ដែលនឹងធ្វើឱ្យវិស័យកសិកម្ម ក៏ដូចជាវិស័យសំខាន់ៗដទៃទៀត មានវឌ្ឍនភាពល្អប្រសើរនាពេលអនាគតខាងមុខ។
ជាការឆ្លើយតប ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានស្វាគមន៍នូវដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឆុង វ៉ាងគឺន និងបានសម្តែងនូវអំណរគុណចំពោះឯកឧត្តម និងជាពិសេស ឯកឧត្តមប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ដែលបានផ្ញើលិខិតអបអរសាទរចំពោះការណ៍ដែល ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃនីតិកាលទី ៧ នៃរដ្ឋសភា។

ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ក៏បានអរគុណចំពោះភាគីកូរ៉េ ដែលតែងផ្តល់ការគាំទ្រ និងយកអាសារដល់ពលករកម្ពុជានៅកូរ៉េ តាមរយៈមណ្ឌលគាំពារការងារ ដែលផ្តល់សេវាគាំពារដល់កម្មករគ្រប់ប្រទេស ដោយរាប់ទាំងពលករកម្ពុជាផងដែរ។ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ក៏បានបង្ហាញផងដែរអំពីជំហរគាំទ្ររបស់កម្ពុជា ចំពោះបេក្ខភាពកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោក ឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន។
ជាចុងបញ្ចប់ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានស្នើភាគីកូរ៉េជំរុញការវិនិយោគមកកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម ដែលសម្រាប់បម្រើឱ្យការនាំចេញ។ ភាគីទាំងពីរ ក៏បានឯកភាព ក្នុងការបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយឯកឧត្តម ឆុង វ៉ាងគឺន មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំជាប្រវត្តិសាស្រ្តរបស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត កម្ពុជានឹងកាន់តែរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតក៏បានសំដែងនូវអំណរគុណចំពោះប្រធានាធិបតីកូរ៉េ ដែលបានផ្ញើលិខិតអបអរសាទរ និងបានជូនពរ ឯកឧត្តម ឆុង វ៉ាងគឺន សូមទទួលបានជោគជ័យផ្លែផ្កា ក្នុងដំណើរទស្សនកិច្ចនេះ និងជូនពរឱ្យការវិលត្រឡប់ទៅវិញ ប្រកបដោយសុវត្ថិភាព៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ