ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះឧកញ៉ាតី ធ្វើការឃាត់ខ្លួនជាក់ស្ដែង ខណៈដែលកំពុងសម្ងំចែករំលែកថ្នាំញៀនទុកលក់ចែកចាយបន្ត។
ការឃាត់ខ្លួននេះបានធ្វើឡើងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទីនៅចំណុច ភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនសង្ស័យទាំង២នាក់ ១-ឈ្មោះ វ៉ាង សំនៀង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ២-ឈ្មោះ រ៉េត គង្គា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
វត្ថុតាងចាប់យក ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ( ICE) ម៉ាទឹកកក ចំនួន០៥កញ្ចប់ (មធ្យម ចំនួន ០២កញ្ចប់,តូចចំនួន០៣កញ្ចប់) ស្មើទម្ងន់១១,៩៦ក្រាម ទូរស័ព្ទចំនួន០១គ្រឿង ឧបករណ៍សម្រាប់ប្រើប្រាស់ និងសម្ភារៈសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា នៅមុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ មានប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលថា មានការជួញដូរថ្នាំញៀននៅចំណុចក្នុងផ្ទះរបស់ឈ្មោះ សំនៀង ស្ថិតក្នុងភូមិឃុំខាងលើ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះឧកញ៉ាតី បានចុះទៅបង្ក្រាប ពេលទៅដល់ក៏ឃើញជនសង្ស័យទាំងពីរនាក់កំពុងរំលែកថ្នាំញៀន ហើយសមត្ថកិច្ចនគរបាលបានឃាត់ជនសង្ស័យរួមទាំងវត្ថុតាង ថ្នាំញៀនចំនួន០៥កញ្ចប់ មធ្យមចំនួន០២កញ្ចប់,តូចចំនួន០៣កញ្ចប់ និងឧបករណ៍សម្រាប់ប្រើប្រាស់ និងសម្ភារៈសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន បន្ទាប់មកសមត្ថកិច្ចនគរបាល ក៏បានបញ្ជូនជនសង្ស័យទាំង០២នាក់រួមជាមួយវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីបន្តនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ វ៉ាង សំនៀង បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចនគរបាលថា ខ្លួនពិតជាបានលក់ថ្នាំញៀនប្រាកដមែន ចំពោះថ្នាំញៀន គឺខ្លួនទៅទិញពីមនុស្សប្រុសមិនស្គាល់ឈ្មោះម្នាក់នៅម្តុំចតុមុខ រាជធានីភ្នំពេញ ដោយទិញក្នុងតំលៃ ៤៥ម៉ឺនរៀល បានថ្នាំញៀនចំនួនកន្លះជ្រុង ដើម្បីរំលែកលក់បន្ត៕
អត្ថបទ ៖ រ៉ាវុទ្ធ