ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត ស្នើឥណ្ឌាពន្លឿនការចរចាសន្ធិសញ្ញាអាជីវកម្ម និងវិនិយោគនៃប្រទេសទាំងពីរ
តាមរយៈរដ្ឋមន្ត្រីការបរទេសឥណ្ឌា, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញដល់ក្រុមការងារនៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា ដែលកំពុងចរចាលើសន្ធិសញ្ញាអាជីវកម្ម និងវិនិយោគ (BIT) ឱ្យពន្លឿនការចរចា ដើម្បីឈានដល់ការបញ្ចប់ នៅពេលខាងមុខដ៏ខ្លីនេះ។

សេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៥ ខែកញ្ញានេះ បានឱ្យដឹងថា ក្នុងជំនួបជាមួយលោក ស៊ូប្រាម៉ានីញ៉ាម ចៃសានកា រដ្ឋមន្ត្រីការបរទេសឥណ្ឌា កាលពីថ្ងៃទី២៣ ខែកញ្ញា នៅទីក្រុងញូវយ៉ក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងដូច្នេះថា៖ «ពាក់ព័ន្ធនឹងសន្ធិសញ្ញាអាជីវកម្ម និងវិនិយោគ (BIT) ដែលក្រុមការងារប្រទេសទាំងពីរកំពុងចរចា សម្តេចធិបតី ស្នើឱ្យពន្លឿន និងឈានដល់បញ្ចប់ នាពេលខាងមុខដ៏ខ្លី»។
ក្នុងជំនួបនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំឭកអំពីជំនួបពីអតីតកាល ជាពិសេសនៅទីក្រុងញូវដែលី នៅពេលដែលសម្តេចធិបតីបំពេញទស្សនកិច្ចក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក និងលើកចុងក្រោយនៅទីក្រុងហ្សាការតា កាលពី ២សប្តាហ៍មុន អំឡុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ សម្តេចធិបតី ក៏បានអរគុណចំពោះការអបអរសាទរដល់សម្តេចធិបតី និងបានរំលេចថា កម្ពុជា-ឥណ្ឌា បន្តនូវការប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនង និងខិតខំបំពេញការងារជាមួយគ្នាឱ្យសម្រេចចំពោះកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួច ព្រមទាំងស្វែងរកវិស័យសក្ដានុពល សម្រាប់កិច្ចព្រមព្រៀងថ្មីៗទៀត។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីការបរទេសឥណ្ឌា បានជម្រាបសម្តេចធិបតី ថា លោក ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជាចំនួន ២លើក ដែលលើកចុងក្រោយ នៅឆ្នាំ២០២២ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ចំពោះកិច្ចសហប្រតិបត្តិការ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រទេសទាំងពីរ នឹងខិតខំស្វែងរកវិស័យដែលមានសក្ដានុពល តាមរយៈការពង្រឹងបន្ថែមនូវភាពជាដៃគូអភិវឌ្ឍ។
ចំពោះវិស័យសន្តិសុខ និងយោធា ភាគីទាំងពីរបានយល់ស្របថា គួរត្រូវពង្រឹងសហប្រតិបត្តិការ តាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាលកងទ័ព និងការរៀបចំការជួបជុំគ្នា សម្រាប់ការផ្លាស់ប្តូរជាទស្សនវិស័យ និងបទពិសោធន៍ ឱ្យបានទៀងទាត់ និងញឹកញាប់។ ចំពោះវិស័យទេសចរណ៍ និងវប្បធម៌ លោករដ្ឋមន្ត្រី យល់ឃើញថា គម្រោងស្តីពីនវានុវត្តន៍ និងអភិរក្ស គួរត្រូវបានរៀបចំឡើង ខណៈប្រទេសទាំងពីរ បានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយគ្នារាប់ពាន់ឆ្នាំមកហើយ។
ពាក់ព័ន្ធនឹងសន្តិសុខតំបន់ លោករដ្ឋមន្ត្រីការបរទេសឥណ្ឌា បានបង្ហាញនូវការព្រួយបារម្ភអំពីបញ្ហាដែលកំពុងកើតមានឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាពិសេសចំពោះការឆ្លងដែនដ៏គំហុករបស់ប្រជាជនមីយ៉ាន់ម៉ា អស្ថិរភាពតាមតំបន់ជាប់ព្រំដែន និងឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការរៀបចំ។ លោក ថា ទាំងនេះទាមទារការយកចិត្តទុកដាក់ខ្ពស់ ទាំងការស្វែងយល់ឱ្យបានច្បាស់លាស់អំពីបញ្ហាដែលជាឫសគល់ និងអំពីដំណោះស្រាយសមស្រប ខណៈលោក បញ្ជាក់ថា ឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេចកដើម្បីចូលរួមជាមួយអាស៊ានក្នុងកិច្ចដំណើរការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។

ទាក់ទិនបញ្ហាមីយ៉ាន់ម៉ានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជម្លោះដែលកំពុងតែរីកសាយភាយ គួរត្រូវបានដោះស្រាយដោយឈរលើគោលការណ៍ច្បាប់ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសពីគ្រប់សមាជិកទាំងអស់របស់អាស៊ាន។ សម្ដេច ថា ការផ្តល់ដំណោះស្រាយសមស្រប និងប្រកបដោយប្រសិទ្ធភាពនៅមីយ៉ាន់ម៉ា គឺជាការបង្ហាញនូវសមត្ថភាព ភាពខ្លាំង និងការរួបរួមគ្នាជាធ្លុងមួយក្នុងក្របខណ្ឌអាស៊ាន នៅក្នុងការបំពេញតួនាទីជាយន្តការតំបន់ដ៏មានប្រសិទ្ធភាព។
សម្តេចធិបតី បន្តថា អាស៊ានត្រូវរួបរួមគ្នាជាសំឡេងតែមួយ ដើម្បីបញ្ចប់នូវរាល់ជម្លោះ និងត្រូវចាប់ផ្តើមផ្តល់ជំនួយដល់ប្រជាជនដែលងាយរងគ្រោះ។ ក្នុងន័យនេះ កម្ពុជា បានបញ្ជូនបេសកជនពិសេសទៅកាន់មីយ៉ាន់ម៉ា ដើម្បីជួយស្វែងរកដំណោះស្រាយសមស្រប និងបន្តផ្តល់នូវគំនិតផ្តួចផ្តើមនានា សំដៅកសាងសុខសន្តិភាពឡើងវិញដល់ប្រជាជន និងប្រទេសមីយ៉ាន់ម៉ា៕
-
KPT+១៣ ម៉ោង មុន
សិស្សប្រលងបាក់ឌុបស្អែក គួរចៀសវាងអាហារ ៤ មុខនេះដាច់ខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
កីឡាករ ដាវ លឺដុឌ៖ ការប្រកួតជាមួយ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំប្រវត្តិសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
អាជ្ញាធរ បញ្ចប់ករណីបុរសវាយសត្វឈ្លូស ត្រឹមការពិន័យជាប្រាក់