Connect with us

ព័ត៌មានជាតិ

និស្សិតខ្លាំង ៣ក្រុម នឹងតំណាងកម្ពុជា ចូលរួមប្រកួត «អ្នកដឹកនាំយុវជនអាស៊ាន-ចិន-ឥណ្ឌា ២០២៣» នៅសិង្ហបុរី

បានផុស

នៅ

ការប្រកួតអ្នកដឹកនាំយុវជនអាស៊ាន-ចិន-ឥណ្ឌា ២០២៣ ​ក្នុងដំណាក់កាលជុំប្រទេសជាលើកដំបូងនៅកម្ពុជា បានបញ្ចប់ ជាស្ថាពរ កាលពីថ្ងៃទី២៣ ខែកញ្ញា ដោយជ្រើសរើសបាននិស្សិតខ្លាំង ៣ក្រុម ដោយរួមមាន ក្រុម AMARA ក្រុម STARGAZERS និង ក្រុម ERBEN នឹងត្រូវតំណាងកម្ពុជា ចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រលើឆាកអន្តរជាតិ នៅប្រទេស សិង្ហបុរី នាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមសិស្សនិស្សិតមកពីបណ្តាគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនជាច្រើន សិស្សនិស្សិតទាំង ១៥នាក់ ដែលស្ថិត នៅក្នុង ៣ក្រុមចុងក្រោយនេះ មិនត្រឹមតែមានឱកាសពិសេស ក្នុងការភ្ជាប់ទំនាក់ទំនងជាអន្តរជាតិនោះទេ និងមានឱកាស ស្វែងយល់កាន់តែស៊ីជម្រៅទៅលើគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់ អង្គការសហប្រជាជាតិថែមទៀតផង។

ក្នុងឱកាសពិធីប្រគល់ពានរង្វាន់ ដល់ក្រុមឆ្នើមទាំង ៣ក្រុម លោក មិល ផុនសីហា ប្រធាននាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បាន​សម្តែង​អារម្មណ៍រីករាយ និងមោទនភាពយ៉ាងខ្លាំង ​ចំពោះ​យុវជនដែល​បាន​ចូល​រួម ​ប្រកួតប្រជែង «អ្នកដឹកនាំយុវជនអាស៊ាន-ចិន-ឥណ្ឌា ២០២៣» ។

លោកមានប្រសាសន៍ថា “ខ្ញុំមានមោទនភាពចំពោះ សិស្សនិស្សិតទាំងអស់ សម្រាប់ការចូលរួម និងគំនិតដ៏ច្នៃប្រឌិត។ អ្នកទាំងអស់គ្នាបានបង្ហាញពីសក្តានុពលដ៏មិនគួរឱ្យជឿ ដែលមានក្នុងខ្លួនរបស់យុវជនយើង។ ហើយខ្ញុំមានក្តីសង្ឃឹម យ៉ាងខ្លាំង ពីព្រោះខ្ញុំឃើញអ្នកដឹកនាំជំនាន់ក្រោយ មានទឹកចិត្ត ចង់ធ្វើឱ្យប្រទេសកម្ពុជា កាន់តែប្រសើរឡើងជានិច្ច”។

ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើ ដល់យុវជនដែលត្រៀមប្រកួតតំណាងកម្ពុជាដែរថា ដំណើរនេះ ទើបតែចាប់ផ្តើមពិតមែន ប៉ុន្តែលោកជឿជាក់ថា យុវជនដែលចូលរួមប្រកួតទាំងអស់ នឹងបន្តដំណើរទៅមុខប្រកបដោយភាពភ្លឺស្វាង និងដឹកនាំ ប្រទេសជាតិ ឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់។

ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ ត្រូវបានចាត់ទុកថា ជាការបង្ហាញពីសក្តានុពល និងការប្តេជ្ញាចិត្តរបស់យុវជនកម្ពុជា ក្នុងការជំរុញការផ្លាស់ប្តូរ ជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជា។

បើតាមយុវតី សៅរ័ត្ន សុខេធិតា ជានិស្សិតមកវិទ្យាស្ថាន ខេមអេដ និងជានិស្សិតមួយរូប ដែលបានជាប់ទៅប្រកួត វគ្គផ្តាច់ព្រ័ត្រនៅប្រទេសសិង្ហបុរី បានបង្ហាញចំណាប់អារម្មណ៍ថា ពេលដែលដឹងថា បានឈានជើងទៅដល់ការប្រកួត ប្រជែងជាអន្តរជាតិ ជាមួយនឹងបណ្តាប្រទេសអាស៊ានដទៃទៀត ពិតជារំភើបរីករាយក្រែលែង ហើយយុវតីរូបនេះ ក៏បានតាំងចិត្តថា នឹងប្រឹងប្រែងឱ្យអស់សមត្ថភាព ក្នុងការប្រកួតប្រជែងនាថ្ងៃមុខនេះ។

ទន្ទឹមនេះ​ យុវជន ង៉ោ ឡុងវៃ មកពីសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ ក៏បានបង្ហាញចំណាប់អារម្មណ៍ដែរថា ការចូលរួមប្រកួតប្រជែងនេះ ធ្វើឱ្យខ្លួនទទួលបានបទពិសោធន៍ថ្មីៗជាច្រើន យល់ដឹងបន្ថែមអំពីបញ្ហាផ្សេងៗនៅក្នុងសង្គម និងទស្សនៈល្អៗ ក៏ដូចជាគំនិតច្នៃប្រឌិតរបស់ក្រុមដទៃទៀតផងដែរ។ លើសពីនេះ គឺបានយល់ច្បាស់ពីការធ្វើការងារ ជាក្រុម ក្នុងរយៈពេលដ៏ខ្លីមួយ ដើម្បីរៀបចំខ្លួនសម្រាប់វគ្គនីមួយៗ។

ចំណែកឯ យុវតី ឡាំ លីអាណ្ណា និស្សិតមកវិទ្យាស្ថានខេមអេដ អះអាងថា ខ្លួននិងសមាជិកក្រុម កំពុងត្រៀមខ្លួន ដើម្បីតំណាងកម្ពុជា ចូលរួមការប្រកួតក្នុងឆាកអន្តរជាតិ ដោយការហ្វឹកហាត់បន្ថែម ពីការធ្វើបទបង្ហាញរៀងៗខ្លួន ធ្វើយ៉ាងណាឱ្យកាន់តែ ទាក់ទាញ និងរលូន។

ក្រុមនិស្សិតទាំងអស់នេះ ស្វិតស្វាញខ្លាំងណាស់ ក្នុងការស្វែងរកព័ត៌មានផ្សេងៗ ស្រាវជ្រាវបន្ថែមពីបញ្ហា SDGs ដោយតាំងចិត្តថា នឹងបន្តរកគំនិតល្អៗ ប្លែកៗ មកបង្ហាញ ដើម្បីដោះស្រាយបញ្ហាសង្គម និងបរិស្ថាន ដើម្បីបង្ហាញថា យុវជនកម្ពុជា មានសមត្ថភាព មានគំនិតច្នៃប្រឌិត ហើយកូនខ្មែរពិតជាអាចធ្វើបាន។

គួរបញ្ជាក់ថា ការប្រកួតអ្នកដឹកនាំយុវជនអាស៊ាន-ចិន-ឥណ្ឌា ២០២៣ (ASEAN-CHINA-INDIA YOUTH LEADERSHIP SUMMIT 2023) មិនត្រឹមតែផ្តល់វេទិកាមួយ សម្រាប់យុវជនកម្ពុជា ក្នុងការបង្ហាញពីទេពកោសល្យ របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញឱ្យពួកគេមានស្មារតីទទួលខុសត្រូវ និងភាពជាអ្នកដឹកនាំបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម