ព័ត៌មានជាតិ
អ្នកជំនាញធនាគារ ៖ ការជំរុញឲ្យស្ត្រីទទួលបានទុនវិនិយោគគ្រប់គ្រាន់នឹងផ្តល់ផលប្រយោជន៍ទាំងផ្នែកសង្គមនិងសេដ្ឋកិច្ច
ភ្នំពេញ ៖ អ្នកជំនាញវិស័យធនាគារបានលើកឡើងថា ការជំរុញលទ្ធភាពឱ្យស្ត្រីទទួលបានសេវាហិរញ្ញវត្ថុបានត្រឹមត្រូវតាមគោលដៅនឹងផ្តល់ផលប្រយោជន៍ជាច្រើនទាំងផ្នែកសង្គមនិងសេដ្ឋកិច្ច។

ថ្លែងក្នុងវេទិកាប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិនភាព ស្តីពីលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រីក្នុងសម័យកាលកូវីដ១៩” នារសៀលថ្ងៃទី៤ ខែកុម្ភៈនេះ លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួត ពិនិត្យធនាគារជាតិនៃកម្ពុជាបានបន្តថា«តាមការសិក្សាជាច្រើនបានបង្ហាញថានៅពេលស្ត្រីកាន់តែច្រើនមានលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ពួកគេនឹងចូលរួមក្នុងការអភិវឌ្ឍគ្រួសារ និងសហគមន៍ច្រើនជាងបុរស តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ ការបង្កើនឱកាសអាជីវកម្ម ការសន្សំ និងការត្រៀមខ្លួនទប់ទល់នឹងបញ្ហាហិរញ្ញវត្ថុនាពេលមានអាសន្ន ដែលកត្តាទាំងនេះនឹងនាំឱ្យគ្រួសារ និងសហគមន៍របស់ពួកគេមានលទ្ធភាពច្រើនជាងមុនក្នុងការទទួលបានសេវាចាំបាច់នានា ដូចជាសេវាអប់រំ សេវាសុខភាព អនាម័យ និងទឹកស្អាត ជាដើម»។

លោក រ័ត្ន សុវណ្ណនរៈ បានបន្ថែមថា ដូចនេះការជំរុញលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងមានតម្លៃសមរម្យរបស់ស្ត្រី និងស្ត្រីជាសហគ្រិន ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិបុលភាពសង្គម និងជំរុញកំណើនប្រកបដោយបរិយាបន្ន។

លោកបានបញ្ជាក់ថា ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជា បាននឹងកំពុងសហការជាមួយភាគីពាក់ព័ន្ធ ក្នុងការសិក្សាពីលទ្ធភាពក្នុងការផ្តល់ឥណទានដោយមិនមានទ្រព្យធានា និងរៀបចំយុទ្ធនាការជាច្រើនក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្ត្រីនិងសហគ្រិនស្ត្រី ក៏ដូចជាកិច្ចការពារអតិថិជនហិរញ្ញវត្ថុ។

លោកស្រី ម៉ុន ស្រីលក្ខណ៍ ប្រធានគ្រប់ គ្រងជាន់ខ្ពស់នៃសហគ្រិនខ្មែរ បានឱ្យដឹងថាបច្ចុប្បន្ននេះស្ត្រីដែលជាសហគ្រិន តែងតែប្រឈមនឹងបញ្ហាជាច្រើនពាក់ព័ន្ធនឹងលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្មរបស់ខ្លួន ដូចជាបញ្ហាផ្នត់គំនិតបែបប្រពៃណី កង្វះព័ត៌មានអំពីសេវា និងផលិតផលហិរញ្ញវត្ថុមិនមានលទ្ធភាពក្នុងការបំពេញតាមលក្ខខណ្ឌតម្រូវនានា និងខ្វះការយល់ដឹងផ្នែកហិរញ្ញវត្ថុ។
លោកបានបន្តថា ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រជាតិ ស្តីពី “បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥” កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ដោយបានកំណត់គោលដៅ “ការបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាព កាត់បន្ថយអត្រាស្ត្រីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុឲ្យបានពាក់កណ្តាលពី ២៧% មក ១៣% និងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពី ៥៩% ទៅ ៧០% ត្រឹមឆ្នាំ២០២៥ ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពគ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ច”។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី បានបង្ហាញថា លទ្ធភាពទទួលបានឥណទានរបស់ស្ត្រីមានអត្រា៥៤ភាគរយ ខ្ពស់ជាងបុរសបន្តិចដែលមាន៤៦ភាគរយ នៃចំនួនអតិថិជនកម្ចីសរុប ប៉ុន្តែទំហំឥណទានជាមធ្យមរបស់ស្ត្រីមានកម្រិតទាបប្រមាណ ៥.១០០ដុល្លារអាមេរិក បើធៀបនឹងចំនួនឥណទានជាមធ្យមរបស់បុរសប្រមាណ ៦.៣០០ដុល្លារអាមេរិក៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ