ព័ត៌មានជាតិ
មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នឹងសហការជាមួយព្រឹទ្ធសភា ដើម្បីជួយប្រជាពលរដ្ឋទន់ខ្សោយ
ភ្នំពេញ ៖ មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នឹងសហការជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា ដើម្បីជួយប្រជាពលរដ្ឋទន់ខ្សោយដែលត្រូវអ្នកមានអំណាច មានលុយរំលោភបំពានសិទ្ធិ ដោយមិនគិតកំរៃ។
នេះបើតាមប្រសាសន៍បញ្ជាក់របស់ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តចតេជោសែន នៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងគណៈកម្មការទី១ នៃព្រឹទ្ធសភា គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា ព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ នៅវិមានព្រឹទ្ធសភា ដែលពិធីចុះអនុស្សរណៈនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន សមាជិក សមាជិកាព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាជាច្រើនទៀត។

ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តចតេជោសែនបានលើកឡើងថា ជារួមក្រោយពីបានស្វែងយល់ និងជួបពិភាក្សាគ្នាជាបន្តបន្ទាប់ ជាមួយឯកឧត្តមប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា គឺឯកឧត្តម យ៉ង់ ស៊ែម យើងបានមើលឃើញតួនាទីរវាងអង្គភាពយើងទាំងពីរ មានគោលដៅរួម ដើម្បីជួយដោះស្រាយជួយជូនប្រជាពលរដ្ឋ។ ឯកឧត្តម គី តិច បន្តថា គណៈកម្មការទី១ ព្រឹទ្ធសភា តែងតែទទួលនូវសំណូមពរ ក៏ដូចជាពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបីមូលដ្ឋាន។ ជាពិសេស គឺក្រុមស្ត្រីដែលមានភាពទន់ខ្សោយងាយរងគ្រោះ ដែលខ្វះលទ្ធភាពមិនអាចទៅរកមេធាវីការពារក្តី ការពារសិទ្ធិ។ ថ្ងៃនេះយើងបានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយគណៈកម្មការទី១ នៃព្រឹទ្ធសភា ដើម្បីសហការជួយកិច្ចការបម្រើប្រជាពលរដ្ឋ ដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់ដែរថា ព្រឹទ្ធសភាបានធ្វើការងាររបស់ខ្លួននៅតាមភូមិភាគទាំង ៨ ក្នុងទូទាំងប្រទេស តាមរយៈការជួបពិភាក្សាការងារជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភាតែងតែទទួលបាននូវសំណូមពរពីប្រជាពលរដ្ឋអំពីករណីរំលោភសិទ្ធិពីអ្នកមានអំណាច មានលុយជាបន្តបន្ទាប់ ដើម្បីពាំនាំជូនថ្នាក់លើជួយដោះស្រាយ។ ឯកឧត្តមប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បន្តទៀតថា ថ្ងៃនេះលោកមានការរីករាយណាស់ ដោយយើងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តចតេជោសែន ក្នុងគោលបំណង និងទិសដៅរួមតែមួយ គឺដើម្បីអនុវត្តច្បាប់ ការពារសិទ្ធិ និងផលប្រយោជន៍ជូនពលរដ្ឋកម្ពុជា។ ដូច្នេះការងារនេះយើងនឹងនាំយកព័ត៌មានដែលយើងទទួលបាននៅថ្ងៃនេះ ដើម្បីទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ជាពិសេសជូនក្រុមប្រឹក្សាឃុំ-សង្កាត់ និងមេភូមិ ដែលធ្វើការជាមួយប្រជាពលរដ្ឋផ្ទាល់ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានយល់ ហើយនៅពេលណាដែលមានបញ្ហាកើតឡើងត្រូវបានគេរំលោភ ខ្វះខាតលទ្ធភាពនឹងតស៊ូតាមផ្លូវច្បាប់ យើងនឹងនាំយកព័ត៌មានទាំងនោះមកទាក់ទងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនដើម្បីជួយ ដូចដែលប្រសាសន៍របស់ឯកឧត្តម គី តិច បានលើកឡើងមុននេះថា ក្រុមមេធាវីស្ម័គ្រចិត្តសម្តចតេជោសែនរបស់លោកនឹងសហការជួយកិច្ចការបម្រើប្រជាពលរដ្ឋ ដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ដែលមានជីវភាពទន់ខ្សោយងាយរងគ្រោះ ជាស្ត្រីដោយមិនមានយកលុយយកកាក់។
បើតាមការបញ្ជាក់ពីឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តចតេជោសែនបានឲ្យដឹងថា កន្លងមកក្រុមមេធាវីស្ម័គ្រចិត្តសម្តចតេជោសែនរបស់លោក បានជួយដោះស្រាយបណ្តឹងជូនប្រជាពលរដ្ឋទន់ខ្សោយបានជាច្រើនករណីមកហើយ ដោយមិនយកលុយយកកាក់អីទេ ក្នុងនោះភាគច្រើនក្នុងជម្លោះដីធីដែលត្រូវអ្នកមានអំណាច អ្នកមានលុយរំលោភបំពានប្រជាពលរដ្ឋទន់ខ្សោយ៕
ដោយ ៖ ប៉ាល់សុង


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី