ព័ត៌មានជាតិ
នាយកប្រចាំតំបន់អង្គការស្បៀងអាហារពិភព លោក ប្តេជ្ញាពង្រឹងកិច្ចសហការជាមួយកម្ពុជា ដើម្បីធានាប្រព័ន្ធស្បៀង
ក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, នាយកប្រចាំតំបន់អង្គការកម្មវិធីស្បៀងអាហារពិភពលោក បាន ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទរបស់កម្ពុជា និងអង្គការកម្មវិធីស្បៀងអាហារពិភពលោកឱ្យកាន់តែស៊ីជម្រៅថែមទៀត សំដៅធានាប្រព័ន្ធស្បៀងប្រកបដោយចីរភាព។

ជំនួបពិភាក្សាការងារជាមួយលោក អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការគណៈរដ្ឋមន្ត្រី លោក John Aylieff នាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការកម្មវិធីស្បៀងអាហារពិភពលោក វាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងការសម្របសម្រួលកិច្ចការក្នុងវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ របស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។
លោកនាយកប្រចាំតំបន់ បានលើកឡើងថា ការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភនេះ ជាការងារអន្តរវិស័យមានភាពស្មុគស្មាញដែលទាមទារការដឹកនាំដ៏ប៉ិនប្រសប់ដូចដែលក្រុមប្រឹក្សា បានធ្វើកន្លងមក ក្នុងការប្រមូលនូវគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចឱ្យបាននូវគោលដៅរួមមួយ ស្របតាមយុទ្ធសាស្រ្តជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោកទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏យូរលង់រវាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទរបស់កម្ពុជា និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក ដែលបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងនូវតួនាទីដ៏មានសារសំខាន់របស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក ក្នុងចលនាបង្កើនអាហារូបត្ថម្ភ និងការបង្កើតឱ្យមានបណ្តាញធុរកិច្ចសម្រាប់ចលនាបង្កើនអាហារូបត្ថម្ភនេះ។
លោក បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់អង្គការស្បៀងអាហារពិភពលោក ក្នុងការងារស្រាវជ្រាវ និងវិភាគ ដែលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងការធ្វើ សេចក្តីសម្រេចចិត្តផ្សេងៗ ការចូលរួមកិច្ចសន្ទនាសកលស្តីពីប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ ក្នុងបរិបទការប្រែប្រួលអាកាសធាតុ និងការតាក់តែងនូវផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាព។

ស្ថិតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ក៏បានស្នើសុំឱ្យអង្គការស្បៀងអាហារពិភពលោក បន្តគាំទ្រដំណើរការតាក់តែងយុទ្ធសាស្រ្តជាតិលើកទី៣ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ព្រមទាំងការធ្វើនូវគ្រោងចំណាយសម្រាប់អនុវត្តយុទ្ធសាស្រ្តជាតិនេះ។ ជាកិច្ចឆ្លើយតប លោក John Aylieff បានឯកភាពចំពោះសំណើនេះ ហើយប្តេជ្ញានឹងពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


