Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់​២១នាក់​ ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ភោជនីយ​ដ្ឋាន​មួយកន្លែង នៅ​ឥណ្ឌា

បានផុស

នៅ

គិត​ត្រឹម​​ម៉ោង​នេះ​​​ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ ២១នាក់​ស្លាប់​ នៅ​ក្នុងអគ្គិភ័យ​ដែល​ឆាបឆេះភោជនីយ​ដ្ឋាន​មួយកន្លែង​ ក្នុង​រដ្ឋធានីញូវដេលី ប្រទេស​ឥណ្ឌានៅ​ព្រឹកថ្ងៃ​ពុធ។

ក្រុមពន្លត់អគ្គិភ័យ​កុ្រង​ញូវ​ដេលី​ បាន​​ឲ្យ​ដឹង​​ថា ពួកគេបាន​ប្រញាប់ប្រញាល់​យក​រថយន្ត​ពន្លត់អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅកាន់​ភោជនីយដ្ឋាន Lemon Green នៅ​សង្កាត់ Malviya Nagar ដ៏​មមាញឹក​ក្នុង​តំបន់ South Delhi បន្ទាប់​ពីទទួល​បាន​​ការហៅទូរស័ព្ទ​អំពីអគ្គិភ័យ​នៅ​ម៉ោង​ប្រហែល ៩:៤៥នាទី​ព្រឹក។

យោង​តាមទីភ្នាក់ងារសារព័ត៌​មាន PTI ​ដែលដកស្រង់ផ្សាយ​បន្ត​ដោយ​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យ​ទ័រ នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ ២០២៦ មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យ បាន​​និយាយថា មនុស្ស ៤០នាក់​ ត្រូវបានជួយសង្គ្រោះ​ចេញពីអគារ​ច្រើន​​ជាន់ហើយ​​បញ្ជូនទៅមន្ទីរពេទ្យ​ ដើម្បីព្យាបាល​​។

អ្នក​ពន្លត់​អគ្គិភ័យ​កំពុង​ពន្លត់​ភើង​ឆេះ​នៅ​ឥណ្ឌា។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​​បន្ថែម​​ទៀត​ថា រថយន្ត​​ដឹក​​ទឹកធុន​តូច​​​ពីរ​​គ្រឿង ធុន​ធំ​​ពីរ​គ្រឿង រថយន្ត​ឆ្លើយតប​រហ័ស​​មួយ​គ្រឿង និង​អង្គភាព​ពន្លត់​អគ្គិភ័យ​ផ្សេងៗ​ទៀត​បាន​​ប្រញាប់ប្រញាល់​​ ដើម្បី​ទប់ស្កាត់​អគ្គិ​ភ័យ​នេះ។

មូលហេតុ​នៃ​អគ្គិភ័យ ​​​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​នៅ​ឡើយ​ទេ​។

លោក Somnath Bharti អតីតសមាជិក​សភាបង្ហោះ​លើ​បណ្តាញ​សង្គម​ X អះអាងថា៖ « ភាគច្រើនជាជនជាតិ​អាហ្វ្រិកខាងត្បូង ត្រូវ​បាន​គេរកឃើញ​ថាស្លាប់ ទោះបីជារឿងនេះ​មិនទាន់ត្រូវបាន​បញ្ជាក់​ដោយមន្ត្រី​ក៏ដោយ​»។

យ៉ាង​ណា ប៉ូលិសមិនទាន់កំណត់អត្តសញ្ញាណ​ជនរងគ្រោះណា​មួយ​ ឬបញ្ជាក់ថាតើជនជាតិបរទេស​ស្ថិតក្នុងចំណោមអ្នកស្លាប់​ នៅក្នុង​អគ្គិភ័យនោះ​ឬ​អត់ទេ។

យោង​តាម​កាសែត Times of India ដក​ស្រង់​សម្តី​ លោក Jitendra Kumar ជា​ចៅ​ក្រម និយាយ​​ថា៖ « មូលហេតុ​ពិតប្រាកដនៃអគ្គិភ័យ​ នៅមិនទាន់ដឹងនៅ​ឡើយទេ ប៉ុន្តែវា​ទំនងជាថាអគ្គិភ័យនេះ​មានប្រភពមក​ពីភោជ​នីយដ្ឋានផ្ទាល់​។ មនុស្សមួយចំនួន​មកពីជាន់​ខាងលើ​ បាន​លោត​ចេញពីអគារ​ មក​លើពូកដែល​ដាក់​នៅលើផ្លូវ​ដោយអ្នកស្រុក»​។

លោកស្រី Rekha Gupta ចៅ​ហ្វាយ​ក្រុង​ញូវ​ដេលី សម្តែង​អារម្មណ៍​ស្តោក​ស្តាយ​ ចំពោះ​អ្នក​ស្លាប់​ក្នុងហេតុការណ៍ដ៏​ក្រៀម​ក្រំ​​នេះ​។ លោក​ស្រី​ថា ៖ « រដ្ឋាភិបាល​​ញូវ​ដេលី​កំពុង​​តាមដាន​ស្ថានការណ៍​​យ៉ាង​​ដិតដល់។ ជំនួយ​និង​ការគាំទ្រ​ផ្នែក​វេជ្ជសាស្ត្រ​ចាំបាច់​ទាំងអស់​ ​កំពុង​​ត្រូវ​បាន​ផ្តល់​ដល់​​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់»៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម