ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ចេញវិធានការបន្ថែម សាលារៀន នឹងត្រូវបិទ ខណៈការរីករាលដាល នៃជំងឺកូវីដ-១៩ ចេះតែកើនឡើង
ការដាក់ចេញនូវវិធានការបន្ថែមនេះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងតាមរយៈសារជាសំឡេង ដែលត្រូវបានផ្សព្វផ្សាយនាយប់នាព្រលប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កាលពីថ្ងៃទី២០ ខែកុម្ភៈ សម្ដេចមិន បានកំណត់ឲ្យប្រកាន់យកនូវវិធានការតឹងតែងនោះទេ ដោយរង់ចាំពិនិត្យតាមដានមើលព្រឹត្តិការណ៍ជាបន្តបន្ទាប់ទៀត ប៉ុន្តែរយៈពេលពី២-៣ ថ្ងៃនេះ ចំនួនឆ្លងនៅតែបន្ត ចំនួនទីកន្លែងដែលត្រូវបិទ និងស្រាវជ្រាវ ក៏កាន់ តែមានការលំបាក បូក រួមដោយការរាយប៉ាយនៃបញ្ហា ដែលតម្រូវឲ្យយើងប្រកាន់ យកនូវវិធានការចាំបាច់មួយចំនួន ដែលក្នុងនោះវិធានការទីមួយ ត្រូវបានស្នើឡើងដោយរដ្ឋមន្ត្រីក្រសួងអប់រំ ដោយសុំបិទសាលារៀនទាំងនៅភ្នំពេញ និងខេត្តកណ្ដាលចំនួនពីរសប្តាហ៍យ៉ាងតិច ដែលនេះ គឺជាវិធានការ ដើម្បីឆ្លើយតបសម្រាប់គ្រូបង្រៀន សិស្សានុសិស្ស និស្សិត នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ហើយត្រូវធ្វើទាំងសាលារដ្ឋ និងឯកជន។ វិធានការនេះ ក្រសួងអប់រំ នឹងប្រកាសនៅពេលបន្តិច ទៀតនេះ។
ជាមួយគ្នានោះសម្ដេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលត្រូវរៀបចំមង្គលការទាំងឡាយ ប្រសិនបើអាចពន្យារបាន គឺត្រូវពន្យារ ហើយប្រសិនបើ មិនអាចពន្យារទេ ត្រូវកាត់បន្ថយមនុស្សឲ្យនៅតិចបំផុតតាមដែលអាចធ្វើទៅបាន។ នេះគឺជាវិធានការ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាល ពីព្រោះមកដល់ពេលនេះ ទំហំនៃការរីករាលដែលកាន់តែធំទៅៗ ហើយមុខសញ្ញាដែលត្រូវឃុំគ្រងកាន់តែច្រើន។ សម្ដេចយល់ហើយថា ការរើសពេលវេលាក្នុងការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍កូន ប្រុសកូនស្រីពិតជាលំបាក ប៉ុន្តែស្ថិតនៅក្នុងដំណាក់កាលនេះ បើអាចពន្យារបាន គឺត្រូវតែពន្យារ ហើយប្រសិនបើមិនអាច ត្រូវកាត់បន្ថយមនុស្សចូលរួម ដើម្បីរក្សានូវវិធានការរបស់សុខាភិបាល គឺការរក្សាគម្លាតសុវត្ថិភាព។
ជាមួយនឹងការអំពាវនាវខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងឡាយត្រូវសហការ ដែលក្នុងនោះ មានអ្នករត់តាក់ស៊ី រត់ម៉ូតូឌុប រត់កង់បី ដែលពាក់ព័ន្ធក្នុងបញ្ហានេះត្រូវយកសំណាក និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។ សម្ដេចក៏បានអង្វរករដល់ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ ប្រសិនបើគ្មានការចាំបាច់កុំចេញខាងក្រៅផ្ទះ ដើម្បីជៀសវាងការឆ្លង ក៏ដូចជាការរីករាលដាល ដែលមើលមិនឃើញ។ សម្ដេចបន្តថា ការរីករាលដាលនៅក្នុងដំណាក់កាលនេះ អាចនិយាយបានថា មានការលំបាកជាងព្រឹត្តិការណ៍មុនៗ ហើយសម្រាប់តាមស្ថាប័នផ្សេងៗ ដែលមានកិច្ចប្រជុំ បើអាចពន្យារបានក៏ត្រូវពន្យារ ហើយបើពន្យារមិនបានត្រូវធ្វើតាមអនឡាញ។ ជាមួយគ្នានោះសម្ដេច នឹងពិភាក្សាជាមួយសម្ដេចក្រឡាហោម ស ខេង ដើម្បីលុបចោលនូវកម្មវិធីសម្ពោធសណ្ឋាគារមួយនាពេលខាងមុខ។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា នឹងមិនបិទចំពោះសកម្មភាពសេដ្ឋកិច្ចនានា ដូចជារោងចក្រ សហគ្រាស អាហារដ្ឋានជាដើមនោះទេ ប៉ុន្តែត្រូវយកចិត្តទុកដាក់រក្សាគម្លាតសុវត្ថិភាពឲ្យបានហ្មត់ចត់ជាទីបំផុត ហើយសម្ដេចនៅតែប្រគល់អំណាចឲ្យអាជ្ញាធរ ដើម្បីបិទនូវភោជនីយដ្ឋាន អាហារដ្ឋាន ឬទីតាំងលក់ដូរណាមួយដែលមិនគោរពតាមវិធានសុខាភិបាល។ ពិតណាស់ហើយថា វាជាការលំបាក ប៉ុន្តែវាជាករណីចាំបាច់ដែលត្រូវធ្វើ ដោយខានមិនបាន។
សម្ដេចតេជោក៏បានប្រាប់ឲ្យអភិបាលរាជធានីភ្នំពេញ បន្តចែកម៉ាសទៅដល់ប្រជាពលរដ្ឋរដ្ឋនៅតាមផ្សារ ឬនៅតាមទីកន្លែងការងារមួយចំនួនទៀត ដែលការខ្វះម៉ាស់សម្រាប់ប្រើប្រាស់។
បើតាមសម្ដេចតេជោ ផ្អែកទៅលើសំណាកដែលយកបានពីអ្នកពាក់ព័ន្ធជាច្រើន មកដល់ពេលនេះសំណាក់នៅច្រើនណាស់ ហើយនៅល្ងាចនេះយើងរកឃើញ១៣ ករណីបន្ថែមទៀត ដូច្នេះការឆ្លងគ្រាន់តែរយៈពេល៣ ថ្ងៃប៉ុណ្ណោះ ឡើងជិត១០០នាក់ទៅហើយ ដែលជាចំនួនមួយមិនធ្លាប់មាន ចាប់តាំងពីកម្ពុជា មានមេរោគកូវីដ១៩នេះ។
ប្រមុខរាជរដ្ឋាភិបាល ក៏បានស្នើឲ្យប្រជា ពលរដ្ឋនៅតាមខេត្តនានា ដែលមានបំណងធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ត្រូវពន្យារពេលជាបណ្ដោះអាសន្នសិន ដើម្បីជៀសវាងការកកស្ទះចរាចរណ៍ ដែលជាមូលហេតុមួយក្នុងចំណោមមូល ហេតុជាច្រើនទៀត នៃការចម្លងមេរោគកូវីដ១៩។ ជាមួយគ្នានោះ សម្ដេចក៏បានប្រាប់ឲ្យបញ្ជូនសាររបស់សម្ដេចនេះបានទៅដល់ប្រជាពលរដ្ឋ ព្រះសង្ឃ នៅរាជធានីភ្នំពេញ ក៏ដូចជាខេត្តកណ្ដាល និងនៅទូទាំងប្រទេស។ សម្តេចបញ្ជាក់ថា ពិតជាមានការទើសទាល់ចំពោះវិធានការនេះ ប៉ុន្តែសម្ដេចមិនមានជម្រើសណាក្រៅពីនេះឡើយ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី